ក្រសួងឧស្សាហកម្ម និងសហភាពអឺរ៉ុប ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីគាំទ្រឧស្សាហកម្មលើការអនុវត្តប្រកបដោយនិរន្តរភាព និងការអភិវឌ្ឍបៃតង
ភ្នំពេញ ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូសហភាពអឺរ៉ុប និងពិភាក្សាអំពីការពង្រឹងកិច្ច សហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប ដើម្បីគាំទ្រឧស្សាហកម្មលើការអនុវត្តប្រកបដោយនិរន្តរភាព និងការអភិវឌ្ឍបៃតង នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។
ឯកឧត្តមបានជម្រាបជូនអំពីរបៀបវារៈជាអាទិភាពដ៏ទូលំទូលាយរបស់ក្រសួង នៅក្នុងយុទ្ធសាស្ត្របញ្ជកោណ ដោយសង្កត់ធ្ងន់លើអាណត្តិកិច្ចសំខាន់ៗ ដូចជាឧស្សាហកម្ម សហគ្រាសធុនតូច និងមធ្យម សិប្បកម្ម ការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ វិស័យទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធគុណភាព ដែលរួមមានស្តង់ដារជាដើម។
កន្លងមក ក្រសួងឧស្សាហកម្ម វបន និងសហភាពអឺរ៉ុបបានសហការគ្នាលើការងារមួយចំនួន ដូចជាវិញ្ញាបនបត្រកម្មតក្កកម្ម និងហេដ្ឋារចនាសម្ព័ន្ធគុណភាព។ ឯកឧត្តមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវស្តង់ដារ ដើម្បីឱ្យផលិតផលកម្ពុជាអាចឈានចូលទៅក្នុងទីផ្សារពិភពលោក។
ដឹកនាំគណៈប្រតិភូសហភាពអឺរ៉ុបនៅក្នុងជំនួបសំដែងការគួរសមនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត Igor Driesmans បានកោតសរសើរចំពោះការខិតខំរបស់ក្រសួង ក្នុងការលើកម្ពស់ការអនុវត្តប្រកបដោយនិរន្តរភាព និងបរិវត្តកម្មឧស្សាហកម្មបៃតង។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបង្ហាញចំណាប់អារម្មគាំទ្រ នៅពេលចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានខាងមុខ និងលើកទឹកចិត្តដល់វិស័យឯកជន រួមទាំងវិស័យកាត់ដេរឱ្យចាប់យកការប្រើប្រាស់ថាមពលកកើតឡើងវិញ។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការជំរុញលើកទឹកចិត្តដល់ឧស្សាហកម្មឱ្យអនុវត្តរបៀបវារៈអភិវឌ្ឍន៍បៃតង។ ឯកឧត្តមក៏បានស្នើឱ្យសហភាពអឺរ៉ុបគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក ដើម្បីឱ្យពួកគេមានលទ្ធភាពចូលរួមក្នុងខ្សែច្រវាក់តម្លៃនៃគម្រោងវិនិយោគផ្ទាល់ពីបរទេស និងស្វែងរកឱកាសជំនួសការនាំចូលលើធាតុចូលមួយចំនួន ក្នុងគោលដៅបង្កើនភាពប្រកួតប្រជែង និងការធ្វើពាណិជ្ជកម្មរបស់កម្ពុជា៕