ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចបង្ក្រាបករណីជួញដូរ-ដឹកជញ្ជូនគ្រឿងញៀន បង្កប់តាមកញ្ចប់បញ្ញើរឹបអូសបានថ្នាំញៀនជិត ៣គីឡូក្រាម

39

ភ្នំពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំងគយព្រលានយន្តហោះអន្តរជាតិភ្នំពេញ បង្ក្រាបករណីជួញដូរ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ដែលបង្កប់តាមកញ្ចប់បញ្ញើពីកម្ពុជា ទៅអូស្ត្រាលីចំនួន ២ករណី រឹបអូសបានថ្នាំញៀនជិត៣គីឡូក្រាម។

មន្ត្រីនគរបាលជាន់ខ្ពស់មន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤នេះថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០៤ កម្លាំងជំនាញ (ក១០) មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងគយប្រចាំ ព្រលានយន្តហោះភ្នំពេញ បានត្រួតពិនិត្យកេសបញ្ញើមួយ និងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញ (ក១០) សហការជាមួយក្រុមហ៊ុន Embassy freight express co,ltd និងក្រុមហ៊ុន ១៦៨ Logistics chains co,ltd បានធ្វើការត្រួតពិនិត្យកេសបញ្ញើមិនប្រក្រតីមួយទៀត។ ជាលទ្ធលនៃការចុះបង្ក្រាបទាំង២ទីតាំងនេះ កម្លាំងជំនាញបានចាប់យកសារធាតុញៀនហេរ៉ូអ៊ីន ទម្ងន់ ២,៧៥២.៩៦ក្រាម (២គីឡូ និង៧៥២.៩៦ក្រាម)។

បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្តស្រាវជ្រាវរកបុគ្គលអ្នកពាក់ព័ន្ធ និងចាប់ខ្លួនមេក្លោងមកផ្តន្ទាទោស ខណៈវត្ថុតាងជាថ្នាំញៀន ត្រូវបានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។

ការបង្ក្រាបនេះ អនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ និងឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

គួរបញ្ជាក់ថា នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងណែនាំឱ្យមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើការបោសសម្អាតឧក្រិដ្ឋជន គ្រឿងញៀនឲ្យអស់។ ដោយទទួលបានបទបញ្ជានេះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានប្តេជ្ញាចិត្តថានឹងចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដារាជធានី-ខេត្ដ យ៉ាងសស្រាក់សស្រាំដូចភ្លៀងរលឹម និងបង្ក្រាបឱ្យដល់ឫសគល់។ ជាក់ស្តែងរយៈពេលចុងក្រោយនេះ ករណីជួញដូរគ្រឿងញៀនធំៗ ជាច្រើនត្រូវបានបង្ក្រាប ជាមួយនឹងឧក្រិដ្ឋជនជាច្រើននាក់ ត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការ៕

អត្ថបទដែលជាប់ទាក់ទង