ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោម ស ខេង ជួបសំណេះសំណាលជាមួយគ្រូបង្វឹក កីឡាករ កីឡាការិនី នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលត្រៀមចេញទៅប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ នៅប្រទេសកាណាដា

40

 

ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រូបង្វឹក កីឡាករ កីឡាការិនី នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃដែលត្រៀមចេញទៅប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police and Fire Games 2023) នៅប្រទេសកាណាដា។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម ឧត្ដមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហម និងអង្គពិធីថាឯកឧត្តមនឹងដឹកនាំប្រតិភូកីឡាក្រសួងមហាផ្ទៃចំនួន៤៨នាក់ ធ្វើដំណើរទៅប្រទេសកាណាដា ដើម្បីចូលរួមព្រឹត្តិការណ៍កីឡាកម្រិតពិភពលោកនេះ ដែលកម្មវិធីប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី២៨ ខែកក្កដា រហូតដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣។

ឯកឧត្តមបានឱ្យដឹងថា ការរៀបចំកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក គឺដើម្បីបង្ហាញពីសាមគ្គីភាព សមត្ថភាព និងទេព្យកោសល្យរបស់កងនគរបាលនៃប្រទេសនីមួយៗ និងតែងតែមានប្រទេសជាង៧០ បានចាត់បញ្ជូនប្រតិភូកីឡាចូលរួមរៀងរាល់ការប្រកួត ហើយប្រទេសកម្ពុជាធ្លាប់បានបញ្ជូនប្រតិភូកីឡាចូលរួមចំនួន២លើក ក្នុងចំណោមការរៀបចំចំនួន២០លើក។

ឯកឧត្តមអនុរដ្ឋលេខាធិការ បន្ថែមថាកីឡាករ កីឡាការិនីកម្ពុជា នឹងចូលរួមប្រកួតលើ១៣ប្រភេទកីឡា រួមមានកីឡាវាយសី, កីឡាលើកទំងន់, កីឡាយូដូ, កីឡាជីជិតស៊ូ, កីឡាការ៉ាតេ, កីឡាហែលទឹក, កីឡាវាយកូនឃ្លីលើតុ, កីឡាបាល់ទះក្នុងសាល, កីឡាបាល់ទះឆ្នេរខ្សាច់, កីឡាចំបាប់, កីឡាចំបាច់កាច់ដៃ, កីឡាវាយកូនគោល, កីឡា Bench Press និងកីឡា Push Pull Lifting។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃដែលបានរៀបចំប្រភេទកីឡា និងត្រៀមចេញទៅចូលរួមប្រកួតនៅប្រទេសកាណាដាដែលជាបេសកកម្មដ៏មានសារៈសំខាន់នេះ មិនត្រឹមតែសម្រាប់ក្រសួងមហាផ្ទៃប៉ុណ្ណោះទេ ប៉ុន្តែគឺសម្រាប់ប្រទេសជាតិទាំងមូល។

នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ក៏បានមានប្រសាន៍ដោយសង្ខេបទៅកាន់អង្គពិធី អំពីមិទ្ធផល និងការងារសំខាន់ៗដែលក្រសួងមហាផ្ទៃសម្រេចបានក្នុងរយៈពេល៥ឆ្នាំ នៃនីតិកាលទី៦ ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ ក្នុងនោះមានដូចជាវិស័យកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់កងកម្លាំងនគរបាលជាតិ ព្រមទាំងកំណែទម្រង់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃផងដែរ។

ជាថ្មីម្ដងទៀត សម្ដេចបានថ្លែងកោតសរសើរចំពោះកីឡាករ កីឡាការិនីនៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលទទួលបានជ័យជំនះក្នុងការប្រកួតទាំងកម្រិតជាតិ កម្រិតតំបន់ និងអន្តរជាតិ ជាបន្តបន្ទាប់ រួមទាំងក្នុងព្រឹត្តិការស៊ីហ្គេមដែលកម្ពុជាបានរៀបចំធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣នេះ៕

អត្ថបទដែលជាប់ទាក់ទង