ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងទេសចរណ៍ មានការសោកស្តាយជាយ៉ាងខ្លាំង ក្រោយពីបានឃើញ វីដេអូ ដែលវាយតម្លៃមិនល្អមកលើម្ហូបអាហារខ្មែរ នៅលើបណ្តាញសង្គមChannel YouTube ឈ្មោះថាNigel Ng

49

 

រាជធានីភ្នំពេញ ៖ ថ្ងៃទី៨ខែសីហាឆ្នាំ២០៣ ក្រសួងទេសចរណ៍ មានការសោកស្តាយជាយ៉ាងខ្លាំងក្រោយពីបានឃើញ វីដេអូដែលវាយតម្លៃមិនល្អមកលើម្ហូបអាហារខ្មែរ នៅលើបណ្តាញសង្គមChannel YouTube ឈ្មោះថាNigel Ng ចុះផ្សាយកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ មានចំណងជើងថា“Uncle Roger Make Adobo”។

ការវាយតម្លៃរបស់បុគ្គលខាងលើនេះ បានប្រាសចាកទាំងស្រុងពីតថភាពនៃកិត្យានុភាព និងអត្តសញ្ញាណ ម្ហូបអាហារខ្មែរ ជាពិសេសបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ទេសចរណ៍ម្ហូបអាហារ ដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងទេសចរណ៍ បានខិតខំជំរុញការផ្សព្វផ្សាយនៅលើឆាកអន្តរជាតិឱ្យពិភពលោកទាំងមូលបានស្គាល់ យ៉ាងទូលំទូលាយថា “កម្ពុជាមានវប្បធម៌ដ៏ល្អផូរផង និងមានម្ហូបអាហារដ៏សម្បូរបែប” ជាក់ស្ដែង កាលពីឆ្នាំ២០២២ សៀវភៅម្ហូបអាហារខ្មែរ រ “The Taste of Angkor” ដែលចងក្រងដោយក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា បានជាប់ចំណាត់ថ្នាក់ The Best Asian Cookbook Prize នៅក្នុងកម្មវិធី The Gourmand World Cookbook Awards 2021 នៅទីក្រុងប៉ារីស។

ក្នុងន័យនេះ ក្រសួងទេសចរណ៍ កំពុងសហការជាមួយភាគីពាក់ព័ន្ធយ៉ាងជិតស្និទ្ឋ និងស្នើឱ្យបុគ្គល Nigel Ng ឬ Uncle Roger កើតថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៩១ ធ្វើការសុំទោសជាសាធារណៈចំពោះប្រជាជនកម្ពុជា និងកែតម្រូវ វីដេអូដែលបានចុះផ្សាយនោះឡើងវិញជាបន្ទាន់នៅលើបណ្តាញសង្គមរបស់ខ្លួន។
ក្រសួងទេសចរណ៍ សូមថ្លែងអំណរគុណចំពោះការចូលរួមផ្ដល់យោបល់កែលម្អរបស់សាធារណជន ដើម្បីលើកស្ទួយវិស័យទេសចរណ៍ជាតិ ក៏ដូចជាគាំទ្រ និងស្វាគមន៍ជានិច្ចចំពោះអ្នកលេងបណ្តាញសង្គម ឬ អ្នកមានឥទ្ធិពលក្នុងបណ្ដាញសង្គម (Influencer) ដែលមានបំណងចូលរួមផ្សព្វផ្សាយអំពីអច្ឆរិយភាពនៃវប្បធម៌ ធម្មជាតិ និងភាពសម្បូរបែបនៃម្ហូបអាហារកម្ពុជា ដល់ទេសចរជាតិ-អន្តរជាតិជុំវិញពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង