ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានទូតបារាំងប្រចាំនៅកម្ពុជា នឹងបើកទ្វារទទួលសាធារណេជនម្តងទៀត នៅថ្ងៃសៅរ៍ ទី១៦កញ្ញា ចូលទស្សនា ឬស្វែងយល់ជាថ្មី នូវឧទ្យានស្ថានទូតដ៏ស្រស់ស្អាត

35

 

ភ្នំពេញ៖ បន្ទាប់ពីបានស្វាគមន៍អ្នកចូលទស្សនាជាង ១ ៤០០នាក់កាលពីឆ្នាំមុន ស្ថានទូតបារាំងប្រចាំនៅកម្ពុជា នឹងបើកទ្វារទទួលសាធារណេជនម្តងទៀតនៅថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៤ រសៀល នៅក្នុងឱកាសនៃទិវាបេតិកភណ្ឌ។

លោកអាចចូលទស្សនា ឬស្វែងយល់ជាថ្មីនូវឧទ្យានស្ថានទូតដ៏ស្រស់ស្អាត ព្រមទាំងអគារនានាដែលពោរពេញដោយប្រវត្តិសាស្ត្រ។ លើផ្ទៃដី 4.7 ហិកតា ឧទ្យានស្ថានទូតគឺជាតំបន់បៃតងដ៏ធំជាងគេមួយនៅភ្នំពេញ។ វាជាកន្លែងសម្រាប់ជីវៈចម្រុះ ក្នុងនោះរួមមានដើមឈើជាង៥០ប្រភេទ ប្រមាណ ២០០ដើម និងសត្វមួយចំនួន ដែលយើងកំពុងធ្វើជំរឿន។ លោកអ្នកក៏នឹងបានឃើញផងដែរនូវទ្វាររបងចាស់របស់ស្ថានទូត ដែលត្រូវបានេពិព៌ណនានៅក្នុងរឿងមួយរបស់លោក François Bizot ស្តីពីការដួលរលំនៃទីក្រុងភ្នំពេញក្នុងឆ្នាំ 1975។ ដោយសារទិវាបេតិកភណ្ឌនៅឆ្នាំនេះធ្វើឡើងជុំវិញប្រធានបទ “បេតិកភណ្ឌមានជីវិត” យើងនឹងបង្ហាញលោកអ្នកនូវនំប៉័ងបារាំង ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ ជាមួយការចូលរួមពីហាងនំប៉័ង Kayser។

នៅពេលចេញទៅវិញ លោកអ្នកអាចទស្សនាការតាំងពិពណ៌រូបថតដែលព្យួរនៅលើរបងស្ថានទូត ក្នុងឱកាសនៃការប្រារព្ធខួបលើកទី 70 របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បន្ទាប់មកទៅទស្សនាវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី ដែលទើបត្រូវបានសាងសង់ដូចដើមឡើងវិញដោយរាជរដ្ឋាភិបាលកម្ពុជា។

សម្រាប់ការទស្សនាស្ថានទូតបារាំង យើងមានមគ្គុទ្ទេសក៍ពន្យល់ជាក្រុមជាភាសាបារាំង (ម៉ោង 9ព្រឹក, ម៉ោង 10ព្រឹក ម៉ោង 2រសៀល) ភាសាខ្មែរ (ម៉ោង 9:40ព្រឹក, 10:40ព្រឹក, 2:40រសៀល) និងភាសាអង់គ្លេស (ម៉ោង 9:20ព្រឹក, 10:20ព្រឹក, 2:20រសៀល) សម្រាប់ភ្ញៀវដែលចង់បាន។

ផ្តួចផ្តើមឡើងនៅឆ្នាំ 1985 ដោយប្រទេសបារាំង ទិវាបេតិកភណ្ឌអ៊ឺរ៉ុបសព្វថ្ងៃត្រូវបានប្រារព្ធនៅក្នុងប្រទេសជាង 50 ។ នៅកម្ពុជា អគារគួរឱ្យកត់សម្គាល់ផ្សេងៗទៀតក៏នឹងបើកទ្វារសម្រាប់សាធារណជនក្នុងឱកាសនេះផងដែរ រួមមានទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ការិយាល័យអង្គការយូណេស្កូ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាលារាជធានីភ្នំពេញ និងមជ្ឈមណ្ឌលនៃសាលាបារាំងចុងបូព៌ា (EFEO) នៅខេត្តសៀមរាប។

ការចូលទស្សនាគឺឥតបង់ថ្លៃ និងគ្មានការចុះឈ្មោះជាមុន ប៉ុន្តែកាបូបធំៗមិនត្រូវបានអនុញ្ញាតឲ្យយកចូលទេ។ សូមយកទឹក និងពាក់ស្បែកជើងសមស្របសម្រាប់ដើរក្នុងឧទ្យាន៕

អត្ថបទដែលជាប់ទាក់ទង