ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមបណ្ឌិត លី ធុជ នឹងអញ្ជើញចូលរួម កិច្ចប្រជុំគណៈកម្មការនានានៃអនុសញ្ញាអូតាវ៉ា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ថ្ងៃទី២២-២៧មករា ឆ្នាំ២០២៤

23

ភ្នំពេញ ៖ ក្នុងនាមកម្ពុជាជាប្រធាន នៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាស្តីពីការហាមប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន (អនុសញ្ញាអូតាវ៉ា) ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន នឹងអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំមួយចំនួន នៃអនុសញ្ញាអូតាវ៉ា ចាប់ពីថ្ងៃទី២២-២៧ ខែមករា ឆ្នាំ២០២៤ នៅ ទីក្រុងហ្សឺណែវ ប្រទេសស្វីស។
នេះបើយោងតាមសេចក្ដីជូនដំណឹង របស់អាជ្ញាធរមីន ចេញថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នេះថា៖ គណៈកម្មការស្តីពីការត្រួតពិនិត្យអនុលោមភាពសហប្រតិបត្តិការគណៈកម្មការសម្របសម្រួល ក្រុមការងារសម្របសម្រួលការធ្វើសាកលភាវូបនីយកម្ម សិក្ខាសាលាត្រៀមរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ក្រៅពីដឹកនាំកិច្ចប្រជុំ ដែលជាកាតព្វកិច្ច របស់ប្រធានអនុសញ្ញាឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី លី ធុជ នឹងជួបពិភាក្សាការងារជាមួយក្រុមការងារ នៃអង្គភាពគាំទ្រការអនុវត្តអនុសញ្ញា (ISU) និងជួបពិភាក្សា ការងារជាមួយឯកអគ្គរាជទូត/រដ្ឋទូតនានា ដើម្បីស្វែងរកការគាំទ្របន្ថែមដល់អនុញ្ញាអូតាវ៉ា ៕ ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង