ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ដ្រីជាន់ខ្ពស់ក្រសួងព័ត៏មានថា រយៈពេល ៥ខែនៃការដឹកនាំការងារ ពិតជាបានចូលរួមចំណែកយ៉ាងល្អ លើកវិស័យព័ត៏មាន

35

ភ្នំពេញ៖ ថ្លែងបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៍មានរយៈពេល ២ថ្ងៃនៅទីស្តីការក្រសួងព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៍មានមានប្រសាសន៍ថា៖ ក្នុងរយៈពេល ៥ខែ ដែលឯកឧត្តមបានចូលមកដឹកនាំ ក្រសួងព័ត៍មាននេះ ឯកឧត្តម ពិតជាមានមោទកភាពដែលបានធ្វើកិច្ចការជាមួយនឹងឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់នៅក្នុងក្របខ័ណ្ឌនៃក្រសួងព័ត៍មាន ដោយរយៈពេល ៥ខែនេះ យើងបាន ឆ្លងកាត់ការងារច្រើន បើយើងនិយាយពីសំរឹបនៃសម្លេងសេះ គឺរត់ក្នុងល្បឿនដែលលឿនបំផុត។
លោករដ្ឋមន្ត្រីបានលើកឡើងថា អ្វីដែលជាការកត់សម្គាល់ឃើញថា ក្នុងរយៈពេល ៥ខែនេះ យើងបានបោះ ជំហានទៅមុខបានមួយជំហាន បើប្រៀបធៀបទៅនឹងស្ថាប័នខ្លះនៅក្នុងក្របខ័ណ្ឌនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នេះ។ យើងមិនអាចនិយាយថា វាល្អឥតខ្ចោះនោះទេ ក៏ប៉ុន្តែយ៉ាងហោចក៏យើងបានបោះជំហាន ជាវិជ្ជមានទៅមុខដែលធ្វើឱ្យយើងមានក្តីសង្ឃឹមនៅក្នុងក្របខ័ណ្ឌនេះ ហើយក្នុងកិច្ចការងារទាំងអស់នេះ មិនអាចនឹងសម្រេចបានទេ ប្រសិនបើគ្មានការចូលរួមរបស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជា ថ្នាក់ដឹកនាំ ជាមន្ត្រីរាជការចំណុះឱ្យក្រសួងព័ត៍មានទាំងមូល ដែលនេះគឺជាសមិទ្ធផលរបស់យើងទាំងអស់ គ្នា។ នេះគឺជាការគូសបញ្ជាក់បន្ថែមរបស់ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា។
ក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ ក្រសួងព័ត៍មាន ត្រូវតែជាក្រសួងសំខាន់មួយដែលដើរតួនាទីសំខាន់សម្រាប់ជាតិរបស់យើង។ អញ្ចឹងហើយបានជានៅក្នុងក្របខ័ណ្ឌជាចក្ខុវិស័យ ដែលយើងបានដាក់ចុះ ក្រសួងព័ត៍មាន ត្រូវតែជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ដែលមានបុរេ សកម្ម, សកម្ម, អន្តរសកម្ម ប្រកបដោយគុណភាព និងប្រសិទ្ធភាព នោះគឺសំដៅទៅលើការធ្វើយ៉ាងម៉េច ក្រសួងព័ត៍មានដែលដៃម្ខាងកាន់ប្រព័ន្ធផ្សព្វផ្សាយជាតិ និងដៃម្ខាងទៀតដែលកាន់ច្បាប់ដែលពាក់ព័ន្ធទៅ នឹងវិស័យព័ត៍មាន និងសោតទស្សន៍នេះ វាគឺជាទម្ងន់ជញ្ជីងមួយសម្រាប់រដ្ឋាភិបាលទៅលើការងារ និងសតិ អារម្មណ៍។ ប្រសិនបើយើងមិនបានគិតអំពីបញ្ហានេះទេ នោះយើងនឹងបាត់បង់តួនាទីដ៏សំខាន់របស់ក្រសួងក្នុងនាមជាស្ថាប័នទំនាក់ទំនងសាធារណៈក្នុងនាមជាសម្លេងរបស់ជាតិរបស់យើង។ ដូច្នេះអ្វីៗដែល យើងបានខិតខំប្រឹងប្រែងនេះគឺដើម្បីធ្វើឱ្យសម្លេងរបស់រាជរដ្ឋាភិបាលត្រូវបានគេឮ។ ព័ត៍មានដែលពាក់ព័ន្ធជាមួយនឹងការអនុវត្តនូវគោលនយោបាយ ការដាក់ចុះនូវផែនការសកម្មភាព ក៏ដូចជាការលើកឡើងអំពីសមិទ្ធផលការងារដែលសម្រេចបានដោយរាជរដ្ឋាភិបាល គឺត្រូវតែឮទៅដល់ប្រជាពលរដ្ឋ។ ព័ត៍មានដែលបានទៅដល់ដៃប្រជាពលរដ្ឋនេះហើយ គឺជាការចូលរួមក្នុងការកសាងនូវជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ហើយការជឿលើការដឹកនាំរបស់រាជរដ្ឋាភិបាលនេះហើយ គឺយើងនឹងទទួលត្រឡប់មក វិញនូវការផ្តល់នូវជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅពេលដែលបោះឆ្នោតជ្រើសរើសគណបក្សឱ្យដឹកនាំប្រទេស ដែលនេះហើយគឺជាកម្មវត្ថុចុងក្រោយដ៏ចាំបាច់របស់យើង៕ សំរិត

អត្ថបទដែលជាប់ទាក់ទង