ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដម​ ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ ៖​ កម្ពុជា​ នឹងផ្តល់ការគាំទ្របច្ចេកទេស ចំណេះដឹង និងជំនាញដល់ប្រទេសម៉ុងហ្គោលី​ លេីការងារបោសសម្អាតមីន និងគាំទ្រដល់ម៉ុងហ្គោលីអនុវត្តបទដ្ឋានរបស់អនុសញ្ញាអូតាវ៉ា

25

ស្វីស ៖ នៅទីក្រុងហ្សឺណែវ ឯកឧត្តមបណ្ឌិត លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានជួបប្រជុំទ្វេភាគី ជាមួយលោកជំទាវ Davaasuren Gerelmaa ឯកអគ្គរដ្ឋទូត និងតំណាងអចិន្ត្រៃយ៍ប្រទេសម៉ុងហ្គោលី ប្រចាំនៅអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងគោលបំណង ស្នើដល់ភាគីម៉ុងហ្គោលី ចូលរួមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា ខណៈកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនៃអនុសញ្ញាអូតាវ៉ា នាចុង ឆ្នាំ២០២៤នេះ ។ ជំនួបទ្វេភាគីនេះ បានប្រព្រឹត្ដទៅ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ។
ឯកឧត្តមបណ្ឌិត លី ធុជ បានអរគុណចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងម៉ុងហ្គោលី ក្នុងរយៈពេលកន្លងមក និងបានដឹងគុណចំពោះប្រទេសម៉ុងហ្គោលីដែលបានចូលជារដ្ឋសង្កេតការណ៍ក្នុងអនុសញ្ញាអូតាវ៉ា និងបានចូលរួមគាំទ្រ និងចូលរួមសកម្មភាពនានារបស់អនុសញ្ញានេះ។
សូមបញ្ជាក់ថា ប្រទេសម៉ុងហ្គោលី ធ្លាប់បានប្តេជ្ញាចិត្តចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ក៏ប៉ុន្តែដោយសារកត្តាមួយចំនួន ដែលក្នុងនោះរួមបញ្ចូលទាំងកង្វះថវិកាផងដែរ បានធ្វើឱ្យម៉ុងហ្គោលីមិនទាន់មានលទ្ធភាពចូលរួមជារដ្ឋភាគីបាន។
ឯកឧត្តមបណ្ឌិត លី ធុជ បានក៏បង្ហាញពីឆន្ទៈរបស់កម្ពុជាក្នុងការកៀរគរជំនួយ និងផ្តល់ជាជំនួយបច្ចេកទេស ចំណេះ ដឹង និងជំនាញ ដើម្បីគាំទ្រដល់ម៉ុងហ្គោលីបោសសម្អាតមីនប្រឆាំងមនុស្ស និងគាំទ្រដល់ម៉ុងហ្គោលីអនុវត្តបទដ្ឋានរបស់អនុសញ្ញាអូតាវ៉ា។
ជាការឆ្លើយតប លោកជំទាវ Davaasuren Gerelmaa បានអបអរសាទរដល់កម្ពុជាដែលទទួលបានការជ្រើសតាំងជាប្រធាន និងម្ចាស់ផ្ទះកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា និងកោតសរសើរខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងនាមជាប្រធាន និងបានសន្យាលើកសំណើរបស់កម្ពុជាបន្តទៅកាន់រដ្ឋាភិបាលម៉ុងហ្គោលីដើម្បីពិចារណា និងស្នើឱ្យមានកិច្ចពិភាក្សាបន្តរវាងកម្ពុជា និងស្ថាប័នសំខាន់ៗមួយចំនួនរបស់ប្រទេសម៉ុងហ្គោលី ៕ ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង