ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញមុខសញ្ញាក្មេងទំនើងសរុបចំនួន១៨នាក់ ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ០៣ករណីផ្សេងគ្នាពាក់ព័ន្ធអំពើប្លន់ម៉ូតូ កាន់កាប់ប្រើប្រាស់អាវុធខុសច្បាប់និងអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

27
ភ្នំពេញ៖ ជនសង្ស័យជាក្មេងទំនើងសរុបចំនួន១៨នាក់ ដែលបានធ្វើសកម្មភាពប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ០៣ករណីផ្សេងគ្នា នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ពាក់ព័ន្ធអំពើប្លន់ម៉ូតូ កាន់កាប់ប្រើប្រាស់អាវុធខុសច្បាប់និងអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ត្រូវបានយកមកបង្ហាញមុខនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។
សមត្ថកិច្ចបង្រ្កាបក្មេងទំនើងក្នុងសង្គមភាពបង្កប៉ះពាល់អសន្តិសុខសង្គម ធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងនោះមានការដឹកនាំកម្លាំងស្រាវជ្រាវបង្រ្កាបផ្ទាល់ដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងមានការចូលរួមសហការពីកម្លាំងអធិការអធិការដ្ឋាននគរបាលខណ្ឌពាក់ព័ន្ធមួយចំនួនផងដែរ។
សូមបញ្ជាក់ថា៖ ជនសង្ស័យជាក្មេងទំនើង១៨នាក់ខាងលើ៖ក្រុមទី១ មានចំនួន០៥នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសយកជើងធាក់ ផ្តួល ម៉ូតូ រួចប្លន់យកម៉ូតូក្នុងរាជធានីភ្នំពេញ មានចំនួន០៣ករណី ត្រូវបានបង្រ្កាបចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ដោយកម្លាំងជំនាញព្រហ្មទណ្ឌសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូល។
ក្រុមទី២ មានចំនួន០៦នាក់ ពាក់ព័ន្ធនឹងប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងកាន់កាប់ប្រើប្រាស់អាវុធខុសច្បាប់។ កម្លាំងជំនាញព្រហ្មទណ្ឌបង្រ្កាបបានកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចដកហូតវត្ថុតាងអាវុធខ្លីហ្គាស០១ដើម ម៉ូតូ០២គ្រឿងនិងកាំបិតបុ័ងតោចំនួន០២។
ក្រុមទី៣ មានក្មេងទំនើងចំនួន០៧នាក់ ពាក់ព័ន្ធធ្វើសកម្មភាពហិង្សាដោយចេតនាមានស្ថានភាពទម្ងន់ទោស បង្រ្កាបដោយកម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ នៅក្នុងខណ្ឌប្ញស្សីកែវ។ សមត្ថកិច្ចដកហូតវត្ថុតាងមួយចំនួនផងដែរ៕
អត្ថបទដែលជាប់ទាក់ទង