ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រួសារនៃសពកុមារីពីរនាក់បងប្អូន​ ដែលត្រូវបានគេសង្ស័យថា ជាករណីរំលោភហើយសម្លាប់ ទទួលបានអំណោយ មនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

54

នៅថ្ងៃសុក្រ​ ទី​ ១៩​ ខែតុលា​ ឆ្នាំ២០១៨​ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យមន្ត្រីក្រោមឱវាទ​ ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ​ ព្រមទាំងនាំយកគ្រឿងបរិភោគ​ និងបច្ច័យ​ចំនួន​ ២០លានរៀល​ ចូលបុណ្យសពកុមារីអភ័ព្វពីរនាក់បងប្អូន​ ដែលត្រូវបានគេសង្ស័យថា ជាករណីរំលោភហើយសម្លាប់ យ៉ាងអាណោចអាធ័មក្នុងខ្ទម​ ស្ថិតនៅភូមិថ្មី​ ឃុំផ្សារ​ ស្រុកបរិបូណ៌​ ខេត្តកំពង់ឆ្នាំង​ ខណៈដែល​ ឪពុកទៅធ្វើការនៅប្រទេសថៃ រីឯម្តាយទៅធ្វើការនៅភ្នំពេញ ទុកកូនផ្ញើសាច់ញាតិក្នុងភូមិ។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ​ កាកបាទក្រហមកម្ពុជា​ ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជាប្រធាន​ សូមសម្តែងនូវការ សោកស្តាយជាពន់ពេក​ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ​ និងសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធសពកុមារី​ អ៊ុល​ លក្ខិណា​ អាយុ​ ១៤ឆ្នាំ​ និងសពកុមារី​ អ៊ុល​ ធីតា​ អាយុ​ ៧ឆ្នាំ​ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ សូមអំពាវនាវដល់សមត្ថកិច្ចឱ្យវែកមុខ ជនដៃដល់មកផ្តទ្ទាទោស តាមផ្លូវច្បាប់។

ក្នុងឱកាសនេះដែរ កាកបាទក្រហមកម្ពុជា​ ថ្នាក់កណ្តាល បានចូលបុណ្យសពនូវ​ អង្ករ​ ២០០គីឡូក្រាម​ ត្រីខ ៧០កំប៉ុង មី ៧កេស ទឹកក្រូច ៧កេស ទឹកបរិសុទ្ធ ៧កេស​ និងបច្ច័យចំនួន​ ២០.០០០.០០០រៀល​។ ដោយឡែក​ អនុសាខាកាកបាទក្រហមកម្ពុជា​ ស្រុកបរិបូណ៌​ និងសាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ឆ្នាំង​ ក៏បានចូលរួមរំលែកទុក្ខ​ និងចូលបុណ្យសព កុមារីទាំងពីរនាក់នេះដែរ៕

អត្ថបទដែលជាប់ទាក់ទង