កម្ពុជា ជប៉ុន ផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍវិស័យទឹកស្អាត
ភ្នំពេញ ៖ ភាគីពាក់ព័ន្ធនឹងវិស័យទឹកស្អាតមកពីប្រទេសកម្ពុជា និងជប៉ុន បានជួបជុំគ្នា នៅថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៤ ក្នុងសិក្ខាសាលាស្តីពីទឹកស្អាត និងប្រព័ន្ធអនាម័យ កម្ពុជា-ជប៉ុន លើកទី១៦ ដើម្បីស្វែងយល់ពីដំណោះស្រាយ បញ្ហាប្រឈម និងឱកាសក្នុងវិស័យទឹកស្អាតនៅកម្ពុជា។
សិក្ខាសាលានេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងមានអ្នកចូលរួមប្រមាណ១៨០នាក់ ក្រោមគោលដៅជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមស្ថាប័ននានា ដូចជាក្រសួងឧស្សាហកម្ម វបន ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន ស្ថានទូតជប៉ុន ទីភ្នាក់ងារ JICA រដ្ឋបាលក្រុងគីតាឃ្យុស៊ុ សមាគមអាជីវកម្មទឹកស្អាតក្រៅប្រទេស ក្រុងគីតាឃ្យុស៊ុ មន្ទីរឧស្សាហកម្ម រដ្ឋាករទឹក និងប្រតិបត្តិករទឹកស្អាតឯកជនជាដើម។
ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះការអភិវឌ្ឍវិស័យទឹកស្អាត ដែលជាអាទិភាពសំខាន់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហើយរាជរដ្ឋាភិបាលមានគោលដៅសម្រេចឱ្យបានការទទួលបានសេវាទឹកស្អាតសម្រាប់បរិភោគជាសាកល នៅត្រឹមឆ្នាំ២០៣០។
សិក្ខាសាលាស្តីពីទឹកស្អាត និងប្រព័ន្ធអនាម័យ កម្ពុជា-ជប៉ុន ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ។ សិក្ខាសាលាលើកទី១៦នេះ មានគោលដៅផ្តល់បច្ចុប្បន្នភាពវិស័យទឹកស្អាតរបស់កម្ពុជា បញ្ហាប្រឈម ការប្រែក្លាយពីអង្គភាពរដ្ឋាករទឹកជាសហគ្រាសសាធារណៈ, និងការពិភាក្សាពីកិច្ចដំណើរការប្រតិបត្តិការរបស់រដ្ឋាករទឹកសាធារណៈ និងប្រតិបត្តិករឯកជន ។ ក្រុមហ៊ុនជប៉ុនក៏បាននាំយកបច្ចេកវិទ្យាថ្មីៗសម្រាប់ការគ្រប់គ្រងទឹកស្អាត តាមរយៈការធ្វើបទបង្ហាញ និងការតាំងពិព័រណ៍។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ “ក្រសួងក៏បាន និងកំពុងប្រឹងប្រែងជំរុញការរៀបចំកសាងឯកសារបទដ្ឋានគតិយុត្ត, ពង្រឹងរដ្ឋាករទឹកសាធារណៈដែលទើបប្រែក្លាយជាសហគ្រាសសាធារណៈ, ពង្រឹងសមត្ថភាពធនធានមនុស្ស និងរៀបចំមូលនិធិអភិវឌ្ឍន៍វិស័យទឹកស្អាតជាដើម។ ការជួយគាំទ្រពីសមភាគីជប៉ុនពិតជាមានសារៈសំខាន់មិនអាចកាត់ថ្លៃបាន សម្រាប់ការអភិវឌ្ឍវិស័យទឹកស្អាតរបស់កម្ពុជា។”
គម្រោងដែលទើបនឹងដាក់ឱ្យដំណើរការថ្មីៗ ក្រោមជំនួយឥតសំណង និងហិរញ្ញប្បទានសម្បទានរបស់ជប៉ុនរួមមាន រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនៅខេត្តកំពង់ធំ និងរោងចក្រផលិតទឹកស្អាតកម្ពុជា-ជប៉ុន ក្រុងពោធិ៍សាត់។ គម្រោងដែលកំពុងអនុវត្តក្រោមជំនួយរបស់ជប៉ុន ដូចជាការសាងសង់រោងចក្រផលិតទឹកស្អាតស្វាយរៀង និងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាករទឹកស្វ័យតភ្នំពេញ និងរដ្ឋាករទឹកស្វ័យតសៀមរាប បង្ហាញពីការប្តេជ្ញាចិត្តយូរអង្វែងរបស់ភាគីទាំងពីរក្នុងការជំរុញរបៀបវារៈទឹកស្អាត។
គួររំលឹកថា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសជប៉ុនកាលពីខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ កិច្ចព្រមព្រៀងជំនួយអភិវឌ្ឍន៍ផ្លូវការស្តីពីការផ្តត់ផ្គង់ទឹកស្អាតត្រូវបានចុះហត្ថលេខា ដើម្បីផ្តល់ការគាំទ្រ និងបច្ចេកវិទ្យាថ្មីៗ សម្រាប់បង្កើនសមត្ថភាពផ្គត់ផ្គង់ និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតរបស់កម្ពុជា៕