ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បេក្ខជនប្រមាណជិត៦០០នាក់ បានប្រឡងក្នុងព្រឹត្តិការណ៍សរសេរតាមអានថ្នាក់ជាតិលើកដំបូង នៅកម្ពុជា

54

 

សៀមរាប៖ បេក្ខជនប្រមាណជិត៦០០នាក់ បានប្រឡងក្នុងព្រឹត្តិការណ៍សរសេរតាមអានថ្នាក់ជាតិលើកដំបូងនៅកម្ពុជា នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ខេត្តសៀមរាប។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអបអរសាទរដល់ជយលាភីទាំង៣រូប នៃកម្មវិធីប្រឡងសរសេរតាមអានថ្នាក់ជាតិជាសាធារណៈ “សំណេរអង្គរ” មានដូចជា៖
– ជយលាភីលេខ១ បេក្ខជន ចេង រតនា
– ជយលាភីលេខ២ បេក្ខជន វ៉ន វីដា
– ជយលាភីលេខ៣ បេក្ខនារី យ៉ោប សុឃាក់

ព្រឹត្តិការណ៍នេះ បានរំលេចនូវទិដ្ឋភាពក្នុងការលើកកម្ពស់ និងជំរុញទឹកចិត្តឱ្យកូនខ្មែរកាន់តែស្រឡាញ់អក្សរសាស្ត្រខ្មែរ ព្រមទាំងផ្សព្វផ្សាយបន្ថែមនូវរមណីយដ្ឋានដ៏មហស្ចារ្យក្នុងពិភពលោក ដែលផ្សារភ្ជាប់នឹងតថភាពវប្បធម៌ដ៏ល្អល្អះរបស់ព្រះរាជាណាចក្រកម្ពុជា ។ ការណ៍នេះ ក៏បានផ្សារភ្ជាប់ទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ដោយផ្តោតសំខាន់លើការអភិវឌ្ឍនូវមូលធនមនុស្ស ដែលជាកាតាលីករមិនអាចខ្វះបាន ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច ដើម្បីឈានឆ្ពោះ និងសម្រេចបាននូវចក្ខុវិស័យកម្ពុជា២០៣០ និងមហិច្ចតាក្លាយជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០របស់កម្ពុជា ។ នៅក្នុងមុំទី១ នៃបញ្ចកោណទី១, រដ្ឋាភិបាលបានផ្តោតសំខាន់ទៅលើការពង្រឹងគុណភាពវិស័យអប់រំ ដោយបន្តពង្រឹងគុណភាពអប់រំ និងការបណ្តុះបណ្តាលគ្រប់កម្រិត ព្រមទាំងបង្កើតបរិយាកាសល្អសម្រាប់ការសិក្សាពេញមួយជីវិត ។

សូមគូសរំលេចផងដែរនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសសំណេះសំណាលជាមួយសិស្សជយលាភីនិទ្ទេស A ចំនួន ១ ៦៩១ នាក់ និងសិស្សចំនួន ១៨នាក់ ដែលប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ ដោយបានផ្តាំផ្ញើថា “កូនខ្មែរ ត្រូវចេះភាសាខ្មែរ” ។

សូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ ក្រុមស្ថាបនិកព្រឹត្តិការណ៍សំណេរអង្គរ តំណាងដោយលោក លីម ប៊ុនហុក ក៏ដូចជាការគាំទ្ររបស់ ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងទេសចរណ៍, អាជ្ញាធរ, សាកលវិទ្យាល័យអង្គរ, សហការី និងភាគីពាក់ព័ន្ធក្នុងការរៀបចំទាំងអស់ ដែលបានសហការបង្កើតកម្មវិធី “សំណេរអង្គរ” នាពេលនេះឡើង នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ប្រកបដោយស្មារតីក្នុងការពង្រឹងបន្ថែមនូវចំណេះដឹងទូទៅ អត្តសញ្ញាណជាតិ សាមគ្គីភាព ក៏ដូចជាលើកតម្កើងអក្សរសាស្ត្រឱ្យកាន់ផុលផុសបន្ថែមទៀត ។

ក្រសួងអប់រំ យុវជន និងកីឡាបានចេញខ្លឹមសារវិញ្ញាសាសរសេរតាមអានរយៈពេល១ម៉ោង ពីម៉ោង៧.០០ ដល់ម៉ោង ៨.០០ ទីកន្លែង ស្ពានហាល ខាងលិចប្រាសាទអង្គរវត្តសម័យប្រឡង៖ ថ្ងៃអាទិត្យ ១១កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ទិវាសំណេរអង្គរ អង្គរ អាណាចក្រនៃអរិយធម៌ខ្មែរ។

រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ លាតសន្ធឹងនៅលើផ្ទៃដី៤០១គីឡូម៉ែត្រការ៉េ មាន១១២ភូមិ។ នៅក្នុងឧឡាន អង្គរមានប្រាង្គប្រាសាទ បុរាណដ្ឋាន ប្រព័ន្ធធារាសាស្ត្រមួយ ដែលកាលពីសម័យបុរាណត្រូវបានចាត់ទុកថា ជាស្នាដៃ វិស្វកម្មដ៏វិសេសវិសាល ជាអាទិ៍មាន បារាយណ៍ អូរ ប្រឡាយ ស្រះទឹក កសិណ ស្ទឹងបឹងបួ ដែលភ្ជាប់គ្នាខ្វាត់ខ្វែងជា ប្រព័ន្ធមួយដ៏ទំនើប។ ក្រៅពីនេះ ឧទ្យានអង្គរនៅមានលក្ខណៈពិសេសជាច្រើនទៀត ដូចជា វត្តមាននៃជីវៈចម្រុះ ព្រៃព្រឹក្សា ដែលបង្កើតបានជាទេសភាពវប្បធម៌ដ៏ល្អត្រកាល។ វត្តមានប្រជាពលរដ្ឋ ឬហៅថា អ្នកស្រុកអង្គរតាំងពី ច្រើនរយពាន់ឆ្នាំមកហើយ ក៏ជាលក្ខណៈពិសេសមួយនៃបេតិកភណ្ឌអង្គរដែរ
មរតករូបីនិងអរូបីទាំងនេះ គឺជារតនសម្បត្តិជាតិ ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយដែលយើងត្រូវចូលរួមថែរក្សាទាំងអស់គ្នា។
នៅឆ្នាំ១៩៩២ អង្គការយូណេស្កូបានចុះឧទ្យានអង្គរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃមនុស្សជាតិ។ ដំបូងឡើយ ឧទ្យានអង្គរត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលប្រឈមនឹងគ្រោះថ្នាក់ ប៉ុន្តែដោយសារ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាអាទិ៍ អាជ្ញាធរជាតិអប្សរា និងដៃគូអភិវឌ្ឍ ទាំងជាតិ ទាំងអន្តរជាតិ ឧទ្យានអង្គរក៏ត្រូវបានដកចេញ ពីបញ្ជីបេតិកភណ្ឌប្រឈមនឹងគ្រោះថ្នាក់ កាលពីឆ្នាំ២០០៤។ ចាប់តាំងពីពេលនោះ មក ប្រាង្គប្រាសាទ ប្រព័ន្ធធារាសាស្ត្រ និងទេសភាពវប្បធម៌ ដែលបានបាក់បែកខូចខាតដោយសារសង្គ្រាម ការលួច កាប់គាស់ខុសច្បាប់ និងកត្តាធម្មជាតិ ក៏ត្រូវបានជួសជុលនិងស្តារឡើងវិញជាបន្តបន្ទាប់ ហើយអភិរក្សរហូតមកដល់ សព្វថ្ងៃនេះ។
ដោយឡែកប្រព័ន្ធធារាសាស្ត្របុរាណនៅក្នុងឧទ្យានអង្គរ អាចផ្ទុកទឹកបានប្រមាណជាង១០០លានម៉ែត្រគូប។ ទឹកនេះមានប្រភពពីភ្នំគូលែន និងទឹកភ្លៀង ហើយមានតួនាទីសម្រាប់បម្រើជីវភាពប្រចាំថ្ងៃរបស់អ្នកស្រុកអង្គរ លើ វិស័យកសិកម្ម និងសម្រាប់ជួយទ្រទ្រង់គ្រឹះប្រាសាទផងដែរ។

នៅពេលដែលទេសចរទស្សនារមណីយដ្ឋានអង្គរ គ្រប់គ្នាតែងតែស្ញប់ស្ញែងស្នាដៃបុព្វបុរសខ្មែរ អ្នកសាងអង្គរ កាលពីអតីតកាល។ ដោយសារតែស្នាដៃដ៏អស្ចារ្យនេះ ទើបកូនខ្មែរគ្រប់ជំនាន់ តែងតែរៀបចំពិធីបុណ្យ “រំឭកគុណ អង្គរ“។
ក្រុងអង្គរ ឬហៅថាយសោធបុរៈ ជាស្នាដៃរបស់អតីតព្រះមហាក្សត្រខ្មែរជាច្រើនអង្គ ក្នុងនោះ ព្រះមហាក្សត្រ ព្រះនាមសូរ្យវរ្ម័នទី២ បានសាងសង់ប្រាសាទអង្គរវត្ត នៅពាក់កណ្ដាលសតវត្សទី១២។សម័យអង្គរត្រូវបានគេកំណត់ ក្នុងចន្លោះសតវត្សទី៩ និងសតវត្សទី១៥ ពោលគឺក្នុងចន្លោះឆ្នាំ៨០២ និងឆ្នាំ១៤៣១នៃគ្រិស្តសករាជ។

ឧទ្យានអង្គរគឺជាទឹកដីនៃក្តីស្រមៃរបស់មនុស្សជាតិ ជាពិសេសប្រជាជនខ្មែរ។ពលរដ្ឋខ្មែរភាគច្រើនលើសលប់ តែងតែសូបិននិងប៉ងប្រាថ្នា ចង់ទៅទស្សនាប្រាសាទអង្គរវត្ត ឱ្យបាន១ដងក្នុងមួយជីវិតរបស់ពួកគេ។ រមណីយដ្ឋាន អង្គរដែលត្រូវបានគេចាត់ទុកជាបេតិកភណ្ឌរស់ គឺជារមណីយដ្ឋានទេសចរណ៍ដែលគ្រប់គ្នាប្រាថ្នាទស្សនាម្តងហើយ ម្តងទៀតមិនចេះជិនណាយ៕

អត្ថបទដែលជាប់ទាក់ទង