ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីការបរទេសកម្ពុជា និងរដ្ឋមន្ត្រីការបរទេសជប៉ុន ប្ដេជ្ញាបន្ដធ្វើឱ្យស៊ីជម្រៅ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន

33

 

ជប៉ុន ៖ នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្តី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានជំនួបទ្វេភាគីជាមួយលោកជំទាវ កាមិកាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុន នៅទីស្ដីការក្រសួងការបរទេសជប៉ុន ក្នុងឱកាសនៃកិច្ចប្រជុំកំពូលរំលឹកខួប អនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរខួប៥០ឆ្នាំ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន- ជប៉ុន នៅទីក្រុងតូក្យូ។

លោកជំទាវ កាមិកាវ៉ា – យ៉ូកុ បានសម្តែងនូវអំណរគុណចំពោះឯកឧត្តម សុខ ចិន្តាសោភា ដែលបានចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ខណៈដែល ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវអំណរសាទរចំពោះប្រទេសជប៉ុន ដែលបានធ្វើម្ចាស់ផ្ទះរៀបចំ ព្រឹត្តិការណ៍ដ៏សំខាន់នេះដោយជោគជ័យ។
រដ្ឋមន្ត្រីការបរទេសទាំងពីរបានរំលឹកអំពីជំនួបប្រកបផ្លែផ្កាតាមទូរស័ព្ទ កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៣ និងទទួលស្គាល់ថា ឆ្នាំ ២០២៣ គឺជាឆ្នាំដ៏មានអត្ថន័យសម្រាប់កម្ពុជា និងជប៉ុន ដោយសារជាឆ្នាំខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរបស់ខ្លួនផង និងជាឆ្នាំដែល ប្រទេសទាំងពីរបានដំឡើងកម្រិតទំនាក់ទំនងទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ផង ដែលជាកម្រិតល្អប្រសើរបំផុតក្នុងប្រវត្តិនៃទំនាក់ទំនងកម្ពុជា-ជប៉ុន។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្ត បន្តពង្រឹង និងពង្រីកបន្ថែម នូវទំនាក់ទំនងទ្វេភាគីនិងកិច្ចសហប្រតិបត្តិការរពហុវិស័យដែលកំពុងរីកចម្រើនរវាងប្រទេសទាំងពីរ រួមមានវិស័យនយោបាយ សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ ការពារជាតិ និងសន្តិសុខ ការបោសសម្អាតមីន ប្រតិបត្តិការក្សាសន្តិភាព ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ការអភិវឌ្ឍធនធាន
មនុស្ស ការអភិវឌ្ឍឌីជីថល និងសន្តិសុខអ៊ីនធឺណិត។ ភាគីទាំងពីរក៏បានអបអរសាទរចំពោះ ជោគជ័យនៃកិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីលើកទី១ រវាងក្រសួងការបរទេសទាំងពីរ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ និងបានគូសបញ្ជាក់អំពីសារសំខាន់នៃការរៀបចំកិច្ចប្រជុំនេះឱ្យបាន ទៀតទាត់។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់សាជាថ្មីនូវអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជន ជប៉ុន ដែលបានរួមចំណែកយ៉ាងសំខាន់ចំពោះដំណើរការសន្តិភាពនៅកម្ពុជា ព្រមទាំងជំនួយ និង ការគាំទ្រដ៏ថ្លៃថ្លាសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។ ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍ រវាងជប៉ុន និងកម្ពុជា រដ្ឋមន្ត្រីទាំងពីរ ទន្ទឹងរង់ចាំលទ្ធផលជាផ្លែផ្កានៃកិច្ចប្រជុំអន្តរក្រសួងកម្ពុជា- ជប៉ុន ដែលគ្រោងរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅទីក្រុងភ្នំពេញ នៅដើមឆ្នាំ២០២៤ ដើម្បីពិនិត្យសម្រេចលើសេចក្តីព្រាងគោលនយោបាយជំនួយសម្រាប់កម្ពុជា សម្រាប់រយៈពេល ៥ឆ្នាំ
២០២៤-២០២៨។
លើសពីនេះទៀត រដ្ឋមន្ត្រីការបរទេសទាំងពីរ បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរបន្ថែមទៀត នៅក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ រួមមាន អង្គការសហប្រជាជាតិ និងអាស៊ាន-ជប៉ុន។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាពាក់ព័ន្ធបញ្ហាតំបន់ និងអន្តរជាតិដែលជា ក្តីបារម្ភរួម ដូចជា ស្ថានភាពនៅមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង និងខាងកើត កូរ៉េខាងជើង និង ជម្លោះអ៊ីស្រាអែល-ហាម៉ាស់ ជាដើម៕

អត្ថបទដែលជាប់ទាក់ទង