ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ បញ្ជូនជនសង្ស័យ​ម្នាក់​ ក្នុងចំណោម២នាក់​ ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី​ ពាក់ព័ន្ធ​ករណីលួចម៉ូតូ

58

 

បន្ទាយមានជ័យ​ ÷ នៅថ្ងៃទី២០​ ខែកក្កដា​ ឆ្នាំ​២០២៣​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ ដឹកនាំដោយលោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ​ នៅចំណុចបន្ទប់ជួលមួយកន្លែង​ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ កាលវេលាម៉ោង០១និង៣០នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។
ការឃាត់ខ្លួនជនសង្ស័យខាងលើយោងតាមបណ្តឹងរបស់ឈ្មោះ​ ហន ស្រីល័ក្ខ ភេទស្រី អាយុ៤២ឆ្នាំ មានទីលំនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​បានឱ្យដឹងថា​ ជនសង្ស័យឈ្មោះ​ សុង បូរ៉ា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ បន្តថា​ កាលពីថ្ងៃទី១៧ ខែកក្កដា ជនរងគ្រោះបានទុកម៉ូតូម៉ាកហុងដា​ ZOOMER- X ពណ៌ក្រហម លាយស ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខ សៀមរាប 1AC-4561 នៅមុខបន្ទប់ជួលរបស់ខ្លួនដូចរាល់ដង លុះព្រឹកឡើង ជនរងគ្រោះរៀបចំចេញទៅធ្វើការស្រាប់តែ ទ្វារបន្ទប់ជាប់បើកមិនចេញ ដោយជនសង្ស័យបានយកលួសសរសៃចងភ្ជាប់នឹងទ្វារ​ ហើយជនរងគ្រោះបានទូរស័ព្ទហៅអ្នកជិតខាងឱ្យជួយបើកទ្វារ​ ពេលបើកទ្វារស្រាប់តែបាត់ម៉ូតូតែម្ដង។

ក្រោយឃាត់ខ្លួន​ និងសួរចម្លើយ​ ជនសង្ស័យ​ បានសារ​ភាពថា​ ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូ​ របស់ជនរងគ្រោះពិតប្រាកដមែន។ ផ្អែកលើចម្លើយសារភាព​ និងវត្ថុតាង​ជាក់ស្តែង​ កម្លាំងមូលដ្ឋានអាវុធហត្ថក្រុង​ប៉ោយប៉ែត​ បានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ​ មកកាន់បញ្ជាការដ្ឋានកងរាជអាវុធខេត្តចាត់ការបន្តតាមនីតិវិធី​។

លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មើស​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០​ ខែកក្កដា​​​ ឆ្នាំ​២០២៣​នេះ​ អនុវត្តតាមនីតិវិធី​។ ចំណែកវត្ថុតាង​ ម៉ូតូ​ ត្រូវបានកម្លាំងកងរាជអាវុហត្ថ​ប្រគល់ជូនម្ចាស់ដើមវិញហើយ៕

អត្ថបទដែលជាប់ទាក់ទង