ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី វឌ្ឍនភាព នៃការប្រឡងប្រជែងជ្រើសរើសគ្រូបងៀន ឯកទេសអប់រំកាយ និងកីឡា

61

 

រាជធានីភ្នំពេញ៖ បើតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤, ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា បានសហការរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការជាគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា » ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ និង ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន តំណាងក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល។

សន្និសីទសារព័ត៌មាននេះ មានគោលបំណងផ្ដល់ព័ត៌មានជូន បេក្ខជន និងសាធារណជន អំពីវឌ្ឍនភាពឆ្ពោះទៅកាន់ «ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការជាគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា» ដើម្បីចូលបម្រើការជាមន្ត្រីរាជការក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ផ្អែក លើគោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។

ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការជាគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា ត្រូវបានប្រកាស បើកឱ្យបេក្ខជនចុះឈ្មោះប្រឡងប្រជែងយ៉ាងទូលំទូលាយ និងបញ្ចប់ទទួលពាក្យជាផ្លូវការនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤។ បេក្ខជន ត្រូវមានគុណវុឌ្ឍគ្រប់គ្រាន់ និងបំពេញតាមលក្ខខណ្ឌនៃការជ្រើសរើស ពិសេសត្រូវឆ្លង កាត់ការពិនិត្យកាយសម្បទាជាមុនដោយនាយកដ្ឋានសុខភាពសិក្សានៃក្រសួងអប់រំ យុវជន និងកីឡា។ ជាលទ្ធផល បេក្ខជនដែលបានដាក់ពាក្យសរុប មានចំនួន ១៨៩២នាក់ ស្រី ៥៧៩នាក់ ដោយក្នុងនោះបេក្ខជនសម្រាប់ការ បណ្តុះបណ្តាលជាគ្រូបង្រៀនកម្រិតមូលដ្ឋាន១២+២ ជំនាន់ទី៣១ មានចំនួន ១៤៤៥ នាក់ (ស្រី៤៥០ នាក់) និងបេក្ខជនសម្រាប់ការបណ្តុះបណ្តាលជាគ្រូបង្រៀនកម្រិតមូលដ្ឋាន១២+៤ ជំនាន់ទី៤ ចំនួន៤៤៧ នាក់(ស្រី១៣៥នាក់)។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើង អំពីការអនុញ្ញាតរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ឱ្យមានការប្រឡងជ្រើសរើសមន្ត្រីរាជការដែលទទួលបានគោលការណ៍រួចមកហើយក្នុងឆ្នាំ២០២៣ ដោយក្រសួង អប់រំ យុវជន និងកីឡា នឹងត្រូវបន្តជ្រើសរើសមន្ត្រីរាជការ ២០៨៨ នាក់ ក្នុងនោះ គ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា ចំនួន១០០ នាក់ ត្រូវជ្រើសរើសពេលនេះ ដើម្បីដាក់ពង្រាយតាមអនុវិទ្យាល័យ និងវិទ្យាល័យគោល ដៅក្នុងខេត្តចំនួន២១ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់បន្ថែមអំពីការផ្សព្វផ្សាយយ៉ាងទូលំទូលាយ នៅគ្រប់ ដំណាក់កាលនៃការរៀបចំប្រព័ន្ធប្រឡង ទាំងអនឡាញ ទាំងដោយផ្ទាល់នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, ការផ្ដល់ព័ត៌មានជូនបេក្ខជនតាមប្រព័ន្ធព័ត៌មានវិទ្យាឌីជីថលការរៀបចំកម្មវិធីណែនាំពន្យល់អំពីការអនុវត្តវិញ្ញាសាកីឡា រួមទាំងសន្និសីទសារព័ត៌មាន ដើម្បីធានានូវតម្លាភាព និងការផ្ដល់ឱកាសស្មើៗគ្នាដល់បេក្ខជនចូល រួមប្រឡងប្រជែង ។

ឯកឧត្តមបណ្ឌិតសភាចារ្យណាត ប៊ុនរឿន បានលើកឡើងថា៖ «ការប្រឡងនេះ ប្រៀបបីដូចជា ការបន្តមរតក ដែលក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការកែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិកាលពីឆ្នាំ២០១៤កន្លងមក (អ្នកចេះគឺជាប់)»។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្ថែមថា ការប្រឡងជ្រើស រើស និងការពង្រាយគ្រូបង្រៀនលើកនេះ នៅតែបន្តអនុវត្តដោយមានភាពប្រាកដប្រជា ព្រោះការធ្វើស្វ័យប្រកាស និងឱ្យបេក្ខជនសុំការបញ្ជាក់ពីសាលាគោលដៅមុនពេលប្រឡងបានអនុវត្តច្រើនឆ្នាំកន្លងមកហើយ។ សាលាដែលខ្វះគ្រូ ត្រូវធ្វើស្វ័យប្រកាសថាមានតម្រូវការពិត ហើយបេក្ខជនត្រូវធ្វើការជ្រើសរើសទីតាំងការងារ នៅសាលា ដែលមានតម្រូវការចាំបាច់ និងជាក់លាក់។
ឯកឧត្តម ក៏បានគូសបញ្ជាក់ផងដែរថា៖ «ការប្រឡងនេះត្រូវបាន រៀបចំឡើងផ្អែកលើគោលការណ៍គុណាធិបតេយ្យ អ្នកចេះគឺជាប់ និងយុត្តិធម៌ ក្នុងទិសដៅកសាងមូលធនមនុស្ស ប្រកបដោយចំណេះដឹង ជំនាញ សីលធម៌ និងសុខភាពល្អ ដើម្បីឱ្យសង្គមទទួលស្គាល់ និងឱ្យតម្លៃ ហើយការ គោរពបាននូវគោលការណ៍នេះក៏នឹងនាំមកនូវកិត្តិយសបុគ្គល គ្រួសារ សង្គម និងប្រទេសជាតិផងដែរ»។

ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា នឹងត្រូវប្រឡងលើវិញ្ញាសា ២ ប្រភេទ គឺវិញ្ញាសាសរសេរ និងវិញ្ញាសាអនុវត្តន៍កីឡា។ វិញ្ញាសាសរសេរ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២៤ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដោយត្រូវប្រឡងបីមុខវិជ្ជារួមមាន៖ (១)វប្បធម៌ទូទៅ រយៈពេល ១ម៉ោង ៣០នាទី (២) ជីវវិទ្យា រយៈពេល ១ម៉ោង និងភាសាអង់គ្លេស រយៈពេល ១ ម៉ោង។ វិញ្ញាសាប្រឡងទាំងអស់នឹងត្រូវរៀបចំតាក់តែងក្នុងថ្ងៃតែមួយ ពោលគឺរៀបចំវិញ្ញាសានៅពេលព្រឹក ហើយចាប់ផ្តើមប្រឡងពីម៉ោង១២៖៣០ ថ្ងៃត្រង់តទៅ។ ចំណែកវិញ្ញាសាអនុវត្តន៍កីឡា នឹងចាប់ផ្តើមពីរសៀលថ្ងៃ ទី២៩ ខែមករា ឆ្នាំ២០២៤ និងបន្តបន្ទាប់រយៈពេល៨ ថ្ងៃ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ដោយអនុវត្តបី ប្រភេទកីឡា រួមមាន៖ ចោលដុំដែក លោតចម្ងាយ និងរត់ល្បឿន។ បេក្ខជនម្នាក់ៗត្រូវអនុវត្តវិញ្ញាសាចោលដុំដែក ចំនួន ២ដងជាប់គ្នា រួចបន្តទៅវិញ្ញាសាលោតចម្ងាយ ដោយលោតចំនួន ២ដងជាប់គ្នា និងបន្តទៅវិញ្ញាសារត់ ល្បឿនចំនួន១ដង។ គណៈកម្មការនឹងរៀបចំប្រកាសលទ្ធផលពិន្ទុនៃវិញ្ញាសាអនុវត្តន៍កីឡាជូនបេក្ខជនឱ្យបានដឹង ភ្លាមៗក្រោយពីអនុវត្ដវិញ្ញាសារួច។ សម្រាប់ការប្រឡងប្រជែងនាពេលនេះ អ្នកសង្កេតការណ៍ ត្រូវបានអនុញ្ញាត ឱ្យចូលរួមពិនិត្យដំណើរការចាប់ពីការរៀបចំវិញ្ញាសា រហូតដល់ប្រកាសលទ្ធផល ដោយក្នុងនោះ មានការចូលរួម សង្កេតការណ៍ពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ ចំនួន៨៧រូប, សាធារណជន ចំនួន៤៤ រូប, តំណាង សាកលវិទ្យាល័យចំនួន១០ រូប, និងសហភាពសហព័ន្ធយុវជនកម្ពុជាចំនួន២០រូប រួមទាំងវត្តមានសារព័ត៌មាន ចម្រុះស្ថាប័នផ្សេងៗទៀត។

បេក្ខជនដែលចូលរួមប្រឡងប្រជែងត្រូវគោរពវិន័យ និងបទបញ្ញត្តិនៃការប្រឡងឱ្យបានខ្ជាប់ខ្ជួន។ ក្នុង ករណីបេក្ខជនប្រព្រឹត្តខុសពីបទបញ្ញត្តិប្រឡង ដូចជាបន្លំឯកសារ បន្លំបេក្ខភាព យកទូរស័ព្ទចូល។ល។ នឹងធ្លាក់ ជាស្វ័យប្រវត្តិ ព្រមទាំងត្រូវទទួលខុសត្រូវតាមច្បាប់ជាធរមានផងដែរ។ បេក្ខជនក៏អាចចូលរួមពិនិត្យដំណើរការនៃការធ្វើកំណែរហូតដល់ការប្រកាសលទ្ធផល ហើយមានឱកាសស្នើពិនិត្យសន្លឹកកិច្ចការក្នុងរយៈពេល១សប្តាហ៍ បន្ទាប់ពីការប្រកាសលទ្ធផល។
សម្រាប់បេក្ខជនជ័យលាភីដែលបានប្រឡងជាប់ជាស្ថាពរ ក្រសួងមុខងារសារធារណៈ នឹងចេញសេចក្តីសម្រេចបញ្ចូលក្របខណ្ឌជាមន្ត្រីរាជការស៊ីវិលជូនដល់បេក្ខជនក្នុងប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការតាមព័ត៌មានវិទ្យា និងបញ្ចូនឈ្មោះទៅក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបន្តនីតិវិធីសម្រាប់ការបណ្តុះបណ្តាលតាមកម្រិត ប្រភេទក្របខណ្ឌដែលខ្លួនបានជ្រើសរើស (មធ្យមសិក្សាទុតិយភូមិ+៤ នឹងទទួលបានក្របខណ្ឌ “ក” និងមធ្យម សិក្សាទុតិយភូមិ+២ នឹងទទួលបានក្របខណ្ឌ “ខ” ។ ក្នុងអំឡុងពេលបណ្តុះបណ្តាល គរុសិស្ស នឹងទទួលបាន ប្រាក់ឧបត្ថម្ភចំនួន៧០% នៃបៀវត្សសរុបតាមប្រភេទក្របខណ្ឌនីមួយៗ បេក្ខជនដែលបានជាប់ជាស្ថាពរ ក្រោយទទួលបានការបណ្តុះបណ្តាល ត្រូវទៅបំពេញការងារតាមគោលដៅដែលខ្លួនបានជ្រើសរើស ដោយមិន ត្រូវបានអនុញ្ញាតឱ្យផ្លាស់ប្ដូរទីកន្លែងបំពេញការងារឡើយ។ ក្នុងករណីដែលមានការស្នើសុំផ្លាស់ប្ដូរកន្លែងការងារ មានន័យថាសាមីជនបោះបង់ក្របខណ្ឌមន្ត្រីរាជការ។

គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ដែលមាន ក្រសួងមុខងារសាធារណៈ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, និងដោយមានការ ចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នពាក់ព័ន្ធដទៃទៀត ប្ដេជ្ញារៀបចំការប្រឡងប្រជែងនេះ ដោយឈរលើគោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ដើម្បីឆ្លើយតប ទៅនឹងវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ ឱ្យស្របតាមចក្ខុវិស័យដឹកនាំប្រកបដោយភាពស្វាហាប់ និងមានថាមពលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង