ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា គូសបញ្ជាក់ថា គោលនយោបាយវិស័យកសិកម្មថ្មី ផ្តោតអាទិភាពលើការដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ

31

 

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមជាមួយកញ្ញា Moonjung CHOI នាយកទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការ និងបន្តធ្វើការសហការជិតស្និទ្ធជាមួយគ្នា ដើម្បីចូលរួមជួយវិស័យកសិកម្មកម្ពុជាស្របតាមគោលនយោបាយនៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ឱ្យមានសន្តិសុខស្បៀង និងប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ ជាពិសេសចូលរួមជំរុញសហគមន៍កសិកម្មតាមគំរូថ្មី។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គោលនយោបាយវិស័យកសិកម្មថ្មី ផ្តោតអាទិភាពលើការដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ ដើម្បីជួយគាំទ្រដល់កសិករក្នុងខ្សែច្រវាក់ផលិតកម្ម និងអន្តរាគមន៍ផ្សេងៗបានទាន់ពេលវេលា។ ទន្ទឹមនឹងនេះដែរ គឺការជំរុញសហគមន៍កសិកម្មគំរូថ្មី ដែលមានទុននិងធនធានគ្រប់គ្រាន់ ក្នុងការធ្វើផលិតកម្មកសិកម្មក្នុងទ្រង់ទ្រាយធំ និងអាចធ្វើកិច្ចសន្យាជាមួយអ្នកវិនិយោគបានប្រកបដោយទំនុកចិត្ត។ លើសពីនេះទៀត កម្ពុជាមានមន្ទីរពិសោធន៍ជាតិ ដែលមានសមត្ថភាពត្រួតពិនិត្យគុណភាពផលិតកសិកម្ម ដើម្បីធានាសុវត្ថិភាពផលិតផលសម្រាប់អ្នកប្រើប្រាស់។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី ជាគោលនយោបាយគឺត្រូវធ្វើយ៉ាងណាត្រូវកាត់បន្ថយថ្លៃដើមផលិត ដើម្បីឱ្យកសិករទទួលបានផលចំណេញច្រើន ដោយក្នុងនោះមានកិច្ចការមួយចំនួនដែលត្រូវការសហការចូលរួមដោះស្រាយដោយយកចិត្តទុកដាក់ ដូចជា ផ្នែកថាមពលនិងប្រព័ន្ធស្រោចស្រព តាមរបៀបឆ្លាតវៃ ព្រមទាំងការគ្រប់គ្រងគុណភាពដីកសិកម្ម។ ទាក់ទងនឹងកសិកម្មឆ្លាតវៃទំនើបនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យភាគីកូរ៉េ ពិនិត្យលទ្ធភាពសហការជាមួយសាកលវិទ្យាល័យកសិកម្មលើការសិក្សាស្រាវជ្រាវបន្ត។

ភាគីទាំងពីរបានលើកឡើងអំពីការបន្តកិច្ចសហការបន្ថែមទៀត ធ្វើការពិនិត្យតាមដានជាមួយគ្នាក្នុងការអនុវត្តគម្រោងឱ្យមានប្រសិទ្ធភាព និងមាននិរន្តរភាពពិតប្រាកដ ដែលនឹងជួយនិងផ្តល់ប្រយោជន៍ដល់កសិករ៕

អត្ថបទដែលជាប់ទាក់ទង