ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចបញ្ជូនអ្នកបើករថយន្តម៉ាក Ford Ranger ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ នៅចំណុចស្តុបស្ពានឫស្សីកែវ បណ្តាលឱ្យមនុស្សស្លាប់ ៤នាក់ ទៅតុលាការ

88

 

ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសដែលបើករថយន្តម៉ាក Ford Ranger បង្កគ្រោះថ្នាក់ចរាចរណ៍នៅចំណុចស្តុបស្ពានឫស្សីកែវ បណ្តាលឱ្យមនុស្សស្លាប់ ៤នាក់ រងរបួសធ្ងន់ ៣នាក់ និងរបួសស្រាល ១នាក់ នៅល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចបានបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីបើកបរល្បឿនលឿន និងបើកបរក្នុងស្ថានភាពស្រវឹងមានអត្រាជាតិអាកុល ០.៥៤ មីលីក្រាមក្នុងមួយលីត្រខ្យល់ ដើម្បីចាត់ការតាមនីតិវិធី។

សូមរំលឹកថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៨:៤០នាទី នៅចំណុចស្តុបស្ពានឫស្សីកែវ ផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២AZ-៥៨៥៤ បើកបរដោយឈ្មោះ នាង សំអូន ភេទប្រុស មុខរបរមន្ត្រីនៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មានទីលំនៅផ្ទះលេខ៤០A ផ្លូវលេខ២១០ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។ បើកបរល្បឿនលឿនក្នុងស្ថានភាពស្រវឹង (កម្រិតជាតិអាកុល ០.៥៤) ទៅបុករះរថយន្តចំនួន២គ្រឿង (រថយន្តម៉ាក Lexus NX២០០T, រថយន្តម៉ាក Toyota Vitz) និងម៉ូតូចំនួន៤គ្រឿង(ម៉ូតូម៉ាក Honda Click, ម៉ូតូម៉ាក Honda Beat, ម៉ូតូម៉ាក Honda Dream, ម៉ូតូម៉ាក Honda Scoopy) សរុបចំនួន០៦គ្រឿង បណ្តាលឱ្យមាន មនុស្សស្លាប់ នៅកន្លែងកើតហេតុ ៤នាក់ ស្រី៣នាក់ និងរងរបួសធ្ងន់ ២នាក់ (ស្រី) បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់មែត។

បច្ចុប្បន្នអ្នកបើកបររថយន្ត និងមធ្យោយបាយ ត្រូវបានបញ្ជូនមកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង