ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យុទ្ធនាការសម្អាតទន្លេមេគង្គ និងដាំដើមឈើដើម្បីប្រារព្ធសប្តាហ៍ការទូតបៃតងរបស់សហភាព អឺរ៉ុប ឆ្នាំ២០២៣

69

ភ្នំពេញ ៖ នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៣ ឯកឧត្តម ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប Igor Driesmans និង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចូលរួមផ្តល់កិត្តិយសក្នុងយុទ្ធនាការ
សម្អាតទន្លេមេគង្គ និងដាំដើមឈើនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដែលបានសហការរៀបចំដោយអង្គការសំអាតទន្លេ សមុទ្រ (River Ocean Cleanup) និងមានអ្នកចូលរួមប្រមាណជាង ៤០០នាក់ ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាដែលជាផ្នែក
មួយនៃសប្តាហ៍ការទូតបៃតងរបស់សហភាពអឺរ៉ុបឆ្នាំ ២០២៣។

ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា Igor Driesmans បានមានប្រសាសន៍ថា៖ «ការប្រែប្រួលអាកាសធាតុបង្កជាបញ្ហាប្រឈមរួមគ្នាជាសាកលដែលទាមទារឱ្យមានកិច្ចសហប្រតិ បត្តិការរឹងមាំពីគ្រប់ភាគីពាក់ព័ន្ធពីគ្រប់វិស័យដើម្បីកាត់បន្ថយ និងបន្ស៊ាំទៅនឹងផលប៉ះពាល់ អវិជ្ជមានផ្សេងៗ។ ក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសនានាដែលងាយរងគ្រោះបំផុត
ដោយសារផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ការឆ្លើយតបរបស់កម្ពុជាចំពោះការប្រែប្រួល
អាកាសធាតុគឺជាការងារបន្ទាន់ដើម្បីបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ និងស្តារព្រៃឈើឡើងវិញ កាត់បន្ថយសំណល់ប្លាស្ទិក និងលើកកម្ពស់ថាមពលបៃតង»។

យុទ្ធនាការសម្អាតទន្លេមេគង្គ និង ដាំដើមឈើ មានអ្នកចូលរួមប្រមាណជាង ៤០០នាក់ រួមមានតំណាងមកពីសហភាពអឺរ៉ុប និងរដ្ឋ សមាជិករបស់ខ្លួន តំណាងរដ្ឋាភិបាលកម្ពុជា យុវជន និងសាធារណៈជនទូទៅ។ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ សហភាពអឺរ៉ុបទូទាំងអាស៊ានបានរៀបចំកម្មវិធីជាបន្តបន្ទាប់នៅក្នុងសប្តាហ៍ការទូតបៃតង
របស់សហភាពអឺរ៉ុបឆ្នាំ ២០២៣ ដែលមានយុទ្ធនាការសម្អាតទន្លេមេគង្គ និងការដាំដើមឈើ
ដែលជាពិធីបិទនៃការប្រារព្ធកម្មវិធីនាឆ្នាំនេះ។

នៅក្នុងសុន្ទរកថាបើកកម្មវិធី ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា Igor Driesmans ក៏បានវាយតម្លៃខ្ពស់លើការប្តេជ្ញារបស់ព្រះរាជាណាចក្រកម្ពុជាចំពោះគោលនយោបាយបរិស្ថាន
ដើម្បីធានាឱ្យបាននូវគំរូកំណើនសេដ្ឋកិច្ចបៃតងដែលប្រកបដោយភាពសុខដុមជាមួយនឹងបរិស្ថាន។ «ការសម្រេចបានអន្តរកាលបៃតងមិនមែនផ្អែកតែទៅលើរដ្ឋាភិបាលប៉ុណ្ណោះទេប៉ុន្តែក៏អាស្រ័យលើ
បុគ្គលគ្រប់គ្នា នឹងជាទំនួលខុសត្រូវរួមរបស់យើង»។ ឯកអគ្គរដ្ឋទូត Igor Driesmans បានមានប្រសាសន៍បន្ថែមថា៖ «យើងអាចសម្រេចបាននូវគោលដៅអនាគត ដែលមានបរិស្ថាន
ពោពេញដោយភាពបៃតងស្រស់បំព្រងបានតាមរយៈការធ្វើការរួមគ្នាហើយអ្នករាល់គ្នាត្រូវរួម
ចំណែកធ្វើការងាររបស់ខ្លួន»។

សប្តាហ៍ការទូតអាកាសធាតុត្រូវបានចាប់ផ្តើមប្រារព្ធធ្វើឡើងជាជាលើកដំបូងសម្រាប់សាធារណជនកាលពីឆ្នាំ ២០១៩ ដែលគំនិតផ្តួចផ្តើមនេះបានក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏សំខាន់។ សហភាពអឺរ៉ុបនិងស្ថានទូតនៃប្រទេសសមាជិកនៃសហភាពអឺរ៉ុបជុំវិញពិភពលោកប្រារព្ធកម្មវិធីនេះដើម្បីជំរុញកិច្ច សន្ទនា និងកិច្ចសហប្រតិបត្តិការលើការប្រែប្រួលអាកាសធាតុ។ នៅឆ្នាំនេះ កម្មវិធីសប្តាហ៍ការទូត អាកាសធាតុត្រូវបានប្រែឈ្មោះជា «សប្តាហ៍ការទូតបៃតង» ហើយនៅតែមានបំណងដើរតួនាទី ជាវេទិកាបង្ហាញពីរឿងរ៉ាវជោគជ័យ និងជំរុញឱ្យមានសកម្មភាពបន្ថែមទៀត។

សហភាពអឺរ៉ុប (EU) គឺជាសហភាពសេដ្ឋកិច្ច និងនយោបាយរបស់ប្រទេសសមាជិកចំនួន ២៧ ដែលមានប្រជាជនចំនួន ៤៧០ លាននាក់។ តាមរយៈកិច្ចខិតខំប្រឹងប្រែងធ្វើការរួមគ្នា សហភាពអឺរ៉ុបបានបង្កើតនូវតំបន់ ប្រកបដោយស្ថិរភាព ប្រកាន់យកលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ខណៈពេលដែលរក្សាបាននូវភាពចម្រុះនៃវប្បធម៌ ការអត់ឱន និងសេរីភាពបុគ្គល។ ក្នុងឆ្នាំ ២០១២ សហភាពអឺរ៉ុប បានទទួលរង្វាន់ណូបែលសន្តិភាពសម្រាប់ការជំរុញគោលដៅសន្តិភាព ការផ្សះផ្សា លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅអឺរ៉ុប។ សហភាពអឺរ៉ុប គឺជាប្លុកពាណិជ្ជកម្មដ៏ធំបំផុតរបស់ពិភពលោក និងជាប្រភព និងទិសដៅនៃការវិនិយោគផ្ទាល់ពីបរទេសដ៏ធំបំផុតរបស់ពិភពលោក។ រួមបញ្ចូលគ្នា សហភាពអឺរ៉ុប និងរដ្ឋជាសមាជិក របស់ខ្លួន គឺជាម្ចាស់ជំនួយដ៏ធំបំផុតនៃជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដែលផ្តល់មូលនិធិច្រើនជាងពាក់កណ្តាលនៃ ODA នៅទូទាំងពិភពលោក។

ប្រទេសសមាជិកទាំង ២៧ របស់សហភាពអឺរ៉ុប (តាមលំដាប់លំដោយ) គឺមាន៖ ប្រទេសបែលហ្ស៊ិក ប៊ុលហ្គារី សាធារណរដ្ឋឆេក ដាណឺម៉ាក អាល្លឺម៉ង់ អេស្តូនី អៀរឡង់ ក្រិក អេស្ប៉ាញ បារាំង ក្រូអាត អ៊ីតាលី ស៊ីប ឡាតវី លីទុយអានី លុចសំបួ ហុងគ្រី ម៉ាល់តា ហូឡង់ អូទ្រីស ប៉ូឡូញ ព័រទុយហ្គាល់ រូម៉ានី ស្លូវេនី ស្លូវ៉ាគី ហ្វាំងឡង់ និងស៊ុយអែត៕

អត្ថបទដែលជាប់ទាក់ទង