ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្មេងប្រុសម្នាក់ រត់គេចពីសមត្ថកិច្ចបង្រ្កាបគ្រឿងញៀន ផ្លោះរបង ដៃកាន់ចំខ្សែភ្លើង ឆក់ស្លាប់

117


ភ្នំពេញ ៖ ក្មេងប្រុសម្នាក់បានស្លាប់នៅជាប់លើរបង ក្បែរបង្គោលអគ្គីសនី កាលពីវេលាម៉ោងប្រហែល៣រសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ នៅចំណុចរបងផ្ទះដីឡូតិ៍ ចាក់សោ ជាប់បណ្តោយផ្លូវ២៧១ ក្បែរក្រុមហ៊ុនភីស្សា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្មេង​ប្រុស​រង​គ្រោះ​ខាងលើ​មានឈ្មោះ ឆ​ន មុនី អាយុ​១៤​ឆ្នាំ មុខរបរ​ជា​សិស្ស ស្នាក់​នៅផ្ទះ​ជួល ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក​។ ក្មេង​ប្រុសនេះ ​បាន​ស្លាប់​នៅ​លើ​របង​ទ្វារផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង បន្ទាប់​ពី​រូបគេ​បាន​ផ្លោះ​របង​ចូល​តាម​របង​ក្រោយ​ផ្ទះ ហើយ​ផ្លោះ​ចេញ​មក តាម​របង​ខាង​មុខ មិន​បាន​ប្រយ័ត្ន​ក៏​ជ្រុល​យកដៃ​ទៅ​ប៉ះ​នឹង​បង្គោល​ភ្លើង​មួយ​ដើម​ធំ ដែល​កំពុង​ឆ្លង ចរន្ត​ស្រាប់ បណ្តាល​ឲ្យ​ឆក់​ស្លាប់​តែ​ម្តង​។
តាម​ការ​ពិនិត្យ​ជាក់ស្តែង​ឃើញ​ថា សព​ជន​រង​គ្រោះ គឺ​ត្រូវ​ស្លាប់​ដោយសារ​ឆ្លង​ចរន្ត​ភ្លើង​ប្រាកដ​មែន ដោយ​រូបគេ​បាន​យកដៃ​ឲ្យ​ប៉ះ​នឹង ដែក​រុំ​ព័ទ្ធ​បង្គោល​ភ្លើង ដែល​កំពុង​មាន​ចរន្ត​ភ្លើង​ឆ្លង​ចេញពី​កាប៊ី​ន​ភ្លើង​មក​ផង​ដែរ ទើប​បណ្តាល​ឲ្យ​ឆ្លង​បន្ត​ទៅ​កាន់​រូបគេ រហូត​ត្រូវ​ឆក់​ស្លាប់​នៅ​លើ​មាត់​ទ្វាររបង​តែ​ម្តង​។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា នៅ​ចំណុច​ខាងលើ​ផ្ទះ​កើតហេតុ គឺជា​មាត់​ប្រឡាយ​លូ និង​ជា​តំបន់​ប្រមូលផ្តុំ​ដោយ​ក្រុម​ក្មេង​ៗ​ប្រើប្រាស់​ថ្នាំ​ញៀន​ផង​ដែរ ហើយ​នៅ​វេលា​ខាងលើ គឺ​មានការ​ចុះ​បង្ក្រាប​គ្រឿងញៀន​ពី​សំណាក់​សមត្ថកិច្ច​ជំនាញ ជា​ហេតុ​នាំ​ឲ្យ​ជន​រង​គ្រោះ​ដែល​កំពុង​មាន​វត្ត​មាននៅ​ទីនោះ មានការ​ភ័យ​ស្លន់ស្លោ ខ្លាច​សមត្ថកិច្ច​ចាប់​រូបគេ​ដែរ​នោះ ក៏​ព្យាយាម​លោត​ចូល​ទឹក​ប្រឡាយ​លូ ហែល​ឆ្លង​មក​ខាងក្រោយ​ផ្ទះ​កើតហេតុ​។

ហើយ​ផ្លោះ​តាម​ទ្វាររបង​ខាងក្រោយ រួច​ផ្លោះ​ឡើង​តាម​ទ្វាររបង​ខាង​មុខ​វិញ​ដើម្បី​រត់គេច​ខ្លួន តែ​អកុសល ពេល​ឡើង​ទៅ​ដល់ ក៏​ត្រូវ​ប៉ះ​នឹង​បង្គោល​ភ្លើង​ដែល​កំពុង​ឆ្លង​ចរន្ត​ភ្លើង​ផង​នោះ ត្រូវ​ឆក់​រហូត​បាត់​បង់ជីវិត​តែ​ម្តង​ទៅ​។ ដោយឡែក​ប្រភព​ផ្សេង​ទៀត បញ្ជាក់​ថា នៅ​មុន​ពេល​កើតហេតុ គេ​ស​ង្គេ​ត​ឃើញ​ជន​រង​គ្រោះ រត់​លេង​ធម្មតា​ទេ តែ​ដោយសារ​ពេល​នោះ​រូបគេ​បាន​ព្យ​យាម​រត់គេច​ពី​សត្វ​ឆ្កែ​ធំ​ៗ​មួយ​ហ្វូង ជា​ហេតុ​នាំ​ឲ្យ​រូបគេ​ត្រូវ​បង្ខំចិត្ត​ផ្លោះ​របង​ចូល​ទៅ​ក្នុងផ្ទះ​គេ ហើយ​ផ្លោះ​ចេញ​មក​វិញ​ត្រូវ​ឆក់​ស្លាប់​តែ​ម្តង​ទៅ ។

ក្មេងប្រុសរូបនោះ ជាកូនប្រុសធម៌របស់អ្នកនាង ស៊ូ សារ៉ា ប្រធានក្រុមតារាបង្ហាញម៉ូត (Pop Model Cambodia) ។បន្ទាប់ពីហេតុការណ៍នេះមានការភ្ញាក់ផ្អើលរួច កម្លាំងសមត្ថកិច្ចបានទាក់ទងទៅក្រុមគ្រួសារសាច់ញាតិមកទទួល ។ អ្នកនាង ស៊ូ សារ៉ា ក្រោយពីបានឃើញ សភាពសពជនរងគ្រោះក៏យំស្រែកបោកខ្លួនដង្ហោយហៅកូនអោយត្រឡប់មកវិញ។

យោងតាមប្រភពពីអ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុននិងមានការភ្ញាក់ផ្អើល គេបានឃើញកម្លាំងសមត្ថកិច្ចមួយក្រុម បានចុះមកទីតាំងខាងលើ មួយសន្ទុះមកក៏ស្រាប់តែជនរងគ្រោះខាងលើ មិនដឹងរត់ចេញពីកន្លែងណា ថែមទាំងខោរអាវសើមទទឹកជោក បានរត់ស្រវ៉េរស្រវ៉ា ស្ទុះមកប្លោះទ្វាររបងផ្ទះគេដែលបានចាក់សោជាប់ ស្រវ៉ាប្រឹងឡើង ស្រាប់តែរអិលជើង លូកទាញខ្សែភ្លើងដាច់ឆក់ស្លាប់មួយរំពេច។

ក្រោយកើតហេតុ សពត្រូវបានសមត្ថកិច្ច ផ្នែកកោសល្យវិច័យ ធ្វើការត្រួតពិនិត្យសពយុវជនវ័យ១៤ឆ្នាំខាងលើ មានប្រើប្រាស់សារធាតុញៀនខ្លាំងថែមទៀតផង ទើបសមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា យុវជនខាងលើអាចស្លាប់ បណ្តាលមកពីការប្រើប្រាស់ថ្នាំញៀន រហូតវង្វេងស្មារតី បណ្តាលឲ្យបែកអារម្មណ៍ ភ័យរត់គេចខ្លាចសមត្ថកិច្ចចាប់ខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង