ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្អាកមិនឱ្យដំណើរជាបណ្តោះអាសន្ន នូវរាល់សកម្មភាពផលិតកម្មម្សៅដំឡូងមី របស់រោងចក្រ Phoenix Industrialធ្លាយសំណល់រាវទឹកកខ្វក់ ចូលក្នុងទឹកស្ទឹងសង្កែ

45

បាត់ដំបង ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសម្រេចផ្អាកមិនឱ្យដំណើរជាបណ្តោះអាសន្ន នូវរាល់សកម្មភាពផលិតកម្ម របស់រោងចក្រ Phoenix Industrial CO.,LTD. ក្រោយពីរោងចក្រ បានធ្វើឲ្យលេចធ្លាយសំណល់រាវ (ទឹកកខ្វក់) ចូលក្នុងទឹកស្ទឹងសង្កែ តាមសំណើរបស់រដ្ឋបាលខេត្តបាត់ដំបង។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិឡា និងនវានុវត្តន៍ នៅថ្ងៃទី ០៤ ខែ សីហា ឆ្នាំ២០២៣ បានចេញលិខិតជម្រាបជូនលោក SHUAI FANGWEN ប្រធានក្រុមហ៊ុនហ្វីនិក អ៊ិនដាស្ទៀល ឯ.ក (PHOENIX INDUSTRIAL CO., LTD.) ក្នុងកម្មវត្ថុស្តីអំពីការផ្អាកបណ្តោះអាសន្ននូវរាល់សកម្មភាពផលិតកម្ម របស់រោងចក្រផលិតម្សៅដំឡូងមី សំបកគ្រាប់ថ្នាំ (ពីម្សៅដំឡូងមី) អេតាណុល… ជីវគីមី និងសារធាតុបន្ថែមអាហារហ្វីនីក អ៊ិនដាស្នូល ឯ.ក។
របាយការណ៍លទ្ធផលកិច្ចប្រជុំថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តបាត់ដំបង លិខិតលេខ ៩០១/២៣ លស ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តបាត់ដំបង។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ សូមជម្រាបជូន លោកប្រធានក្រុមហ៊ុន ជ្រាបថា ក្រុមហ៊ុន ហ្វីនីក អ៊ុនដា ស្ទៀល ឯ.ក បានធ្វើឱ្យមានការលេចធ្លាយសំណល់រាវ (ទឹកកខ្វក់) ចូលក្នុងស្ទឹងសង្កែ បណ្តាលឱ្យទឹកស្ទឹងសង្កែប្រែជាពណ៌ខ្មៅខុសប្រក្រតី និងមានសារធាតុបំពុលធ្វើឱ្យងាប់ត្រីមួយចំនួន ហើយនេះជាលើកទី៣ ដែលបង្ករឱ្យមានផលប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរ។ ក្នុងករណីនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តម្រូវឱ្យក្រុមហ៊ុនផ្អាកដំណើរការទាំងស្រុង នូវរាល់សកម្មភាពផលិតកម្ម ជាបណ្តោះអាសន្ន ក្នុងរយៈពេល២(ពីរ)សប្តាហ៍ ដោយរក្សាបៀវត្សរ៍បុគ្គលិក កម្មករ ជាធម្មតា គិតចាប់ពីថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ដើម្បីធ្វើការកែសម្រួលឡើងវិញនូវរាល់កំហុសឆ្គងស្របតាមស្មារតី នៃកិច្ចព្រមព្រៀងរវាងគណៈកម្មការចម្រុះខេត្ត និងក្រុមហ៊ុន ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ និងអនុវត្តតាមកិច្ចសន្យា ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ របស់អគ្គនាយករងក្រុមហ៊ុន។

ក្រុមហ៊ុននឹងត្រូវប្រឈមមុខក្នុងការផ្អាកជាបន្តទៀត ក្នុងករណីពុំបានអនុវត្តត្រឹមត្រូវ និងទាន់ពេលវេលា តាមលក្ខខណ្ឌខាងលើ៕

អត្ថបទដែលជាប់ទាក់ទង