ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សត្វផ្សោត ៦ប្រភេទ ខណៈសត្វផ្សោតទឹកសាប កំពុងប្រឈមនឹងការផុតពូជ

37

ភ្នំពេញ .កម្ពុជាបានប្ដេជ្ញាចិត្ត ក្នុងការចូលរួមការពារសត្វផ្សោតទន្លេមេគង្គ និងទីជម្រករបស់ សត្វផ្សោត ខណៈសត្វផ្សោតទឹកសាបសរុបចំនួន៦ប្រភេទ កំពុងប្រឈមនឹងការផុតពូជ។
គណៈប្រតិភូតំណាងកម្ពុជា មកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល  និងតំណាងមកពីអង្គការ WWF បានចូលរួមកិច្ចប្រជុំជាអន្តរជាតិ មួយស្តីពី “ការថ្លែងជាសកលក្នុងការការពារសត្វផ្សោតទឹកសាបពិភពលោក” និងបានបង្ហាញពីការ សមិទ្ធផលការងារ ការស្រាវជ្រាវតាមបែបផែនបច្ចេកទេសវិទ្យាសាស្រ្ត និងការប្តេជ្ញា ចិត្តក្នុងការអភិរក្សសត្វផ្សោតទឹកសាបក្នុងប្រទេសផង។

លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ថា នៅក្នុងការ ចូលរួម ប្រជុំនៅប្រទេសកូឡុំប៊ីនាឱកាសនេះ កម្ពុជាបានបង្ហាញពីសក្តានុពល នៃធនធានជល ផល និងការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់កម្ពុជា ក្នុងការការពារសត្វផ្សោតទន្លេ មេគង្គដ៏មាន តម្លៃឥតគណនា។
បន្ថែមពីនេះ លោកជំទាវ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ផ្តោតការយក ចិត្តទុកដល់កិច្ចការពារអភិរក្សសត្វផ្សោត និងធនធានវារីសាស្រ្តក្នុងតំបន់ស្របតាមគោល នយោបាយបញ្ចកោណ ដោយគាំទ្រ និងជំរុញការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធរាប់ចាប់ពីអ្នក សិល្បៈ សហគមន៍មូលដ្ឋាន អ្នកបច្ចេកទេសវិទ្យាសាស្រ្ត ដៃគូអភិវឌ្ឍជាតិ និងអន្តរជាតិនានា រួមគ្នា ដើម្បីធានាចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ធន់នឹងការប្រែប្រួលអាកាសធាតុ។

លោក សេង ទៀក នាយកអង្គការ WWF បានមានប្រសាសន៍ថា ការចូលរួមពីគ្រប់ ភាគីទាំងអស់គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការការពារ និងអភិរក្ស សត្វផ្សោតទន្លេមេគង្គ។ តួយ៉ាងនៅក្នុងការថ្លែងជាសកលរួមគ្នាក្នុងការការពារ សត្វផ្សោត ទឹកសាបនាពេលនេះ កម្ពុជាបានពាំនាំការចូលរួមពីអ្នកមានប្រជាប្រិយភាពក្នុងសង្គមដូចជា អ្នកនាងសោភា អ្នកបច្ចេកទេសវិទ្យាសាស្រ្តពីរាជរដ្ឋាភិបាល ដោយធ្វើការក្នុងភាពជា ដៃគូយ៉ាងជាមួយអង្គការ WWF  បង្ហាញ ពី សុឆន្ទៈរួម ដ៏ សំខាន់ ដើម្បី ផ្តល់ក្តីសង្ឃឹមដល់ការ រស់រាន មាន ជីវិត របស់ សត្វ ផ្សោតទន្លេមេគង្គ។
ជាមួយគ្នានេះដែរ វីដេអូបទចម្រៀង «ផ្សោតដួងចិត្ត» ដែលច្រៀងដោយអ្នកនាង មាស សុខសោភា បានបង្ហាញយ៉ាង មោទនភាពនៃវត្តមានផ្សោតទន្លេមេគង្គកម្ពុជា នៅក្នុងកិច្ចប្រជុំជាអន្តរជាតិនេះ។
អ្នកនាងមាសសុខសោភា បានលើកឡើងថា “ខ្ញុំមានមោទនភាពណាស់ ដែលបាន ច្រៀង និងបង្ហាញពីសម្បត្តិធម្មជាតិរបស់កម្ពុជាទៅអន្តរជាតិ ជាពិសេសសអំពី សត្វផ្សោត ទន្លេមេគង្គដែលត្រូវបានចាត់ទុកថាជារតនសម្បត្តិជាតិមានជីវិត។ នេះគឺជាមោទនភាព មួយយ៉ាងធំធេង ដែលយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាការពារ និងគាំទ្រការអភិរក្សសត្វ ផ្សោតទន្លេមេគង្គទាំងអស់គ្នា ដើម្បីរក្សាបរិស្ថានធម្មជាតិ និងទាក់ទាញភ្ញៀវទេសចរ មកកម្ពុជាកាន់តែច្រើនឡើង”។
សូមបញ្ជាក់ថា កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន១៤ ក្នុងពិភពលោក ដែលនៅមានសត្វផ្សោតទឹកសាបដ៏កម្ររស់នៅក្នុងទន្លេ(មេគង្គ)៕ សំរិត

អត្ថបទដែលជាប់ទាក់ទង