ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ជួបតំណាងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប, កម្ពុជាគ្មានបំណង តបតបង្កការលំបាក ដល់ក្រុមហ៊ុនអ៊ឺរ៉ុបទេ ទោះបីមានការគំរាម ដក EBA ក៏ដោយ

381


នៅថ្ងៃទី ១៨ តុលា ព្រឹកមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក ម៉ាទីន ហេយ តំណាងក្រុមប្រឹក្សា ធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប និងជាប្រធានក្រុមហ៊ុនបុសស៍ (Bosch) ប្រចាំអាស៊ីអាគ្នេយ៍។ លោកបានជំរាបជូនសម្តេចតេជោថា ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន – សហភាពអឺរ៉ុប មានគម្រោងដឹកនាំក្រុមហ៊ុនមួយចំនួន ទៅបំពេញទស្សនកិច្ចនៅកម្ពុជានាឆ្នាំ២០១៩ ដើម្បីណែនាំក្រុមហ៊ុននៅអឺរ៉ុបមួយចំនួនធំ ថែមទៀតទៅវិនិយោគក្នុងប្រទេសកម្ពុជា។ ព្រោះក្រុមធុរកិច្ចអ៊ឺរ៉ុបមានជំនឿនិងទុកចិត្តកម្ពុជា ហើយមានបំណងមកវិនិយោគនៅកម្ពុជារយៈពេលវែង។ លោកបានបញ្ជាក់លើ២ចំណុចសំខាន់ៗនៅកម្ពុជាគឺៈ
១)ដឹកនាំគណៈប្រតិភូធុរកិច្ចអ៊ឺរ៉ុបទៅប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគរយៈពេលវែង
២)ជួយគាំពារលើផ្នែកសុវត្ថិភាពចរចរណ៍នៅក្នុងប្រទេសកម្ពុជា ដោយប្រើបច្ចេកវិទ្យា ABS ដែលជាបច្ចេកវិទ្យាដ៏ល្អរបស់ក្រុមហ៊ុន BOSHC សម្រាប់យានយន្តគ្រប់ប្រភេទ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានស្វាគមន៍នូវ កិច្ចសហប្រតិបត្តិការល្អរវាងក្រុមប្រឹក្សាធុរកិច្ចអ៊ឺរ៉ុបនិងកម្ពុជាមកទល់ពេលនេះ។ សម្តេចតេជោរីករាយស្វាគមន៍ចំពោះ គម្រោងទៅទស្សនៈកិច្ចនៅកម្ពុជា រួមទាំងគម្រោងជួយទប់ ស្កាត់គ្រោះថ្នាក់ចរណ៍ផងដែរ។ សម្តេចតេជោ បានស្នើអោយពិភាក្សាលំអិត បន្ថែមជាមួយក្រសួងសាធារណៈការរបស់កម្ពុជាលើផ្នែកសុវត្ថិភាពនេះ។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបាន អញ្ជើញក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុបទៅចូលរួមនៅក្នុងកិច្ចប្រជុំអាស៊ីអឺរ៉ុប (ASEM) ក្នុងឆ្នាំ២០២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថាការពិភាក្សារវាងអាស៊ាន និងសហភាពអឺរ៉ុប ជាមួយកម្ពុជា គឺមិន មែនត្រឹមតែការពិភាក្សា លើបញ្ហានយោបាយនោះទេ គឺយើងពិភាក្សាគ្នាផងដែរទៅលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ សម្តេចតេជោ បានជម្រាបផងដែរថាកន្លងមកមាន ប្រទេសមួយចំនួនក្នុងសហភាពអឺរ៉ុប បានធ្វើការគំរាមដល់កម្ពុជា និងសហភាពមីយ៉ាន់ម៉ារ ក្នុងការដកចេញនូវ “ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (Everything But Arms- EBA) ដោយសំអាងលើហេតុផលមួយចំនួន។ សម្តេចតេជោ បានបញ្ជាក់ថាកន្លងមក EU ក៏បានជួយដល់កម្ពុជាយ៉ាងច្រើន ព្រោះចង់ឃើញកម្ពុជារីកចម្រើន។ ប៉ុន្តែប្រសិនជា EU សំរេចដកចេញ EBA គឺហាក់បីដូចជា EU បោះ បង់ចោលនូវអ្វីៗដែលខ្លួនបានខិតខំធ្វើកន្លងមកនៅកម្ពុជា។ ដូច្នេះសូមអោយ សហភាពអ៊ឺរ៉ុបមិនសម្រេចអ្វី គឺត្រូវពិនិត្យគ្រប់ជ្រុងជ្រោយ ហើយស្តាប់ចំពោះមតិយោបល់ក្រុមអ្នកធុរកិច្ចនៅអ៊ឺរ៉ុបផងដែរ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍សង្កត់ធ្ងន់ថា សម្តេចមិនចង់ឃើញ ប្រទេសប្រជាធិបតេយ្យមួយចំនួនដែលបានប្រព្រឹត្តនូវកំហុស២លើករួចមកហើយ បន្តប្រព្រឹត្តិកំហុសជាលើកទី៣មកលើកម្ពុជាទៀតឡើយ។ កំហុសលើកទី១ គឺកាលពីអតីតកាលក្នុងទសវត្សឆ្នាំ ៧០ ដែលមានប្រទេសប្រជាធិបតេយ្យមួយចំនួន នៅអ៊ឺរ៉ុបបានគាំទ្ររដ្ឋប្រហារយោធា នៅក្នុងប្រទេសកម្ពុជា ដែលបាននាំមកនូវសង្រ្គាមវិនាសកម្ម និងការបំផ្លិចបំផ្លាញដល់កម្ពុជា។ កំហុសទី២ គឺប្រទេសប្រជាធិបតេយ្យមួយចំនួននោះ បានគាំទ្ររបបខ្មែរ ក្រហមជាង១ទសវត្ស រួមទាំងការពារកៅអីខ្មែរក្រហមនៅអង្គការសហប្រជាជាតិ (UN) ដែលរបបនេះបានសម្លាប់មនុស្សអស់ជាង៣លាននាក់។ ប្រទេសប្រជាធិបតេយ្យទាំងនោះ គឺពួកគេមិនមានអ្វីសោកស្តាយចំពោះ ការបាត់បង់របស់កម្ពុជានាពេលកន្លងមកឡើយ។ ហើយប្រសិនបើមានកំហុសទី៣ មែន ក៏ពួកគេនៅតែគ្មានមនោសញ្ចតនា សោកស្តាយជាមួយកម្ពុជាដែរ។ ដូច្នេះសូមកុំអោយមានកំហុសទី៣ កើតឡើងចំពោះកម្ពុជាជាបន្តទៀត ព្រោះមិនមែនប្រទេសទាំងនោះជាអ្នក ដែលត្រូវទទួលរងនូវភាពខ្លាចផ្សាទាំងនោះទេ គឺពលរដ្ឋកម្ពុជា ជាអ្នកដែលត្រូវទទួលរងនូវការឈឺចាប់ និងវិនាសហិនហោច។

ឥឡូវនេះយើងបានដឹងហើយអំពីសភាពការណ៍ពិតរបស់កម្ពុជា សហភាពអ៊ឺរ៉ុបខ្លួនឯង គឺត្រូវស្តាប់តាមមតិរបស់ក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុបខ្លួនឯងផ្ទាល់ តើពួកគេពេញចិត្តវិនិយោគនៅកម្ពុជាដែរទេ។ គឺមិនត្រូវដាក់ការកៀបសង្កត់ណាមួយ ដែលដែលប្រាស់ចាកការពិតប្រឆាំងនឹង បំណងប្រាថ្នារបស់ពលរដ្ឋកម្ពុជា និងអ្នកវិនិយោគគិនគិនអ៊ឺរ៉ុបឡើយ ព្រោះល័ក្ខខ័ណ្ឌការងារ ប្រាក់ខែ និងផលប្រយោជន៍បុគ្គលិកកម្មករ ជាពិសេសកម្មការនីក៏កាន់តែប្រសើរឡើង។

លោកអនុប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ានសហភាពអឺរ៉ុប ដែលមានក្រុមហ៊ុនអឺរ៉ុបប្រមាណ៤០០ក្រុម ហ៊ុន បានចាត់ទុកថា ប្រសិនជាមានការដកចេញនូវពន្ធអនុគ្រោះ EBA ពីកម្ពុជាមែននោះ វានិងធ្វើឲ្យ បះពាល់ដល់បណ្តាក្រុមហ៊ុនធុរកិច្ចមកពី EU។ តាមរយះរបាយការណ៍នេះ តំណាងធុរកិច្ច EU-Asean និងជួបពិភាក្សាដោយផ្ទាល់ជាមួយ តំណាងក្រុមប្រឹក្សាអឺរ៉ុបលើបញ្ហានេះ ព្រោះវានឹងធ្វើអោយប៉ះពាល់ ខាតបង់នូវផលប្រយោជន៍ក្រុមហ៊ុនអ៊ឺរ៉ុបជាច្រើនដែលកំពុងវិនិយោគនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់សារជាថ្មីថា ទោះបីច្បាប់វិនិយោគ និងពាណិជ្ចកម្មនៅកម្ពុជាមានការកែលម្អមួយចំនួនក្តី គឺមិនអោយប៉ះពាល់ដល់ការបណ្តាក់ទុន របស់ក្រមហ៊ុនទាំងឡាយនៅកម្ពុជាទេ គឺមានតែធ្វើអោយប្រសើឡើងចំពោះ ការវិនិយោគរយៈពេលវែងនៅទីនោះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជូននៅមុខពាណិជ្ជករ វិនិយោគគិន និងមន្រ្តីសំខាន់ៗមកពី ក្រុមប្រឹក្សាធុរកិច្ចអាស៊ានសហភាពអ៊ឺរ៉ុបថា ទោះបីសហភាពអ៊ឺរ៉ុបមានបំណងដាក់ទណ្ឌកម្មដក EBA ពីកម្ពុជាយ៉ាងណាក្តី ក៏កម្ពុជាមិនសងសិកទៅលើក្រុមហ៊ុនមកពីសហគមអ៊ឺរ៉ុប ឬមកពីបណ្តាប្រទេសដទៃអោយ មានការពិបាកឬទទួលការខាតបង់ ដោយសារការសម្រេចចិត្តមិនត្រឹមត្រូវរបស់សហភាពអ៊ឺរ៉ុបដែរ គឺសម្តេចតេជោ សុំធានាមិនអោយកើតមានឡើយ ប៉ុន្តែធានាការពារនូវផលប្រយោជន៍ ហើយសម្តេចតេជោសូមអញ្ជើញក្រុមហ៊ុនអ៊ឺរ៉ុប ទៅវិនិយោគអោយកាន់តែច្រើនឡើងថែមទៀត នៅប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ក្នុងករណីដែលសហភាពអ៊ឺរ៉ុបសម្រេចជាផ្លូវការដក EBA ពីកម្ពុជា គឺទីផ្សារអ៊ឺរ៉ុបនៅតែបើកចំហរសម្រាប់កម្ពុជាដដែល។ ប៉ុន្តែគ្រាន់តែមានបន្ថែមតម្លៃពន្ឋដារមួយចំនួនប៉ុណ្ណោះ។ កម្ពុជាត្រូវតែខិតខំកសាងអភិវឌ្ឍន៍ខ្លួន អោយរួចចផុតពីភាពក្រីក្រដើម្បីមាន កម្លាំងសេដ្ឋកិច្ចរឹងមាំ នៅពេលនោះហើយ EBA ក៏នឹងត្រូវដកចេញជាស្វ័យប្រវត្តិ។ ការផ្តល់នូវប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (EBA) គឺសម្រាប់ប្រទេសក្រីក្រក្នុងការនាំយកផលិតផល និងទំនិញនានាមកកាន់ទីផ្សា EU ដោយមានការអនុគ្រោះពន្ឋ ហើយមិនអាចផ្តល់ជូនជារៀងរហូតនោះបានឡើយ៕

អត្ថបទដែលជាប់ទាក់ទង