ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បំបែកករណីលួចមានស្ថានទម្ងន់ទោស (គាស់ទូកុងទីន័រ) នៅចំណុចភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ

43

 

ភ្នំពេញ ៖ បន្ទាប់ពីស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ក្រាបជាបន្ដបន្ទាប់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (គាស់ទូកុងទីន័រ) នៅចំណុចភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រតិបត្តិការជាបន្ដបន្ទាប់នេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងបង្ក្រាបដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន លោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងអធិការដ្ឋាននគរបាលស្រុកកណ្តាលត្រាំកក់។

កាលពីថ្ងៃទី២៥ ខែមិថុនាឆ្នាំ ២០២៣ វេលាប្រហែលម៉ោង០២រំលងអធ្រាត្រ មានជនសង្ស័យមួយក្រុម (មើលតាមកាមេរាសុវត្ថិភាព) បានធ្វើសកម្មភាពគាស់ទំលុះទម្លាយកុងតឺន័រ ដែលចតទុកនៅក្នុងឃ្លាំងស្ថិតនៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ លួចយកខ្សែភ្លើងបង្គុំតប្រព័ន្ធភ្លើងរថយន្ត ហើយគេចខ្លួនបាត់។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវ និងកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ។

នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការ ជាមួយជំនាញអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់ រួមមាន៖ ទី១៖ឈ្មោះ នួន ឈុនលាង ភេទប្រុស អាយុ៣៨ឆ្នាំ, ទី២៖ឈ្មោះ សែ គន្ធា ភេទប្រុស អាយុ៤៥ឆ្នាំ, ទី៣៖ឈ្មោះ សុខ វណ្ណា ភេទប្រុស អាយុ៣៤ឆ្នាំ, ទី៤៖ឈ្មោះ អែម សំអុល ភេទប្រុស អាយុ៣៨ឆ្នាំ, ទី៥៖ឈ្មោះ ហេង ប៊ុនស ភេទប្រុស អាយុ៤៥ឆ្នាំ។

បច្ចុប្បន្នជនសង្ស័យខាងលើ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ឲ្យទៅអធិការដ្ឋានដ្ឋាននគរបាលខណ្ឌសែនសុខ ជាម្ចាស់ករណីដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង