ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូនខ្មែរធ្វើបាន-អង្គការសន្សំម្លប់ព្រៃ ជួយកសិករស្រូវត្រយង ផលិតជីកំប៉ុសទ្រង់ ទ្រាយធំ នៅខេត្ដព្រះវិហារ

35

ភ្នំពេញ៖ មន្ត្រីអង្គការសន្សំម្លប់ព្រៃ (SMP) បានឱ្យដឹងនៅថ្ងៃទី១១ កញ្ញា ២០២៣នេះថា៖ កសិករស្រូវត្រយងមកពីភូមិចំនួន៣ ក្នុងឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្ដព្រះវិហារ ផលិតជីកំប៉ុសធម្មជាតិបានជាង ២១តោន ជីធម្មជាតិស្ដង់ដារបែបនេះ កូនខ្មែរអាច ធ្វើបាន ។
នេះជាឆ្នាំដំបូងបង្អស់ ដែលកសិករបានផលិតជីនេះឡើង តាមរយៈការផ្ដល់ជំនួយរបស់អង្គការសន្សំម្លប់ព្រៃ ពីគម្រោងCEPFសម្រាប់កសិករសមាជិកស្រូវត្រយង ក្នុងខេត្ដព្រះវិហារ។ ការអនុវត្ដគម្រោងនេះ មានគោលបំណងចង់ឱ្យកសិករជាសមាជិកក្នុងតំបន់នោះទទួលបានការបង្ហាត់បង្ហាញ ពីបច្ចេកទេសក្នុងការផលិតជីកំប៉ុស និង បច្ចេក ទេសក្នុងការដាំដុះដំណាំ បន្ទាប់បន្សំបន្ថែមទៀត ដូចជា ល្មៀតជាដើម នៅចន្លោះដំណាំស្វាយ ចន្ទី(បង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ដីឱ្យអស់លទ្ធភាព និង បង្កើនប្រាក់ចំ ណូល)។ មួយវិញទៀតគឺចង់ឱ្យកសិករជាសមាជិក មានជីធម្មជាតិប្រើប្រាស់គ្រប់គ្រាន់ កាត់បន្ថយការចំណាយទៅលើការទិញជី ជួយឱ្យទិន្នផលស្រូវមានការកើនឡើងជាបន្ដបន្ទាប់។

ជាពិសេសចៀសឱ្យឆ្ងាយការប្រើប្រាស់ជីគីមី ដែលខុសពីគោលការណ៍នៃការអភិរក្ស។ ជីកំប៉ុសដែលផលិតបាន ត្រូវបានចែកជូនទៅដល់កសិករជាសមាជិកចំនួន ១៧គ្រួសារ ដែលមកពីភូមិដងផ្លិត, ភូមិត្មាតប៉ើយ, និង ភូមិព្រៃវែង ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្ដព្រះវិហារ សម្រាប់ប្រើប្រាស់ក្នុងដំណាំស្រូវ និង ដំណាំបន្ទាប់បន្សំផ្សេងទៀត។
សូមបញ្ចាក់ថា ការប្រើបច្ចេកទេសផលិតជីកំប៉ុសនេះ ជួយឱ្យគុណភាពដំណាំស្រូវរបស់កសិករមានសុខភាពល្អ ទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដែលនាំឱ្យទិន្នផលមានការកើនឡើង ហើយទិន្នផលកើនឡើងនឹងលើកទឹកចិត្តដល់កសិករ ឱ្យចូលរួមកម្មវិធីស្រូវត្រយង ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង