ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋ រស់នៅខណ្ឌពោធិ៍សែនជ័យ ជិត២០នាក់ ស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញ ជួយធ្វើប្លង់កម្មសិទ្ធិដីធ្លី ដាក់លូ ធ្វើផ្លូវ ទឹកស្អាត និងបញ្ហាប្រឈមមួយចំនួន សម្រាប់បំពេញតម្រូវការប្រចាំថ្ងៃ

82

 

ភ្នំពេញ ៖ ពីវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋចូលរួមប្រមាណជិត៦០០នាក់ និងបានលើកឡើងនូវ សំណើរ សំណូមពរយ៉ាងផុលផុសដែលក្នុងនោះពួកគាត់បានលើកឡើងនូវសំណើរផ្ទាល់មាត់ចំនួន១៧នាក់ ស្នើនឹង២៣បញ្ហា និងតាមប្រអប់សំបុត្រចំនួន១០០នាក់ផ្សេងទៀត។

រាល់សំណើរនិងសំណូមពរ សុំអោយអាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយនូវទុក្ខកង្វល់របស់ពួគគាត់ ដែលភាគច្រើនស្នើសុំធ្វើប្លង់កម្មសិទ្ធិលើអចលនៈទ្រព្យ ស្នើសុំជួសជុលនិងដាក់លូ ជួសជុលផ្លូវ ស្នើសុំឱ្យពិនិត្យឡើងវិញលើការបង់ពន្ធដីធ្លីកន្លងមក ដោះស្រាយការបញ្ហាលិចលង់ភូមិដ្ឋានដោយជំនន់ទឹកភ្លៀង នឹងបញ្ហាមួយចំនួនដែលសេសសលពីគម្រោងអភិវឌ្ឍន៍មូលដ្ឋាន ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងឆ្នាំកន្លងទៅ។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌពោធ៦សែនជ័យនេះ ធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ជួប ខុន សមាជិកក្រុមប្រឹក្សានិងជាតំណាងឯកឧត្តមប្រធានប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង ឯកឧត្តម ហួត ហៃ អភិបាលរង តំណាងឯកឧត្តមអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ធជាច្រើនទៀត នៅក្នុងបរិវេណ វត្តពោធិ៍ចិនតុង។

ឆ្លើយតបនៅចំពោះមុខប្រជាពលរដ្ឋពាក់ព័ន្ធនឹងសំណើរសុំធ្វើផ្លូវ ជួសជុលផ្លូវ ដាក់លូ ស្តាលូ ប្រឡាយ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន ក៏បានបង្ហាញពីកិច្ចសហការជាមួយរដ្ឋបាលខណ្ឌ ដើម្បីដោះស្រាយនូវសំណើរទាំងឡាយណា ដែលស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួនឱ្យបានឆាប់ តាមតែអាចធ្វើទៅបាន។ ចំពោះសំណើរណាដែលមានទំហំថវិកាលើសពីដែនសមត្ថកិច្ចរបស់មន្ទីរ លោកនឹងចុះសិក្សាលំអិតរួចដាក់ជូនអភិបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យនិងសម្រេចដោះស្រាយជូនទៅតាមផែនការជាបន្តបន្ទាប់នៅពេលក្រោយ។
ចំណែកឯបញ្ហាទីតាំងដាក់សំរាមនៅផ្សា សិនជួរី បញ្ហាពន្ធដា បញ្ហាធ្វើអត្ថសញ្ញាណបណ្ណហួសសុពលភាព និងបញ្ហាពាក់ព័ន្ធមួយចំនួនទៀត ត្រូវបានអញ្ជើញមន្រ្តីជំនាញឡើងមកពន្យល់និងចូលរួមដោះស្រាយជូនប្រជាពលរដ្ឋទាំងនោះ ប៉ុន្តែយ៉ាងអាជ្ញាធរក៏បានសុំការយោគយល់ពីប្រជាពលរដ្ឋផងដែរ ចំពោះការយឺតយាវដោយសារត្រូវដោះស្រាយទៅតាមជំហានជាបន្តបន្ទាប់ជូន។

នាឱកាសនោះ ឯកឧត្តម ហួត ហៃ បានមានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនាព្រឹកនេះ មានពលរដ្ឋចូលរួមយ៉ាងផុសផុលទាំងផ្ទាល់មាត់ និងតាមប្រអប់សំបុត្រ បើទោះជាបញ្ហាខ្លះ ស្ថិតនៅក្នុងគម្រោងផែនការអភិវឌ្ឍន៍៣ឆ្នាំរំកិលក្តី តែយើងបានបកស្រាយពន្យល់ជូនពួកគាត់បានជ្រាបហើយដែរ។ ឯកឧត្តមបន្តថា ចំពោះសំណើរសុំដែលមិនទាន់បានដោះស្រាយ យើងនឹងបន្តយកទៅពិភាក្សា និងដោះស្រាយតាមក្រោយទៀត។

ឯកឧត្តម ហួត ហៃ បានលើកឡើងទៀតថា ប្រទេសកម្ពុជា នៅបន្តរក្សាបានសុខសន្តិភាព សុខសន្តិភាពនេះហើយ ដែលបានធ្វើដោយកម្ពុជាយើងអាចធ្វើជាម្ចាស់ផ្ទះ សំរាប់កម្មវិធីធំៗ ជាក់ស្តែង ដូចជា កិច្ចប្រជុំកំពូលអាស៊ាន ការប្រកួនកីឡាស៊ីហ្គេមជាដើម។ សមិទ្ធផលធំមួយទៀត ដែលកម្ពុជាសំរេចបាននោះ គឺកម្ពុជាឈរជើងយ៉ាងរឹងមាំនិងមិនក្ស័យធន រក្សាបានកំណើតសេដ្ឋកិច្ចថែមទៀត ខណៈពិភពលោកកំពុងឈមបញ្ហាសេដ្ឋកិច្ច បណ្តាលមកពីជម្ងឺកូវីដ-១៩ និងសង្ក្រាមនៅអ៊ុយក្រែនជាដើម។

ជាមួយគ្នានោះ ឯកឧត្តម ជួប ខុន បានលើកឡើងថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះ ធ្វើឡើងក្នុង១ឆ្នាំម្តង ក្នុងត្រីមាសទី៤ អំឡុងខែ តុលា វិច្ឆិកា និងខែធ្នូ ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរនិងសំណើររបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន បញ្ហាអភិវឌ្ឍន៍មូលដ្ឋាន និងការផ្តល់សេវាសាធារណៈជាដើម។ តាមរយៈវេទិកានេះ ក៏ចង់បង្ហាញពីសកម្មភាពការងាររបស់អាជ្ញាធររាជធានីភ្នំពេញ ដែលបានបំពេញការងារបំរើប្រជាពលរដ្ឋកន្លងមកនោះតើបានគ្រប់ជ្រុងជ្រោយទេ ឬនៅមានចំណុចខ្វះខាតអ្វីខ្លះ ដើម្បីឱ្យប្រជាពលរដ្ឋលើកឡើងពីចំណុចខ្វះខាតទាំងនោះ យកមកបំពេញបន្ថែម ធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញ មានសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថានល្អ មានការអភិវឌ្ឍន៍ ជាមួយនិងការផ្តល់សេវាសាធារណៈ បានកាន់ល្អប្រសើរ ឆ្លើយតបទាន់ពេលវេលាជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទាំងមូល៕

អត្ថបទដែលជាប់ទាក់ទង