ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលជំនាញព្រហ្មទណ្ឌ បញ្ជូនលោកឧកញ៉ាប្រធានក្រុមហ៊ុនពិភពដីមាស និងបក្ខពួក ១៤នាក់ ទៅតុលាការ

120

 

ភ្នំពេញ៖ កម្លាំងជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ បានចាប់បញ្ជូនឧកញ៉ាប្រធានក្រុមហ៊ុនពិភពដីមាស និងបក្ខពួកសរុប១៤នាក់ បញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់ ដោយរងការចោទប្រកាន់ពីបទល្មើស០៣ករណី ខណៈដែលនៅថ្ងៃនេះផងដែរ ប្រជាពលរដ្ឋរងគ្រោះប្រមាណជាង ១០០គ្រួសារមកពីខេត្តកណ្តាល កំពង់ស្ពឺ ពោធិ៍សាត់ កំពង់ឆ្នាំង និងកំពង់ចាម បាននាំគ្នាមកដាក់ពាក្យបណ្តឹងទៅប្រធានក្រុមហ៊ុនពិភពដីមាសបន្ថែមទៀត ដោយការចាញ់បោកអស់បា្រក់រាប់ម៉ឺនដុល្លារ បន្ទាប់ពីទិញដីឡូត៍ពីក្រុមហ៊ុនពិភពដីមាស ជាថ្នូរទទួលបានភាគលាភប្រចាំខែពី ៤៥០ដុល្លារ ទៅ៧៥០ដុល្លារ ក្នុង០១ខែ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់ឱ្យដឹងថា កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ ចាប់ខ្លួនជនសង្ស័យឈ្មោះឧកញ៉ា ហ៊ី គឹមហុង ភេទប្រុស អាយុ៤១ឆ្នាំ ប្រកបមុខរបរ ប្រធានក្រុមប្រឹក្សាភិបាល និងជាម្ចាស់ក្រុមហ៊ុនពិភពដីមាស បច្ចុប្បន្នស្នាក់នៅផ្ទះលេខ៥២ដេ ផ្លូវបេតុង ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ និងបក្ខពួកសរុប១៤នាក់ អនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមអនុវត្តតាមដីការបស់តុលាការរាជធានីភ្នំពេញ ក្រោយមានប្រជាពលរដ្ឋចំនួន១៨គ្រួសារ បានដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្តឹងចោទប្រកាន់ប្រធានក្រុមហ៊ុនខាងលើ និងបក្ខពួកមួចំនួនទៀតពីបទឆបោកមានស្ថានទម្ងន់ទោស លើទឹកប្រាក់ចំនួន ៣៨ម៉ឺន៧ពាន់២០០ដុល្លារ។

លោកវរសេនីយ៍ឯក ប៊ុន សត្យា ប្រាប់ឱ្យដឹងទៀតថា ប្រាក់ខាងលើគឺមានប្រជាពលរដ្ឋ១៨គ្រួសារបានទិញដីឡូត៍ក្នុងតំម្លៃ០១ឡូត៍ ១ម៉ឺន៤ពាន់ដុល្លារ ទៅ២ម៉ឺនដុល្លារ ហើយតំណាងក្រុមហ៊ុនក៏បានជូនពួកគាត់ជាប្រជាពលរដ្ឋយកប្លង់ដីផ្ទះដែលកំពុងរស់នៅ យកទៅដាក់បញ្ចាំនៅធនាគារនិងមីក្រូហិញ្ញវត្ថុ។ ក្រោយពីទទួលបានប្រាក់កំចីពីធនាគារនោះហើយ តំណាងក្រុមហ៊ុនក៏នាំពួកគាត់យកប្រាក់ទាំងនោះ យមកឱ្យក្រុមហ៊ុនពិភពដីមាស បន្ទាប់មកតំណាងក្រុមហ៊ុនក៏យកតារាងបែងចែកភាគលាភ៣ភាគរយប្រចាំខែចាប់ពី ៣០០ដុល្លារ រហូតដល់៩៦០ដុល្លារ ក្នុង០១ខែ ហើយមិនតែប៉ុណ្ណោះក្រុមហ៊ុនក៏បានសន្យាថាក្រោយពីក្រុមហ៊ុនបង់ប្រាក់ភាគលាភបានចំនួន ២៤ខែរួចហើយ នឹងទទួលទិញដីឡូត៍នោះវិញក្នុងតម្លៃដដែល។ បន្ទាប់មកមានប្រជាពលរដ្ឋខ្លះទទួលបានប្រាក់ប្រចាំខែមួយចំនួន ទៅតាមកិច្ចសន្យា។ លុះដល់ខែមេសា ឆ្នាំ២០២៣ ខាងក្រុមហ៊ុនខកខានបង់ប្រាក់ឱ្យប្រជាពលរដ្ឋហើយយកលេសកុហកថាថ្ងៃនេះថ្ងៃនោះ ទើបបង់ប្រាក់ជូន រហូតដល់សព្វថ្ងៃនេះ។

បើតាមប្រជាពលរដ្ឋរងគ្រោះប្រាប់ឱ្យដឹងថា ពួកគាត់ត្រូវបានមេខ្យល់នៅក្នុងភូមិអះអាងជាតំណាងក្រុមហ៊ុនពិភពដីមាស អូសទាញឱ្យយកប្លង់ដីផ្ទះ ទៅបញ្ចាំធនាគារ យកប្រាក់អ្នកខ្លះ ១ម៉ឺន៤ពាន់ដុល្លារ ខ្លះទៀត ២ម៉ឺទៅ៣ម៉ឺនដុល្លារ ដើម្បីទៅទិញដីឡូត៍ពីក្រុមហ៊ុនពិភពដីមាស ដែលមានទីតាំងនៅផ្លូវជាតិ៥២ ខេត្តកំពង់ស្ពឺ ហើយតំណាងក្រុមហ៊ុនបានលួងលោមនិយាយថាបងប្អូនមិនបាច់រកស៊ីអីទៀតទេ រងចាំបើកប្រាក់ប្រចាំខែពីក្រុមហ៊ុន ក្នុងម្នាក់ៗទទួលបាន០១ខែពី ៤៥០ដុល្លារឡើងទៅ ហើយក្រុមហ៊ុននឹងទទួលទិញដីនេះវិញ ក្រោយក្រុមហ៊ុនបង់ប្រាក់ទៅប្រជាពលរដ្ឋរយៈពេល២ឆ្នាំ។

ចំណែកប្រធានក្រុមហ៊ុនពិភពដីមាសបានប្រាប់ឱ្យដឹងថា កន្លងមកក្រុមហ៊ុនបានបង់ប្រាក់ឱ្យប្រជាពលរដ្ឋបានមួយចំនួនហើយដែរ ប៉ុន្តែដោយបញ្ហាកត្តាសេដ្ឋកិច្ចធ្លាក់ចុះ ក្រុមហ៊ុនក៏បានខកខានមិនបានបង់ប្រាក់ជូនប្រជាពលរដ្ឋទៅតាមកិច្ចសន្យា ហើយលោកសន្យាថានឹងដោះស្រាយឱ្យរួចរាល់នៅអំឡុងខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ប៉ុន្តែនៅក្នុងករណីដែលលោកមិនត្រូវបានជាប់ពន្ធនាគារ។

សូមបញ្ជាក់ថា កម្លាំងនគរបាលរាជធានីភ្នំពេញបង្រ្កាបចាប់ខ្លួនលោកឧកញ៉ាប្រធានក្រុមហ៊ុនពិភពដីមាស និងបក្ខពួកធ្វើឡើងនៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ អនុវត្តតាមដីការបស់តុលាការ ខណៈដែលកម្លាំងសមត្ថកិច្ចចុះចាប់ឃាត់ខ្លួន លោកឧកញ៉ាប្រធានក្រុមហ៊ុនពិភពដីមាសនៅចំណុចភូមិត្រពាំងថ្លាន់ សង្កាត់ពង្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ស្រាប់តែអង្គរក្សរបស់លោកឧកញ៉ាប្រធានក្រុមហ៊ុនពិភពដីមាស ចេញមករារាំងសមត្ថកិច្ច ហើយបានតដៃជាមួយសមត្ថកិច្ចបង្កឱ្យសមត្ថកិច្ចមួយចំនួនរងរបួសផងដែរ។ ជនសង្ស័យឧកញ៉ាប្រធានក្រុមហ៊ុនពិភពដីមាស និងបក្ខពួក ត្រូវបានរងការចោទប្រកាន់ពីបទ ១.អំពើឆបោកមានស្ថានទម្ងន់ទោស, ២.បទញុះញង់ឱ្យប្រព្រឹត្តអំពើប្រឆាំងនឹងអ្នករាជការសាធារណៈ និង៣.ពីបទសំអាតប្រាក់៕

អត្ថបទដែលជាប់ទាក់ទង