ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តទី៧នេះ មិនមានការបង្កើតពន្ធថ្មី លើប្រជាពលរដ្ឋនោះទេ

86

 

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស ចំនួនជិត២ម៉ឺននាក់ ក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ខែតុលាឆ្នាំ២០២៣នេះ សម្តេចមហាបវតធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលថ្មី មិនមានបង្កើតច្បាប់ពន្ធថ្មីនោះទេ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា រាជរដ្ឋាភិបាលនីតិកាលថ្មី អត់មានដំឡើងអត្រាពន្ធទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រកាសមិនយកពន្ធលើដីស្រែ, សម្ភារៈកសិកម្ម, ពន្ធកសិផល, ពន្ធចលនទ្រព្យ តម្លៃក្រោម ២៥,០០០ដុល្លារ, មិនយកពន្ធប្រថាប់ត្រា ក្រោម ៧ម៉ឺនដុល្លារ, មិនយកពន្ធប្រថាប់ត្រាលើការផ្ទេអចលនទ្រព្យពីសាច់ញាតិ, ម៉ូតូ និងកង់៣ អត់យកពន្ធផ្លូវទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រឿងបញ្ហារបស់ប្រជាពលរដ្ឋសម្តេចត្រូវយកចិត្តទុកដាក់ទាំងអស់។ តែរឿងបញ្ហារបស់ប្រជាពលរដ្ឋ គឺសម្តេចត្រូវនិយាយ ដោយឡែករឿងពន្ធផ្តើមចេញពីសម្ភាសន៍របស់លោក គង់ វិបុល គឺសម្តេចឱ្យសាមីស្ថាប័នជាអ្នកបកស្រាយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជូនប្រជាពលរដ្ឋថា រាជរដ្ឋាភិបាលអាណត្តទី៧នេះ មិនមានការបង្កើតពន្ធថ្មីលើប្រជាពលរដ្ឋនោះទេ ។ អ្នកខ្លះទៅយកពន្ធដែលគេបង្កើតតាំងពីឆ្នាំ៨២ ថាអានឹងជាពន្ធថ្មី ខំបំភ័យប្រជាពលរដ្ឋ។ បងប្អូន គ្រប់ប្រទេសទាំងអស់ គ្មានប្រទេសណាមិនយកពន្ធនោះទេ តិចឬច្រើន ។ ពន្ធជាអ្វី ជាមធ្យោបាយដែលយើងចែករំលែកពីអ្នកដែលមានលទ្ធភាព ទៅអ្នកដែលអត់លទ្ធភាព ។ លុយចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ គឺមួយផ្នែកបានមកពីការបង់ពន្ធ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពន្ធនៅកម្ពុជា ដែលរាជរដ្ឋាភិបាលយកមានចំនួន១៣មុខ ។ ចំណែកឯប្រទេសគេខ្លះពន្ធដែលគេមានជាង១០០មុខ។ បើរដ្ឋអត់លុយ បានអីណាមកជួយពលរដ្ឋ ជាពិសេសអ្នកដែលរងហានិភ័យ ក្រីក្រ អីចឹងរដ្ឋត្រូវរកលុយខ្លះទៅជួយពួកគាត់ ពីអ្នកមាន ប៉ុន្តែយើងក៏មិនទៅច្របាច់កពួកគាត់នោះដែរ ។ ខ្ញុំសូមបញ្ជាក់ឲ្យច្បាស់ គឺគ្មានពន្ធថ្មីកើតឡើងទេ គ្មានការដាក់ប្រទេសពន្ធនោះទេ , ពន្ធដែលមានស្រាប់គ្មានការដំឡើងអត្រាពន្ធនោះទេ៕

អត្ថបទដែលជាប់ទាក់ទង