ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធស្រូវអង្ករកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មាន អំពីការប្រែប្រួលតម្លៃស្រូវ ដែលបានកើនឡើងនាពេលថ្មីៗនេះ

44

ភ្នំពេញ ៖ បើតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣នេះ , សហព័ន្ធស្រូវអង្ករកម្ពុជា សូមគោរពជម្រាបជួនដល់សាធារណជន ជាពិសេសប្រជាកសិករទាំងអស់ អំពីស្ថានភាពតម្លៃអង្ករនៅលើទីផ្សារអន្តរជាតិ និងតម្លៃស្រូវនៅក្នុងប្រទេសកម្ពុជា ដែលមួយរយៈនេះមានការកើនឡើងដល មិនធ្លាប់មាន គឺតម្លៃស្រូវស្រាលមិនប្រកាន់រដូវប្រភេទ អ៊ូអឹម ៥៤៥១ ប្រភេទស្រុងស្រាល ប្រភេទអ៊ីអ៊ែរ និងប្រភេទស្រូវសែនក្រអូប ដែលបានចាប់ផ្ដើមប្រមូលផលពីចុងខែកក្កដា និងបន្តរហូតដល់ចុងខែកញ្ញាខាងមុខនេះ។

ប្រសិនបើប្រៀបធៀប នឹងឆ្នាំ២០២២ មានការប្រែប្រួលប្រមាណ៤០% គឺពីមុនតម្លៃមធ្យម ៥០០ រៀល គីឡូក្រាម ឡើងទៅដល់១ ៣០០ រៀល/គីឡូ ក្រាម នៅវាលស្រែ និងតម្លៃ ១៥០០រៀល/គីឡូក្រាមនៅព្រំដែននៃប្រទេសវៀតណាម។ ការឡើងថ្លៃ ស្រូវនេះ គឺដោយសារកត្តា មួយចំនួន “ការផ្អាកនាំអង្ករសចេញរបស់ប្រទេសឥណ្ឌា និងប្រទេសភូមាជាដើម ដើម្បីសិក្សាឱ្យច្បាស់ពីផលប៉ះពាល់បណ្តាល មកពី ឥទ្ធិពលនៃកម្ដៅ រាំងស្ងួត អ៊ែលនីនូ( El nino) លើផលិតកម្មស្រូវ និងសន្តិសុខស្បៀងរបស់ប្រទេសខ្លួន។

ហើយប្រទេស ដែលពឹងផ្អែកលើការនាំចូលអង្ករមានការភ័យខ្លាចពីឥទ្ធិពល អ៊ែលនីនូ( El nino) នេះដែរ ក៏សម្រុកទិញស្រូវអង្ករ ទាំងបង្ខំជាហេតុធ្វើឱ្យតម្លៃស្រូវ និងអង្ករ លើទីផ្សារ ជាពិសេសនៅក្នុងតំបន់អាស៊ីកើនឡើងយ៉ាងគំហុក ពោលគឺកើនពីតម្លៃជាង ៥០០ដុល្លារ នៅជាង ៧០០ដុល្លារ /តោន ដែលកត្តាទាំងនេះធ្វើឱ្យមានតម្រូវការស្រូវខ្ពស់ សម្រាប់កែច្នៃនាំចេញរបស់ប្រទេសជិតខាង ដែលតែងមកទិញស្រូវពីកម្ពុជា ស្របពេលដែលប្រទេសកម្ពុជា ចាប់ផ្ដើមប្រមួលផលស្រូវស្រាលដើមរដូវវស្សា មុនប្រទេសក្បែរខាងយើងផងដែរ។

នៅក្នុងអំឡុងពេលនៃការហក់ឡើងនៃតម្លៃស្រូវ សហព័ន្ធស្រូវអង្ករកម្ពុជា និងស្ថាប័នពាក់ព័ន្ធទាំងអស់ របស់រាជរដ្ឋាភិបាលកម្ពុជាបានខិតខំជំរុញឱ្យកសិករលក់ស្រូវ និងសម្រួលដល់ការដឹកជញ្ជូន និងនាំចេញស្រូវទៅប្រទេសជិតខាង ព្រោះវា ជាឱកាសល្អសម្រាប់កសិករឲ្យទួលបានប្រាក់ចំណេញខ្ពស់ ពីផលិតកម្មដំណាំស្រូវរបស់ខ្លួន។ ប៉ុន្តែស្ថានភាពនៃការឡើងថ្លៃនេះ គឺជាដំណាក់កាលអន្តរកាលរយៈពេលខ្លីតែប៉ុណ្ណោះ ហើយស្ថានភាពនៃតម្លៃស្រូវបាន និងកំពុងត្រឡប់ មកជាធម្មតាវិញស្របពេល ដែលតម្លៃទីផ្សារអង្ករអន្តរជាតិបានវិលមករកភាពប្រក្រពីវិញ គឺតម្លៃអង្ករបានធ្លាក់ចុះមកត្រឹមប្រមាណ ៥៨០ដុល្លារ /តោន សម្រាប់ អង្ករស។

នៅក្នុងស្ថានភាពនាពេលបច្ចុប្បន្ននេះ តម្លៃស្រូវសើមនៅវាលស្រែ មានការធ្លាក់ចុះ បន្តិចមកត្រឹមចន្លោះ ១ ០៩០- ១ ២៥០ រៀល/គីឡូក្រាមទៅតាមប្រភេទស្រូវ។ តម្លៃបច្ចុប្បន្ននេះ គឺស្ថិតនៅក្នុងស្ថានភាពមួយដែលកសិករនៅមានផលចំណេញបង្ហូរ ពីផលិតកម្មដំណាំស្រូវនៅឡើយ។ ដើម្បីផលប្រយោជន៍របស់ប្រជាកសិករ សហព័ន្ធស្រូវអង្ករកម្ពុជា តាមរយៈសមាជិកទាំងអស់ ដែលជារោងម៉ាស៊ីនកើនស្រូវ គឺបាននិងកំពុងខិតក៏ប្រមូលទិញស្រូវពីបងប្អូនប្រជាកសិករ ដើម្បីកុំឱ្យមានជនឆ្លៀតឱកាសនិយមណាមួយ មកធ្វើវិទ្ធង្សនាលើតម្លៃ ដែលធ្វើឱ្យបងប្អូនកសិករយល់ច្រឡំ និងខូចប្រយោជន៍យូរអង្វែងរបស់ខ្លួន។ សហព័ន្ធស្រូវអង្ករកម្ពុជា សូមអំពាវនាវឱ្យបងប្អូនប្រជាកសិករទាំងអស់ សូមមេត្តាយោគយល់លើស្ថានភាពនៃការប្រែប្រួលតម្លៃស្រូវ និងអង្ករនេះ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង