ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីររៀបចំដែនដីខេត្តព្រះសីហនុ ប្រជុំបិទផ្សាយទិន្នន័យជាសាធារណ: នូវឯកសារនៃការវិនិច្ឆ័យ នៅភូមិស្មាច់ដែង

61

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក សល់ឡេះ យូសុះ អភិបាលរងស្រុកព្រៃនប់ អញ្ជើញជាអធិបតីភាពក្នុងពិធីស្តីពីការបិទផ្សាយទិន្នន័យជាសាធារណ: នូវឯកសារនៃការវិនិច្ឆ័យ នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងមានការចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ សមាជិកគណៈកម្មការរដ្ឋបាល និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ប្រារព្ធនៅវត្តស្មាច់ដែង ឃុំរាម ខេត្តព្រះសីហនុ ។

លោក ចេង ស្រុង ប្រធានមន្ទីរ បានថ្លែងថា ការការបិទផ្សាយទិន្នន័យជាសាធារណ: នូវឯកសារនៃការវិនិច្ឆ័យ គឺជាផ្នែកមួយនៃការរួមចំណែកក្នុងការអភិវឌ្ឍន៍ភូមិ-ឃុំ និងសង្គមជាតិរបស់យើង តាមរយៈការទទួលបាននូវសុវត្ថិភាពលើការកាន់កាប់ដីធ្លី ជាពិសេសកាត់បន្ថយជម្លោះដីធ្លីនៅក្នុងខេត្តព្រះសីហនុ ដើម្បីឈានដល់ការសម្រេចចេញបណ្ណកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋ។

លោកប្រធានបានបន្តទៀតថា ការបិទផ្សាយទិន្នន័យជាសាធារណ: នូវឯកសារនៃការវិនិច្ឆ័យ នេះ គឺដោយសារមានការជម្រុញពីសំណាក់ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុរួមទាំងការចង្អុលបង្ហាញរបស់ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ និងជាពិសេសក្រោមដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទើបធ្វើឱ្យដំណើរការនៃការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋនៅតាមបណ្ដាភូមិ-ឃុំ-ស្រុក ទូទាំងខេត្តព្រះសីហនុទាំងមូល មានភាពឆាប់រហ័ស និងទទួលបានលទ្ធផលល្អ។
លោកប្រធានមន្ទីរថ្លែងអំរគុណ ដល់ក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធបានសហការគ្នា ដោយសម្រួលដល់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ នឹងជម្រុញអោយប្រជាពលរដ្ឋចូលរួមឲ្យបានគ្រប់គ្នា ដើម្បីអោយដំណើរការចុះបញ្ជីដីធ្លីនេះ ទទួលបានជោគជ័យ៕

អត្ថបទដែលជាប់ទាក់ទង