ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវយ៉ាងទទួចដល់ម្ចាស់ផ្ទះជួល ម្ចាស់បន្ទប់ជួលក្ដីសូមកុំដំឡើងថ្លៃផ្ទះជួល និងបន្ទប់ជួលនៅក្នុងឆ្នាំ២០២៤

74

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវយ៉ាងទទួចដល់ម្ចាស់ផ្ទះជួល ម្ចាស់បន្ទប់ជួលក្ដីសូមកុំដំឡើងថ្លៃផ្ទះជួល និងបន្ទប់ជួលនៅក្នុងឆ្នាំ២០២៤ ដើម្បីផ្ដល់ការយោគយល់ជួយគ្នាក្នុងស្ថានភាពលំបាកនេះ។

ការអំពាវនាវយ៉ាងដូច្នេះធ្វើឡើក្នុងឱកាសសម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាសចំនួន១៨,០៩៩នាក់ ដែលមានមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣។

គួរជម្រាបថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានសម្រេចនូវការពិភាក្សាដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន២០៤ដុល្លារ ជូនកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ស្បែកជើង និងផលិតផលិតធ្វើដំណើរនិងកាបូប ដោយចាប់អនុវត្តពីខែមករា ឆ្នាំ២០២៤ខាងមុខ រួមជាមួយប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតរក្សាទុកនៅដដែល។

សម្តេចធិបតីនាយករដ្ឋមន្រ្តីបានថ្លែងថា ការដំឡើងប្រាក់ខែត្រឹម៤ដុល្លារ គឺដើម្បីចែកគ្នារស់ក្នុងពេលគ្រាលំបាកនេះ ទោះបីក្នុងចំនួនតិចឬច្រើន គឺជាស្មារតីរួមចែកគ្នារស់ ជួយគ្នារស់ ហើយមានឱកាសពង្រីកទីផ្សារបន្ថែមទៀត រក្សាការងារដែលមានស្រាប់ ព្រមទាំងទាក់ទាញអ្នកវិនិយោគថ្មីមកបណ្ដាក់ទុននៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។

ទន្ទឹមនឹងនោះ សម្ដេចធិបតីក៏បានអំពាវនាវដល់ម្ចាស់ផ្ទះជួល ម្ចាស់បន្ទប់ជួលក្ដីសូមកុំដំឡើងថ្លៃផ្ទះជួល និងបន្ទប់ជួលនៅក្នុងឆ្នាំ២០២៤។ ទោះបីម្ចាស់ផ្ទះជួល ម្ចាស់បន្ទប់ជួលមានការលំបាក តែស្ថានភាពកម្មករនិយោជិតមានការលំបាកជាង ដូច្នេះសូមមានការយោគយល់ទាំងអស់គ្នាក្នុងស្ថានភាពលំបាកនេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថែមទាំងបានណែនាំដល់រដ្ឋាករទឹក និងអគ្គិសនីកម្ពុជាត្រូវបញ្ចុះថ្លៃទឹក និងថ្លៃភ្លើងដល់កម្មករនិយោជិតដែលកំពុងស្នាក់នៅតាមផ្ទះជួល និងដើម្បីជាការគិតគូរដល់ម្ចាស់ផ្ទះជួលផងដែរ។ គួរជម្រាបថា នៅតាមតំបន់ដែលមានបន្ទប់ជួល តម្លៃប្រើប្រាស់អគ្គិសនីត្រឹម៤០០-៦០០រៀលប៉ុណ្ណោះក្នុង១គីឡូវ៉ាត់ម៉ោង ទាបជាងតម្លៃពីមុនដែលមានរហូតដល់២,០០០រៀលក្នុង១គីឡូវ៉ាត់ម៉ោង។ រីឯតម្លៃទឹកបានចុះមកត្រឹម៨០០រៀលក្នុង១ម៉ែត្រគូប ទាបជាងតម្លៃពីមុនដែលមានរហូតដល់២,៥០០រៀលក្នុង១ម៉ែត្រគូប៕

អត្ថបទដែលជាប់ទាក់ទង