ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ ម្នាក់ រួមនិងជនក្លែងបន្លំជាប្រជាការពារ ២នាក់ទៀត បញ្ជូនទៅតុលាការ ពីបទ កំហែងយកប្រាក់

71

 

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ជនសង្ស័យចំនួន០៣នាក់ ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ ចំនួន០១នាក់ រួមនិងជនក្លែងបន្លំជាប្រជាការពារចំនួន០២នាក់ទៀត ត្រូវបានកម្លាំងជំនាញបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ពីបទ កំហែងយកប្រាក់។

កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានឃាត់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ ម្នាក់ រួមនិងជនក្លែងបន្លំជាប្រជាការពារចំនួន២នាក់ទៀត ពីបទ កំហែងយកប្រាក់ពីយុវជន០៥នាក់នៅចំណុចប្រេងឥន្ធនៈតេលាលូប្រាំ ហើយកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ករណីយុវជន០៥នាក់ ដែលបានសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅលើបណ្ដាញសង្គម កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ដោយចោទប្រកាន់ថាមានសមត្ថកិច្ចគាបយកលុយ នៅចំណុចប្រេងឥន្ធនៈតេលាលូប្រាំ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ ករណីនេះដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវត្រួតពិនិត្យកន្លែងកើតហេតុ និងប្រមូលវត្ថុតាងតាមកាមេរ៉ាសុវត្ថិភាព និងតាមការសាកសួរពីយុវជនរងគ្រោះ និងបានឃាត់ខ្លួនមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ០១នាក់ រួមនិងជនក្លែងបន្លំជាប្រជាការពារចំនួន០២នាក់ទៀត ពីបទ កំហែងយកប្រាក់។

ជនសង្ស័យចំនួន៣៖ ១-ឈ្មោះ នាង វណ្ណី ហៅ ប៉ាន់នី ភេទប្រុស ជនជាតិ ខ្មែរ។ ២-ឈ្មោះ គឹម សុខា ហៅ ហង្ស១៣ ភេទ ប្រុស ជនជាតិ ខ្មែរ។ ៣-អនុសេនីយ៍ឯក ព្រុំ វណ្ណរឿន ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។ ចំណែកជនសង្ស័យនៅសេសសល់មួយចំនួនទៀត កម្លាំងជំនាញកំពុងស្រាវជ្រាវបន្តដើម្បីស្វែងរកឃាត់ខ្លួន យកមកអនុវត្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង