ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារក្រសួងកសិកម្ម ចុះពិនិត្យសកម្មភាពប្រជានេសាទ ប្រមូលផលជលផលរដូវត្រូវត្រីជាលើកទី២

22

ខេត្តកណ្តាល៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នេះ  ក្រុមការងារក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចុះទៅពិនិត្យសកម្មភាពប្រជានេសាទកំពុងប្រមូលផល ក្នុងខ្នើតទី២ និងថ្ងៃប្រមូលផលទី២ នៅដាយត្រីលេខ១៥ ក្នុងភូមិសាស្រ្តឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។

ការប្រមូលផលត្រីនៅដាយត្រីលេខ១៥ ទទួលបានទិន្នផលជាមធ្យមមានចំនួនប្រមាណ ៥០០គ.ក្រ/១ដាយ។ ប្រជានេសាទបានបង្ហាញអាម្មណ៍រីករាយ ដែលនៅឆ្នាំនេះទទួលបានផលច្រើនជាងឆ្នាំមុន។

គួរបញ្ជាក់ជូនថា រដូវត្រីត្រូវជាលើកទី២ ចាប់ផ្ដើមពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤។ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងចង់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ សូមរួសរាន់មកទិញត្រីនៅតាមដាយត្រីក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ។

រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកិត្តិយសសូមជូនដំណឹង បន្ថែមដល់សាធារណជនឱ្យបានជ្រាបថា ក្នុងរដូវនេសាទឆ្នាំ២០២៣-២០២៤ តាមការសង្កេត បន្ទាប់ពីខ្នើតខែ មិគសិរកន្លងមកនេះ ត្រីនៅតែបន្តបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដោយត្រី តាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃចន្ទ ៥កើត ដល់ថ្ងៃអាទិត្យ ១១កើត ខែបុស្ស ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ក្នុងករណីមេឃ ស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។

សូមបងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី តាមពេលវេលា និងទីកន្លែងដូចមានក្នុងសេចក្តីជូនដំណឹងនេះ។ ទន្ទឹមនេះរដ្ឋបាលជលផលសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយ សម្រួលជូនដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផល ផលិតផលត្រីដោយរលូន តាមការគួរ៕

អត្ថបទដែលជាប់ទាក់ទង