ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម វង សូត ផ្តល់អនុសាសន៍ឱយុវជនយើង តូ្រវបន្តខិតខំសិស្សារៀនសូត្រ អភិវឌ្ឍសមត្ថភាព និងត្រូវចូលរួមកសាងមិត្តភាព និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីសន្តិភាព និងការអភិវឌ្ឍ

60

ភ្នំពេញ៖ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ និងតំណាងសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចូលជួបសម្តែងការគួរសម និងធ្វើសវនាការ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។

ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានសម្តែងនូវមោទនភាពចំពោះក្មួយៗ ដែលជាប្រតិភូតំណាងកម្ពុជា ដែលនឹងចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន ក្រោយពីបានឆ្លងការប្រលងជម្រុះជាច្រើនតំណាក់កាលក្នុងចំណោមបេក្ខជនប្រមាណជាង៦០០នាក់ ដែលនេះឆ្លុះបញ្ចាំងអំពីសមត្ថភាពពិតប្រាកដរបស់ក្មួយៗ។

ឯកឧត្តម បានគូសបញ្ជាក់ថា ក្មួយៗក៏ដូចជាយុវជនគ្រប់រូបក្នុងសម័យកាលនេះ ពិតជាតិមានភ័ព្វសំណាងខ្លាំងណាស់ ដោយប្រទេសជាតិមានសុខសន្តិភាពពេញលេញ មានហេដ្ឋារចនាសម្ព័ន្ធ ដូចជាសាលារៀននិងសម្ភារៈទំនើបៗក្នុងការសិក្សាស្រាវជ្រាវ ជាពិសេស គឺមានថ្នាក់ដឹកនាំដែលតែងគិតគូរពីធនធានមនុស្ស និងអនាគតរបស់យុវជន។

កន្លងមក រហូតដល់បច្ចុប្បន្ន រដ្ឋសភារបស់យើងក៏មានតំណាងរាស្រ្តវ័យក្មេងផងដែរ ដែលត្រូវបានប្រជាពលរដ្ឋយើងមានជឿជាក់ចំពោះសមត្ថភាពជាអ្នកដឹកនាំវ័យក្មេង ដើម្បីចូលរួមចំណែកក្នុងការដឹកនាំនាវាកម្ពុជាបន្តរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍកាន់តែជឿនលឿនបន្ថែមទៀត។

ឯកឧត្តម បានផ្តាំផ្ញើដល់ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍ ដែលជាអ្នកការទូតតំណាងឱ្យកម្ពុជា ស្មើមុខស្មើមាត់ជាមួយប្រទេសដទៃ ត្រូវមានភាពស្អិតរមួត ក្នុងការធ្វើសហប្រតិបត្តិការអន្តរជាតិ កសាងមិត្តភាព និងរៀនសូត្របទពិសោធន៍ថ្មីៗពីគ្នាទៅវិញទៅមក ដើម្បីបុព្វហេតុសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ។

គួរបញ្ជាក់ថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន លើកទី៤៧នេះ នឹងរៀបចំឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែវិច្ចិកា រហូតដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង