ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម វង សូត សង្ឃឹមថាប្រទេសកម្ពុជានិងវៀតណាម នឹងសម្រេចបាននូវការព្រមព្រៀងលើព្រំដែនសីមា ដែលនៅសេសសល់ ក្នុងពេលឆាប់ៗនេះ

47

 

ភ្នំពេញ៖ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានអនុញ្ញាតឱ្យ ឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣។

ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានសម្តែងការពេញចិត្តចំពោះប្រទេសទាំងពីរ កម្ពុជា-វៀតណាម ដែលជាប្រទេសភូមិផង មានទំនាក់ទំនងជាប្រវត្តិសាស្ត្រ ជាប្រពៃណីជាមួយគ្នា។ រហូតមកដល់សព្វថ្ងៃ ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរជាមួយគ្នាលើគ្រប់វិស័យ។

ឯកឧត្តម បានសម្តែងការអបអរសាទរ និងមានមោទនភាពចំពោះប្រទេសទាំងពីរដែលសម្រេចបាននូវសមិទ្ធផលជាច្រើន ជាពិសេសការសម្រេចបាននូវការរៀបចំខ័ណ្ឌសីមា រវាងប្រទេសទាំងពីរ បានប្រមាណ ៨៤% ដែលជាសមិទ្ធផលជាប្រវត្តិសាស្ត្រសម្រាប់អ្នកជំនាន់ក្រោយ និងសង្ឃឹមថាប្រទេសទាំងពីរ និងសម្រេចបាននូវការព្រមព្រៀងលើព្រំដែនសីមា ដែលនៅសេសសល់ ក្នុងពេលឆាប់ៗនេះ។

ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះមិត្តវៀតណាម ដែលតែងជួយឧបត្ថម្ភគាំទ្រដល់កម្ពុជារាប់តាំងពីការជួយស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃ។ ជាមួយគ្នានេះ ឯកឧត្តម បានអរគុណចំពោះជំនួយរបស់វៀតណាមក្នុងការសាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា និងបានសំណូមពរដល់ ឯកឧត្តមអគ្គរដ្ឋទូត ជួយជំរុញដោះស្រាយបញ្ហាផ្សេងក្នុងការបញ្ចាប់ការងារសាងសង់ឱ្យបានឆាប់។

ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ រដ្ឋសភាប្រទេសទាំងពីរ បាននិងកំពុងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយគ្នា ក្នុងគ្រប់កម្រិត។ ជាអាទិ៍ ថ្មីៗនេះរដ្ឋសភាប្រទេសទាំងបី កម្ពុជា-វៀតណាម-ឡាវ បានធ្វើទស្សនកិច្ចសិក្សារួមគ្នាទៅកាន់តំបន់ត្រីកោណ ដើម្បីស្វែងយល់អំពីតម្រូវការរបស់ប្រជាជននៃខេត្តនៅតាមបន្ទាត់ព្រំដែនប្រទេសទាំងបី សំដៅស្វែងរកការអភិវឌ្ឍរួមគ្នា ប្រែក្លាយតំបន់នេះ ទៅជាតំបន់នៃការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ។

ឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាម បានថ្លែងអំណរគុណចំពោះ ឯកឧត្តមអនុប្រធានទី២រដ្ឋសភា ដែលបានអនុញ្ញាឱ្យឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសមនាពេលនេះ។ ឯកឧត្តម បានអបអរសាទរចំពោះកម្ពុជា ដែលទទួលជោគជ័យក្នុងការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងការរៀបចំក្បាលម៉ាស៊ីនដឹកនាំ រដ្ឋសភា និងរដ្ឋាភិបាលថ្មីដោយរលូន។

ក្នុងឱកាសនោះ ឯកឧត្តមអគ្គរដ្ឋទូត បានស្នើរដ្ឋសភាកម្ពុជា ជំរុញការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ និងបង្កើតយន្តការថ្មីៗបន្ថែមទៀត។ ឯកឧត្តម ក៏បានសំណូមពររដ្ឋសភាកម្ពុជា ជួយជំរុញការអនុវត្តកិច្ចព្រមព្រៀងទាំងឡាយ ដែលរដ្ឋាភិបាលទាំងពីរបានឯកភាពគ្នាកន្លងមក ព្រមទាំងបន្តការសហការគ្នាលើការឃោសនាអប់រំ ដើម្បីឱ្យយុវជនជំនាន់ក្រោយបានយល់អំពីទំនាក់ទំនង នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។

ឯកឧត្តម វង សូត បានគាំទ្រ និងឯកភាពចំពោះប្រសាសន៍របស់ ឯកឧត្តមឯកអគ្គរដ្ឋទូត និងបង្ហាញការគាំទ្រចំពោះរដ្ឋាភិបាលទាំងពីរ ក្នុងការតភ្ជាប់ផ្លូវល្បឿនលឿន និងផ្លូវរថភ្លេីង រវាងប្រទេសទាំងពីរ ដែលផ្តួចផ្តើមឡើងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីពេលថ្មីៗ។ ឯកឧត្តម បានគូសបញ្ជាក់ថា នេះជាការរីកចម្រើនថ្មីមួយទៀត ហើយសង្ឃឹមថាប្រទេសទាំងពីរ នឹងសម្រេចបានសមិទ្ធផលទាំងនេះ ក្នុងពេលឆាប់ៗ ដើម្បីជំរុញការអភិវឌ្ឍរួមសម្រាប់ប្រទេសទាំងពីរ កម្ពុជា-វៀតណាម៕

អត្ថបទដែលជាប់ទាក់ទង