ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឱកាសការងារជាង២០០កន្លែង នៅថ្ងៃទី១៨ ស្អែកនេះក្នុងកិច្ចសម្ភាសការងាររបស់ NEA

26

 

ភ្នំពេញ ៖ នៅថ្ងៃ ទី១៨ ខែមករា ឆ្នាំ២០២៤ ស្អែកនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំកិច្ចសម្ភាសការងាររយៈពេល១ថ្ងៃពេញ ដោយនាំយកឱកាសការងារចំនួន២៥៩កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ។

សម្រាប់កិច្ចសម្ភាសការងារនេះ នឹងមានធនាគារ និងវិទ្យាស្ថានចំនួន៣ ចូលរួម ក្នុងនោះមាន វិទ្យាស្ថាន អេស៊ីលីដា, មីក្រូហិរញ្ញវត្ថុមហានគរ និងធនាគារ LOLC ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោក មោន យីម ប្រធានផ្នែកជ្រើសរើសបុគ្គលិកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគរ លើកឡើងថាកន្លងមហានគរបានចូលរួមជាមួយ NEA ជាច្រើនលើកច្រើនសារមកហើយ។ ជាលទ្ធផលយើងក៏ទទួលបានបេក្ខជនជាច្រើនរូបពីការសម្ភាសក្នុងវេទិកា ក៏ដូចជាពិព័រណ៍ការងារផងដែរ។ លោកបន្ថែមថា ការចូលរួមសហការជាមួយនឹង NEA កន្លងមក គឺពិតជាបានរួមចំណែកដ៏សំខាន់ក្នុងការជ្រើសរើសបុគ្គលិកប្រកបដោយគុណភាព និងទាន់តម្រូវការរបស់ស្ថាប័នរបស់លោកផងដែរ។

តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគររូបនេះ បានបញ្ជាក់បន្តថា៖ «ការចូលរួមលើកនេះខាងស្ថាប័នរបស់យើងមានតម្រូវការបុគ្គលិកជាច្រើនរូប និងជាច្រើនមុខដំណែង យើងត្រូវការទាំងអ្នកមានបទពិសោធន៍ និងគ្មានបទពិសោធន៍។ សម្រាប់អ្នកដែលគ្មានបទពិសោធន៍យើងក៏នឹង ធ្វើការបណ្តុះបណ្តាលដល់ពួកគាត់មុននឹងចូលបម្រើការងារផងដែរ»។

សម្រាប់ សិស្ស-និស្សិត សាធារណៈជនទូទៅដែលមានបំណងចង់ស្វែងរកការងារ ឬផ្លាស់ប្តូរការងារកុំភ្លេចចូលរួម ដាក់ពាក្យសម្ភាសជាមួយក្រុមហ៊ុនដោយផ្ទាល់ ពិសេសកុំភ្លេច រៀបចំខ្លួនឲ្យបានសមរម្យ មុននឹងចូលសម្ភាស ដោយភ្ជាប់ជាមួយនឹងប្រវត្តិរូបរបស់ខ្លួនផងដែរ។

អត្ថបទដែលជាប់ទាក់ទង