ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញ សំណូមពរឲ្យ អូស្ត្រាលីពិនិត្យលទ្ធភាព ដើម្បីវិនិយោគលើសេវាដឹកជញ្ជូនសាធារណៈនៅរាជធានីភ្នំពេញ

51

 

ភ្នំពេញ​ ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ សំណូមពរឲ្យ អូស្ត្រាលី
ពិនិត្យលទ្ធភាព ដើម្បីវិនិយោគលើសេវាដឹកជញ្ជូនសាធារណៈនៅរាជធានីភ្នំពេញ ខណៈដែលកំណើនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ចេះតែកើនឡើងប្រឈមទៅហ្នឹងការកកស្ទះចរាចរណ៍។

ការសំណូមពរបែបនេះរបស់ឯកឧត្តមឃួង ស្រេងបានធ្វើឡើង នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ
ក្នុងជំនួបពិភាក្សាការងារជាមួយ លោកចាស្ទីន វ៉ាយអេត (Justin Whyatt)ឯកអគ្គរាជទូត វិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តមឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា រាជធានីភ្នំពេញ បានឆ្លងកាត់នូវសង្គ្រាមយ៉ាងច្រើន ពិសេសនៅក្នុងរបបប៉ុលពត កម្ពុជាបានធ្លាក់ដល់ចំណុចសូន្យ។ តែក្រោយឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន ក្រៅពីរំដោះប្រទេសពីរបបប៉ុល ពតហើយនោះ នូវបានអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានភាពរីកចម្រើនថែមទៀត ដែលគិតមកពេលនេះ រាជធានីភ្នំពេញមានប្រជាពលរដ្ឋស្នាក់នៅ និងចេញចូលរកស៊ីប្រមាណជា៣លាននាក់ មានរថយន្តប្រមាណ៧៥ម៉ឺនគ្រឿង និងម៉ូតូជាង២លាន២សែនគ្រឿង ពោលគឺចំនួនមនុស្សនិងយានយន្តសឹងតែស្មើគ្នាទៅហើយ កត្តានេះហើយដែលធ្វើឲ្យរាជធានី ប្រឈមទៅនឹងការកកស្ទះបរាចរណ៍រាល់ថ្ងៃ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីរដ្ឋបាលរាជធានីភ្នំពេញបានប្រឹងប្រែងដោះស្រាយជាបន្តបន្ទាប់ ដោយបានកសាង ស្ពានអាកាស និងស្ពានឆ្លងទន្លេជាដើម។ ជាក់ស្តែង កាលម្សិលមិញនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកឲ្យដំណើរការស្ពានឆ្លងកាត់ទន្លេកោះពេជ្រ-កោះនរា ឱ្យធ្វើចរាចរផ្លូវទាំងសងខាង ដែលវាអាចដោះស្រាយចរាចរណ៍បានមួយកម្រិតថែមទៀត។ ប៉ុន្តែទោះបីជាយ៉ាងក្តីរដ្ឋបាលរាជធានីភ្នំពេញ ក៏នៅតែគិតគូរពីបញ្ហាការប្រឈមទាំងនេះ ។ ឯកឧត្តម សំណូមពរឲ្យអ្នកមាននិយោគទុនរបស់អូស្រ្តាលីពិនិត្យលទ្ធភាព ដើម្បីវិនិយោគទៅលើការដឹកជញ្ជូនសាធារណៈនៅរាជធានីភ្នំពេញ។

ឯកឧត្តមឃួង ស្រេងក៏បានបញ្ជាក់ផងដែរថា ក្រៅពីប្រឈមនឹងបញ្ហាចរាចរណ៍រាជធានីភ្នំពេញក៏មានបញ្ហាប្រឈម ទៅនឹងបញ្ហាប្រព័ន្ធលូប្រឡាយផងដែរ ដែលបញ្ហានេះ សម្ដេចបវរធិបតីហ៊ុន ម៉ាណែត យកចិត្តទុកដាក់ណាស់ ដោយធ្វើយ៉ាងណាឲ្យរាជធានីភ្នំពេញលែងលិចលង់ ក្នុងរយៈពេល៤ឆ្នាំទៀត។

លោកចាស្ទីន វ៉ាយអេត (Justin Whyatt)បានមានប្រសាសន៍លើកឡើងថា៖ កាលពីឆ្នាំ២០០១លោកបានមកបំពេញការងារនៅភ្នំពេញ តែ២០ឆ្នាំចុងក្រោយនេះ ពេលលោកមកដល់ភ្នំពេញម្តងទៀតឃើញថា ភ្នំពេញពិតជាមានការអភិវឌ្ឍន៍រីកចម្រើនលឿនខ្លាំង នេះគឺជាជោគជ័យមួយរបស់រាជធានីភ្នំពេញ ដែលធ្វើឲ្យប្រជាពលរដ្ឋនៅតាម ខេត្តសម្រុកចូលមករកស៊ីនៅរាជធានីភ្នំពេញ ដែលធ្វើឲ្យប្រឈមទៅនឹងការកកស្ទះចរាចរណ៍និងបញ្ហាទឹកស្អាតថែមទៀត។

លោកបញ្ជាក់ផងដែរថា ការមកសម្ដែងការគួរសមនេះ លោកមានបំណង ចង់ស្ដាប់ពីបញ្ហាប្រឈមនានារបស់រដ្ឋបាលរាជធានីភ្នំពេញ និងការដោះស្រាយប្រឈមទាំងនោះ ។ លោកចាស្ទីន វ៉ាយអេត បានបន្តទៀតថា ទំនាក់ទំនងរវាងកម្ពុជានិងអូស្ត្រាលី បានស្វែងរកសេដ្ឋកិច្ចជាច្រើន ពិសេសលើវិស័យកសិកម្ម ដោយបានគៀរគរអ្នកវិនិយោគអូស្ត្រាលីមកវិនោយោគលើវិស័យនេះជាច្រើន។ ទំនាក់ទំនង រវាងកម្ពុជានិងអូស្ត្រាលី ទទួលបានផ្លែផ្កាកាន់តែល្អ ទាំងខាងសេដ្ឋកិច្ច កសិកម្ម នគរបាល ការពារជាតិនិងសន្តិសុខជាដើម៕

អត្ថបទដែលជាប់ទាក់ទង