ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានណែនាំឱ្យផ្អាកជាបណ្តោះអាសន្ន ចំពោះការរៀបចំការប្រឡងក្របខណ្ឌដាច់ដោយឡែក ក្នុងការជ្រើសរើសមន្ត្រីគ្រប់ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល

45

 

កំពង់ស្ពឺ ៖ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានណែនាំឱ្យផ្អាកជាបណ្តោះអាសន្ន ចំពោះការរៀបចំការប្រឡងក្របខណ្ឌដាច់ដោយឡែក ក្នុងការជ្រើសរើសមន្ត្រីគ្រប់ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ដើម្បីទុកពេលឱ្យមានការរៀបចំយន្តការរួម តាមរយៈគណៈកម្មាការដែលមានក្រសួងមុខងារសាធារណៈទទួលបន្ទុកក្នុងការដឹកនាំរៀបចំ ដោយនឹងមានការប្រឡងព្រមគ្នា ក្នុងក្របខណ្ឌថ្នាក់ជាតិតែម្តង។

បើតាមប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ-និយោជិត តាមរោងចក្រ-សហគ្រាស ចំនួន ១៨,២៦៥នាក់ មកពីរោងចក្រ សហគ្រាសចំនួន ១៤ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសៅរ៍ ទី៩ កញ្ញា ២០២៣, នេះជាគោលការណ៍ក្នុងការធ្វើកំណែទម្រង់លើការប្រឡង ចូលបម្រើការជាមន្ត្រីរាជការក្នុងក្របខណ្ឌទូទាំងប្រទេសដោយប្រកាន់គោលការណ៍​ “អ្នកចេះ​ គឺជាប់”។ ជាមួយគ្នានេះ សម្តេចក៏បានណែនាំ ឱ្យមានការធ្វើលិខិតឆ្លងដែននៅក្រៅប្រទេស ដោយត្រូវបង្កើតការិយាល័យអនុព័ន្ធ ដើម្បីចាត់បញ្ជូនមន្ត្រីទៅប្រចាំការ និងរៀបចំប្រតិបត្តិការ និងគ្រប់គ្រងទិន្នន័យ។ លើសពីនេះ ចំពោះលិខិតថ្កោលទោស គឺត្រូវរៀបចំធ្វើឡើងតាមប្រព័ន្ធអនឡាញ ដោយមានក្រសួងយុត្តិធម៌ ទទួលបន្ទុករៀបចំ និងអនុវត្ត។ បន្ថែមលើនេះផងដែរ សម្តេចធិបតី ក៏បានប្រគល់ភារកិច្ចជូនឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ដើម្បីធ្វើកិច្ចការជាមួយច្រកព្រំដែនចេញ-ចូលទាំងអស់ ដោះស្រាយរឿងកម្រៃក្រៅសេវាពាក់ព័ន្ធការធ្វើលិខិតស្នាម សម្រាប់ការឆ្លងដែនទៅប្រទេសជិតខាង ដើម្បីសម្រួលការលំបាកក្នុងការឆ្លងកាត់ និងចេញ-ចូល របស់ប្រជាពលរដ្ឋ។

សម្តេចបានមានប្រសាសន៍ថា៖ យើងត្រូវពិនិត្យធ្វើយ៉ាងណា ឱ្យត្រឹមត្រូវតម្លាភាព យុត្តិធម៌ ធានាថាអ្នកចេះជាប់ នេះហើយជាគោលការណ៍របស់យើង។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏សូមអភ័យទោសចំពោះបងប្អូនយុវជន ដែលបានដាក់ពាក្យនៅក្រសួងកសិកម្ម ដោយបញ្ជាក់ថា រាជរដ្ឋាភិបាលមិនបានបញ្ឈប់នោះទេ ប៉ុន្តែរាជរដ្ឋាភិបាលធ្វើយ៉ាងណាពន្លឿននីតិវិធីមួយដែលរៀបចំឱ្យបានល្អជាងមុន។

សម្តេចបានបញ្ជាក់បន្ថែមថា ចេញដេប៉ាមកស្មើគ្នាទាំងអស់ អត់មានក្រសួងនេះរៀបអញ្ចេះ ក្រសួងនោះរៀបអញ្ចុះទៀតទេ យន្តការតែមួយគឺសម្រាប់មន្រ្តីក្របខណ្ឌទាំងអស់ គឺត្រូវប្រឡងយន្តការថ្នាក់ជាតិ ឱ្យបានយុត្តិធម៌ និងតម្លាភាព។ សម្រាប់មន្រ្តីជាប់កិច្ចសន្យា នៅតែបន្តធ្វើតាមយន្តការក្រសួងសាមី ប៉ុន្តែត្រូវធានាថា នឹងមានតម្លាភាព និងយុត្តិធម៌ផងដែរ។

ក្នុងកិច្ចប្រជុំកំពូលអាស៊ាននេះ កម្ពុជាទទួលបាននូវការគាំទ្រយ៉ាងពេញទំហឹងពីបណ្តាប្រទេសជាមិត្ត ទាំងក្នុងតំបន់ក៏ដូចជាលើឆាកអន្តរជាតិ ជាពិសេសតាមរយៈការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធ ស្មើមុខស្មើមាត់ ក្នុងកិច្ចប្រជុំសរុបចំនួន ៣០ រាប់ទាំងកិច្ចប្រជុំផ្លូវការ និងកិច្ចប្រជុំពាក់ព័ន្ធ ទាំងក្នុងក្របខណ្ឌអាស៊ាន និងក្របខណ្ឌទ្វេភាគីផង។

ជាទីបញ្ចប់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលថ្មី គឺនៅតែបន្តគោលនយោបាយការទូតរបស់គណបក្សប្រជាជនកម្ពុជា គឺឈរលើភាពស្មើមុខស្មើមាត់គ្នា អព្យាក្រឹត្យ ស្របតាមរដ្ឋធមនុញ្ញ ផ្អែកលើច្បាប់ និងបម្រើផលប្រយោជន៍ជាតិ ដែលជាអាទិភាពចម្បង៕

អត្ថបទដែលជាប់ទាក់ទង