ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃុំខ្លួននៅពន្ធនាគារជនសង្ស័យ ចំនួន ១១នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និង ធ្វើឲ្យខូចខាតដោយចេតនា

45

ខេត្តកណ្តាល ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកម្លាំងនគរបាលខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យ ចំនួន ១១នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និង ធ្វើឲ្យខូចខាតដោយចេតនា។

អនុវត្តនូវភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ និងអនុវត្តតាមប្រសាសន៏ដឹកនាំ ព្រមទាំងមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាល ដែលឯកឧត្តម តែងតែដាស់តឿន ក្រើនរម្លឹក ដល់មេបញ្ជាការគ្រប់កងឯកភាពឲ្យយកចិត្តទុកដាក់ពង្រឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្ក្រាប រាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ដូចជាបទល្មើសគ្រឿងញៀន លួច ឆក់ ប្លន់ ក្មេងទំនើង ពិសេសអនុវត្តតាមទិសស្លោករបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ថា «ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប» កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល និងកម្លាំងនគរបាលខេត្តកណ្តាល បានរួមគ្នាបើកប្រតិបត្តិការស្រាវជ្រាវរហូតបង្ក្រាបក្រុមជនសង្ស័យបានចំនួន ១១នាក់។

ក្រុមជនសង្ស័យទាំងនេះ តែងតែធ្វើសកម្មភាពគប់ផ្ទះ វាយបំផ្លិតបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងកាប់ចាក់គ្នាយ៉ាងអនាធិបតេយ្យនៅក្នុងភូមិសាស្រ្តក្រុងតាខ្មៅ និងស្រុកស្អាង។ ជាក់ស្តែង នៅវេលាម៉ោង ១៤:១៤នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ មានករណីយកដាវ ដុំថ្ម ដំបង ជំពាមកៅស៊ូ ទៅកាប់ បាញ់ផ្ទះជនរងគ្រោះជាងជុសជុលម៉ូតូ ស្ថិតលើផ្លូវជាតិ21A ក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល និង នៅវេលាម៉ោង១៤:៣៥នាទី ថ្ងៃ១៣ ខែមករា ឆ្នាំ២០២៤ មានករណីយកកាំបិតកាប់ម៉ូតូ បណ្តាលឲ្យខូចខាត បែកកញ្ចក់កុងទ័រ កញ្ចក់មើលក្រោយខាងឆ្វេង និងកន្ទុយខាងក្រោយ របស់ជនរងគ្រោះ ជាសិស្សសាលា នៅចំណុចតារាងបាល់ទះ ស្ថិតក្នុងសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ក្រោយពីទទួលបានព័ត៌មានរឿងហេតុខាងលើភ្លាម, លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចាប់ដៃគ្នា បញ្ជាកម្លាំងជំនាញពាក់ព័ន្ធដោយផ្ទាល់ និងបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ប្រកបដោយប្រសិទ្ធភាព ដោយស្មារតីទទួលខុសត្រូវខ្ពស់ ឲ្យលោកឧត្តមសេនីយ៌ត្រី ឡាក់ ម៉េងធី ស្នងការរង ស្នងការដ្ឋាននគរបាលខេត្តកណ្តាល និងលោកវរសេនីយ៍ឯក ទូច អុីណាន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល សហការចាប់ដៃគ្នា ចុះដឹកនាំដោយផ្ទាល់កម្លាំងទាំងពីរស្ថាប័នឲ្យបើកកិច្ចសហប្រតិបត្តិការស្រាវជ្រាវ ស្វែងរកឃាត់ខ្លួនមុខសញ្ញា ដែលធ្វើសកម្មភាពយកដាវ កាំបិត ដុំថ្ម ដំបង ជំពាមកៅស៊ូ ទៅប្រព្រឹត្តអំពើហិង្សា បំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងធ្វើសកម្មភាពកាប់ចាក់គ្នាក្នុងមូលដ្ឋានក្រុងតាខ្មៅ និងស្រុកស្អាង ខេត្តកណ្តាល កន្លងមកឲ្យបានជាដាច់ខាត។ ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល។

គួបផ្សំនឹងឆន្ទៈ តស៊ូ ព្យាយាម សាមគ្គី សហការគ្នា រវាងកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល និងកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកណ្តាលផងនោះ កម្លាំងយើងទាំងពីរស្ថាប័នកំណត់បាននូវមុខសញ្ញាធ្វើសកម្មភាព ឈានដល់ការបើកកិច្ចសហប្រតិបត្តិការរួមគ្នា ឃាត់ខ្លួនជនសង្ស័យបានចំនួន ១១នាក់ នាថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០២៤ ជាបន្តបន្ទាប់។ ចំណែកជនដៃដល់ និងបក្ខពួកធ្វើសកម្មភាពមួយចំនួនទៀតដែលរត់គេចខ្លួន សមត្ថកិច្ចយើងកំពុងស្វែងរុករកចាប់ខ្លួនបន្តទៀត។

វត្ថុតាងបន្សល់ទុកនៅកន្លែងកើតហេតុមាន៖ដុំថ្មចំនួន ០៤ដុំ និងដែកទីបចំនួន ០១កំណាត់។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង១១នាក់ ខាងលើ បានសារភាពថា ពួកគេពិតជាបាននាំគ្នាជិះម៉ូតូចេញពីសាលាវិទ្យាល័យស្អាងទៅតាមជនរងគ្រោះ ហើយធ្វើសកម្មភាពយកដុំថ្មគប់និងបាញ់ជំពាមកៅស៊ូ ទៅលើផ្ទះជនរងគ្រោះជាជាងជួសជុលម៉ូតូ និងយកកាំបិតកាប់ម៉ូតូជនរងគ្រោះជាសិស្សសាលាពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំង ១១នាក់ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល និងឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាលរួច ចំណែកបក្ខពួកដែលរត់គេចខ្លួន សមត្ថកិច្ចកំពុងបន្តចាត់ការតាមនីតិវិធី។

អត្ថបទដែលជាប់ទាក់ទង