ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខេត្តសៀមរាប ទប់ស្កាត់មិនឱ្យមានការសាងសង់ សំណង់ថ្មីនៅក្នុងតំបន់រមណីយដ្ឋានអង្គរ

32

សៀមរាប ៖ រដ្ឋបាលខេត្តសៀមរាបបានបើកកិច្ចប្រជុំក្រោមអធិបតីភាព លោក ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពី សំណាក់ ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនានាក្នុងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរក្រុង ស្រុក មេឃុំ ចៅសង្កាត់ មេភូមិ ដែលមានមូលដ្ឋាននៅក្នុងតំបន់រមណីយដ្ឋានអង្គរ ពិធីបើកកិច្ចប្រជុំនេះ បានប្រព្រឹត្ដ ទៅនៅថ្ងៃអង្គារ ៦កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័កព.ស ២៥ ៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ។
លោក ប្រាក់ សោភ័ណ  ក៏បានលើកឡើងពីគោល បំណងនៃកិច្ចប្រជុំ គឺដើមី្បធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ក្នុងការចូល រួមសហការគ្នាឱ្យបានល្អ លើការទប់ស្កាត់មិនឱ្យមានការសាងសង់សំណង់ថ្មីនៅក្នុងតំបន់ រមណីយដ្ឋានអង្គរ ក្នុងរយៈពេលយុទ្ធនាការតម្រង់ទិសនេះ។
លោកអភិបាលខេត្ត ក៏បានស្នើឱ្យអាជ្ញាធរមូលដ្ឋានធ្វើសេចក្តីរាយការណ៍ អំពីវឌ្ឍនភាពនៅក្នុងមូលដ្ឋានខ្លួន និងបញ្ហាប្រឈមរបស់មូលដ្ឋាន ក្នុងពេលយុទ្ធនាការតម្រង់ទិស របស់រាជរដ្ឋាភិបាល។
លោក ប្រាក់ សោភ័ណ បានមានប្រសាសន៍ទៀតថា ចំណារលិខិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា រាជរដ្ឋាភិបាលបាន ផ្តល់ភារកិច្ចជូនអាជ្ញាធរខេត្តសៀមរាប ក្រុងសៀមរាប ស្រុកប្រាសាទបាគង ស្រុកពួក ស្រុកបន្ទាយស្រី និងស្រុកអង្គរធំ ត្រូវធ្វើការហាមឃាត់ដាច់ខាត គឺមិនអនុញ្ញាតឱ្យប្រជា ពលរដ្ឋចូលទៅតាំងទីលំនៅ សាងសង់ផ្ទះ ឫទីជម្រក នៅក្នុងតំបន់ការពារបេតិកភណ្ឌឡើយ។ ក្នុងនោះដែរ ឯកឧត្តមក៏បានបញ្ជាក់អំពីអត្ថន័យខ្លឹមសារនៃចំណារលិខិត ដោយពីមុន តួនាទីនេះគឺជាតួនាទីរបស់អាជ្ញាធរជាតិអប្សរាជាអ្នកគ្រប់គ្រង តែឥឡូវត្រូវផ្តល់មកឱ្យ អាជ្ញាធរខេត្តជាអ្នកគ្រប់គ្រងវិញ។
លោក ប្រាក់ សោភ័ណ ក៏បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន ស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវផ្តោតដោយប្រុងប្រយ័ត្នខ្ពស់ ក្នុងការការពារ នៅតំបន់ដែលប្រជាពលរដ្ឋបានស្ម័ត្រចិត្តរុះរើទៅរស់នៅតំបន់រុនតាឯក ដើមី្បកុំឱ្យមានការ ចូលមករស់នៅជាថ្មីបន្តទៀត។ ឯកឧត្តមក៏បានណែនាំអាជ្ញាធរមូលដ្ឋានឱ្យចូលរួមទប់ស្កាត់ និងបំពេញតួនាទីឱ្យបានត្រឹមត្រូវ  ស្របតាមការណែនាំ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន។ រាល់ការងារដែលកំពុងអនុវត្តន៍ ក្នុងយុទ្ធនាការតម្រង់ទិសនេះ គឺដើមី្បជួយដល់រាជរដ្ឋាភិបាល ចូលយើងជាអាជ្ញាធរមូលដ្ឋានចូលរួមក្នុងការថែទាំអភិរក្ស នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាមរតកកេរដូនតា ជាអត្តសញ្ញាណ និងដួងព្រលឹងរបស់ជាតិ ក៏ដូចជាតម្លៃជាសកល នៃសម្បត្តិបេតិកភណ្ឌពិភពលោក សម្រាប់មនុស្សជាតិទាំងមូល និងដើមី្បឱ្យចៀសផុតពីការព្រមានពីសំណាក់មជ្ឈមណ្ឌល បេតិកភណ្ឌពិភពលោក៕. សំរិត

អត្ថបទដែលជាប់ទាក់ទង