ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ណែនាំអយ្យការឱ្យយកចិត្តទុកដាក់ ក្នុងការស្វែងរកការពិត និងដោះស្រាយរឿងក្តីទាមទារទូទាត់ថ្លៃកញ្ចក់បំពាក់នៅ សាកលវិទ្យាល័យឥន្ទ្រវិជ្ជា

34

 

ភ្នំពេញ៖ ឯកឧត្តមជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងយុត្តិធម៌ កាលពីថ្ងៃទី ១០ ខែកញ្ញាឆ្នាំ ២០២៣ បានថ្លែងសារនៅលើផេក facebook ផ្លូវការថា ករណីរឿងទាមទារទូទាត់ថ្លៃកញ្ចក់បំពាក់នៅ សាកលវិទ្យាល័យឥន្ទ្រវិជ្ជា អយ្យការកំពុងចាត់ការតាមនីតិវិធីច្បាប់ហើយ ដើម្បីស្វែងរកការពិតក្នុងរឿងនេះ។

ឯកឧត្តមជិន ម៉ាលីន បានបន្តថា ឯកឧត្តមឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំអយ្យការឱ្យយកចិត្តទុកដាក់ក្នុងការស្វែងរកការពិតនិងដោះស្រាយរឿងក្តីនេះឱ្យបានយុត្តិធម៌ ហើយសូមគ្រប់ភាគីទាំងអស់ ទុករឿងក្តីនេះជូនអយ្យការដើម្បីធ្វើការពិនិត្យនិងដោះស្រាយឱ្យបានត្រឹមត្រូវតាមផ្លូវច្បាប់។

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មានថា កន្លងមកថ្មីៗនេះមានការបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គមជាច្រើន អំពីបញ្ហាពាក់ព័ន្ធនឹង ករណីទាមទារការទូរទាត់ថ្លៃកញ្ចក់ដែលក្រុមហ៊ុន អ៊ីបឺន វិនដ័រ (URBAN WINDOORS) បានយកទៅបំពាក់នៅ សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ។

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលពាក្យបណ្ដឹងពាក់ព័ន្ធនឹងករណីខាងលើរួចហើយ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ហើយតំណាងអយ្យការបាននឹងកំពុងចាត់ការលើសំណុំរឿងនេះដោយយក ចិត្តទុកដាក់ និងបានធ្វើការកោះហៅភាគីដែលពាក់ព័ន្ធទាំងអស់ដើម្បីស្ដាប់ចម្លើយនៅក្នុងខែកញ្ញា ឆ្នាំ២០២៣ ដើម្បីមានមូលដ្ឋានក្នុងការសម្រេចតាមនីតិវិធីច្បាប់ ៕

 

អត្ថបទដែលជាប់ទាក់ទង