ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនជាតិចិនម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់ក្នុងរថយន្ត ប្រហែលឃាតករបាញ់សម្លាប់

105

 

ខេត្តបន្ទាយមានជ័យ : ជនជាតិចិនម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់ក្នុងរថយន្ត Lexus RX-330 ពណ៌ស ប្រហែលជាករណីឃាតកម្ម បាញ់សម្លាប់ ស្ថិតនៅចំណត រថយន្តស្ថានីយ៍អ្នកដំណើរទេសចរណ៍អន្តរជាតិ ប៉ោយប៉ែត ក្នុងភូមិបណ្ដូងមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនៅវេលាម៉ោង ៨ ព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

សមត្ថកិច្ចជំនាញបានឲ្យដឹងថា មានប្រជាពលរដ្ឋ ប្រទះឃើញរថយន្ត១គ្រឿង ចតចោលនៅចំណុចខាងលើកប្រហែល២ថ្ងៃកន្លងមកហើយ សង្ស័យក៏បានទៅអើតមើលក៏ប្រទះឃើញសពមនុស្សម្នាក់ស្លាប់ក្នុងរថយន្ត បានរាយការណ៍ប្រាប់សមត្ថកិច្ចតែម្ដងឲ្យចុះមកពិនិត្យសព។

សពដែលប្រទះឃើញស្លាប់ក្នុងរថយន្តឡិចស៊ីស RX-330 ពាក់ស្លាកលេខ ភ្នំពេញ 2AP-6254 ដេកស្លាប់នៅកៅអីខាងមុខផ្នែកខាងស្តាំ ដែលមានស្នាកស្នាម៤កន្លែង ដែលឃាតករ បាញ់ក្បាលពីក្រោយធ្លាយមកភ្នែកខាងស្តាំ និងបាញ់សៀតផ្កាខាងឆ្វេងធ្លាយមកស្តាំ។

សពដែលស្លាប់ជាបុរសអាយុប្រមាណជិត៣០ឆ្នាំ អាចជាជនជាតិចិនរឺជនជាតិតៃវ៉ាន់ ដែលមានស្នាកស្នាមគ្រាប់អាវុធ បាញ់ទៅលើជនរងគ្រោះបណ្តាលស្លាប់ភ្លាមៗ សពដែលស្លាប់រយៈពេល២យប់មកហើយស្ថានភាពសពហើមមុខឡើងខៀវមិនស្គាល់។

ករណីប្រទះឃើញសពដេកស្លាប់ក្នុងរថយន្តឡិចស៊ីសRX-330 អាចជាករណីឃាតកម្មបាញ់សម្លាប់ ក្នុងរថយន្តដែលបាញ់កៀកមានស្នាកស្នាម រកឃើញវត្ថុតាងមានសំបកគ្រាប់ចំនួន ២គ្រាប់ ប្រភេទអាវុធខ្លីម៉ាកឡក់បណ្តាលស្លាប់ភ្លាមៗហើយ ជនដៃដល់បានទុកសពលើរថយន្តហើយគេចខ្លួនបាត់។

ករណីឃាតកម្មបាញ់សម្លាប់យកទៅចោលក្នុងរថយន្តនោះ សមត្ថកិច្ចជំនាញក្រោយពិនិត្យសពជនរងគ្រោះ ហើយយកទៅតម្កលទុកនៅវត្តប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត៕

អត្ថបទដែលជាប់ទាក់ទង