ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ.ជ.ប ផ្សព្វផ្សាយអំពី គោលការណ៍សម្រាប់ស្ថានីយវិទ្យុ និងទូរទស្សន៍ ក្នុងការលក់ ឬជួលម៉ោងផ្សព្វផ្សាយឱ្យគណបក្សនយោបាយ ដើម្បីធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនក្នុងអំឡុងពេលឃោសនាបោះឆ្នោត

22

 

ភ្នំពេញ ៖ឯកឧត្ដម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប និងជាប្រធានគណៈកម្មការសម្របសម្រួលកម្មវិធីផ្សព្វផ្សាយអប់រំអ្នកបោះឆ្នោត និងកម្មវិធីផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនយោបាយ ហៅកាត់ថា “គណៈកម្មការសម្របសម្រួល” បានដឹកនាំកិច្ចប្រជុំជាមួយតំណាងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជន សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅទីស្ដីការ គ.ជ.ប នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ដើម្បីធ្វើការផ្សព្វផ្សាយអំពី៖ គោលការណ៍សម្រាប់ស្ថានីយវិទ្យុ និងទូរទស្សន៍ ក្នុងការលក់ ឬជួលម៉ោងផ្សព្វផ្សាយឱ្យគណបក្សនយោបាយ ដើម្បីធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនក្នុងអំឡុងពេលឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ គោលការណ៍សម្រាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ស្ដីពីការរៀបចំកម្មវិធីសំណួរចម្លើយ ឬកិច្ចពិភាក្សាអំពីគោលនយោបាយរបស់គណបក្សនយោបាយក្នុងអំឡុងពេលឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

ឯកឧត្តម ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប. បានលើឡើងថា ស្ថានីយវិទ្យុ និង ទូរទស្សន៍ដែលមានបំណងរៀបចំកម្មវិធីផ្សព្វផ្សាយគោលនយោបាយ និងកម្មវិធីនយោបាយរបស់ គណបក្សនយោបាយ ដោយលក់ ឬជួលម៉ោងផ្សាយទៅឱ្យគណបក្សនយោបាយ ត្រូវប្រកាសជាសាធារណៈអំពីចំនួនម៉ោងដែលខ្លួនមាន ថ្ងៃ និងចំនួនម៉ោងដែលមានសម្រាប់លក់ ឬ ជួលក្នុងរយៈ ពេល១ថ្ងៃ និងចំនួនម៉ោងដែលមានសម្រាប់ជួលក្នុងរយៈពេល១៤ (ដប់បួន) ថ្ងៃ នៃដំណាក់កាលឃោសនាបោះឆ្នោត ដោយត្រូវប្រកាសផ្សព្វផ្សាយជាសាធារណៈ ពិតម្លៃដែលលក់ឬជួសនោះ។

មិនតែប៉ុណ្ណោះ ស្ថានីយវិទ្យុ និងទូរទស្សន៍ ត្រូវជូនដំណឹងអំពីការលក់ ឬជួលម៉ោងផ្សាយនេះ ទៅគ្រប់ គណបក្សនយោបាយទាំងអស់ ដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ក្នុងរយៈពេលយ៉ាងតិច ៣ថ្ងៃ មុនថ្ងៃចាប់ផ្ដើមឃោសនាបោះឆ្នោត ហើយសេចក្ដីជូនដំណឹងនេះ ត្រូវចម្លងជូនមក គ.ជ.ប ចំនួន១ច្បាប់ និងត្រូវផ្តល់ព័ត៌មានមក គ.ជ.ប អំពីឈ្មោះគណបក្សនយោបាយ ដែលបានទិញ ឬជួលម៉ោងផ្សាយ។
ឯកឧត្តមបញ្ជាក់ថា ការលក់ ឬ ជួលម៉ោងផ្សាយឱ្យគណបក្សនយោ បាយធ្វើការផ្សព្វផ្សាយអំពីគោល នយោបាយ ត្រូវផ្អែកទៅតាមគោលការណ៍ស្មើភាព តម្លៃស្មើៗគ្នានិងតាមលំដាប់មុនក្រោយ។
លើសពីនេះត្រូវយកចំនួនម៉ោងសរុបដែលលក់ ឬជួល ចែកជាមួយនឹងចំនួនគណបក្សនយោបាយដែលបានចូលរួម ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ រួចលក់តែចំណែកម៉ោងដែលគណបក្សនយោបាយនីមួយៗត្រូវទទួលបានទៅឱ្យគណបក្សនយោបាយនីមួយៗ។
ឯកឧត្តម ម៉ុក ដារ៉ា បញ្ជាក់ទៀតថា ក្នុងករណីមានគណបក្សនយោបាយតិច ឬគណបក្សនយោបាយតែមួយទិញ ឬជួលម៉ោងផ្សាយ ម្ចាស់ស្ថានីយវិទ្យុ និងទូរទស្សន៍ អាចលក់ ឬជួលម៉ោងផ្សាយឱ្យគណបក្ស នយោបាយដែលមានលទ្ធភាពទិញ ឬជួលនោះ នូវរយៈពេលយ៉ាងច្រើន២ដងនៃរយៈ ពេលផ្សព្វផ្សាយតាមគោលការណ៍ស្មើភាពនេះ។
ចំពោះ ការលក់ ឬជួលម៉ោងផ្សាយនោះដែរ មិនអនុញ្ញាតឱ្យម្ចាស់ស្ថានីយវិទ្យុ និង ទូរទស្សន៍ លក់ ឬជួលម៉ោងផ្តាច់មុខឱ្យគណបក្សនយោបាយណាមួយឡើយ។

ការជួលម៉ោងផ្សាយនេះដែរ ប្រធានអង្គប្រជុំខាងលើបានបញ្ជាក់បន្ថែមថា ម្ចាស់ស្ថានីយវិទ្យុ និងទូរទស្សន៍ ពុំត្រូវទទួលខុសត្រូវចំពោះខ្លឹមសារនៃការផ្សព្វផ្សាយ គោលនយោបាយ របស់គណបក្សនយោបាយឡើយ គឺគណបក្សនយោបាយ ជាអ្នកទទួលខុសត្រូវចំពោះខ្លឹមសារនៃការឃោសនារបស់ខ្លួន។

សូមបញ្ជាក់ថា ក្នុងងករណី គ.ជ.ប រកឃើញថា ខ្លឹមសារនៃការឃោសនារំលោភលើច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និង នីតិវិធីសម្រាប់ជ្រើសតាំងសមាជិកព្រឹទ្ធសភា គ.ជ.ប មានសិទ្ធិស្នើឱ្យគណបក្សនយោបាយ ធ្វើការរៀបចំធ្វើការកែតម្រូវ ហើយប្រសិនបើនៅតែមិនព្រមកែតម្រូវ គ.ជ.ប មានសិទ្ធិដកហូត ឬបញ្ឈប់លែងឱ្យស្ថានីយវិទ្យុ និងទូរទស្សន៍នោះធ្វើការផ្សព្វផ្សាយនូវខ្លឹមសារឃោសនាបោះឆ្នោតទាំងស្រុង និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕

 

អត្ថបទដែលជាប់ទាក់ទង