ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញ ចុះពិនិត្យស្ថានភាពប្រឡាយព្រែកប្រា គ្រោងស្ថាបនា ចាក់ស៊ីផាយ នៅអមសងខាងប្រឡាយ ទំហំ៣០ម៉ែត្រ

40

 

ភ្នំពេញ ៖ ឯកឧត្តមឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នេះបានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋានខណ្ឌច្បារអំពៅ ចុះពិនិត្យមើលស្ថានភាពប្រឡាយព្រែកប្រា ដើម្បីឈានទៅធ្វើការស្ដារក៏ដូចជាស្ថាបនា និងចាក់ស៊ីផាយនៅអមសងខាងប្រឡាយ ខណៈដែលនៅអមសងខាងប្រឡាយនេះ មានផ្លូវបេតុងស្អាតរួចរាល់។

លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅបានថ្លែងថា ប្រឡាយព្រែកប្រា គឺជាប្រឡាយរំដោះទឹកដ៏មានសារៈសំខាន់មួយ នៅក្នុងខណ្ឌច្បារអំពៅ តែប្រឡាយនេះត្រូវបានប្រជាពលរដ្ឋរំលោភ និងរស់នៅលើប្រឡាយនេះតែម្តង ដែលបានបង្កឲ្យស្ទះចរន្តផ្លូវទឹកហូរ។
ជុំវិញបញ្ហានេះ ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យអាជ្ញាធរខណ្ឌធ្វើការដោះស្រាយ ដើម្បីសូមអោយប្រជាពលរដ្ឋរុះរើចេញពីលើប្រឡាយព្រែកប្រា ដោយស្ម័គ្រចិត្ត ។
ប្រជាពលរដ្ឋដែលរស់នៅលើប្រឡាយនេះ មានចំនួន២២៩គ្រួសារ តែមកដល់ពេលនេះប្រជាពលរដ្ឋដែលស្ម័គ្រចិត្ត រុះរើចេញមានចំនួនជាង២០០គ្រួសារហើយ ពោលគឺនៅសល់តែចំនួន២៤គ្រួសារប៉ុណ្ណោះ ដែលពួកគាត់មិនទាន់បានរុះរើចេញពីលើប្រឡាយ។

ប៉ុន្តែទោះបីយ៉ាងណាក្តី អាជ្ញាធរនិងជំរុញការដោះស្រាយជាមួយបងប្អូនប្រជាពលរដ្ឋទាំង២៤គ្រួសារនេះអោយបានលឿន ដើម្បីឲ្យដំណើរការនៃការស្ដារប្រឡាយក៏ដូចជាការបុកស៊ីផាយ ដំណើរការទៅដោយរលូន នៅមុនរដូវវស្សាមកដល់។

ឯកឧត្តមឃួង ស្រេង បានលើកឡើងថា ប្រជាពលរដ្ឋដែលព្រមស្ម័គ្រចិត្តរុះរើ លំនៅដ្ឋានចេញពីទីតាំងប្រឡាយខាងលើនេះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ រៀបចំទីតាំង ដោះដូរមួយកន្លែងនៅក្នុងភូមិចំពុះក្អែក១ ស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី ដែលមានទីតាំងមិនឆ្ងាយពីទីតាំងដើមឡើយ ហើយនៅទីតាំងថ្មីនេះ ប្រជាពលរដ្ឋនឹងទទួលបានប្លង់រឹងដីកម្មសិទ្ធិស្របច្បាប់ ទំហំ៤ម៉ែត្រកន្លះគុណនិង១៥ម៉ែត្រក្នុងមួយគ្រួសារ ជាមួយនិងការរៀបចំហេដ្ឋារចនាសម្ព័ន្ធយ៉ាងល្អប្រសើរផងដែរ ដែលមានទាំងការធ្វើផ្លូវបេតុងជូន បំពាក់ភ្លើងអគ្គិសនី ទឹកស្អាត ជាមួយនឹងប្រព័ន្ធបណ្តាញលូផងដែរ។

ប្រឡាយព្រែកប្រាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកចេញពីសង្កាត់ចំនួន៤ នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ក្នុងនោះ មានសង្កាត់ព្រែកប្រា សង្កាត់ព្រែកថ្មី សង្កាត់ព្រែកឯង និងសង្កាត់វាលស្បូវ។

ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានពិនិត្យនិងធ្វើការសិក្សា
នៅទីតាំងខាងលើនេះឲ្យបានច្បាស់លាស់ ដើម្បីឲ្យដំណើរការនៃការស្ថាបនា បុកស៊ីផាយ ការស្តារប្រឡាយនេះ ឲ្យបានលឿនមុន
រដូវវស្សាមកដល់ ។ ជាគម្រោងសម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ក្រោយស្ថាបនា ចាក់ស៊ីផាយប្រឡាយនេះរួចរាល់ យើងក៏
និងស្ថាបនាស្ថានីយ៍បូមទឹកនៅប្រឡាយព្រែកប្រានេះមួយកន្លែង ជាមួយនឹងការស្ថាបនាជាអាងប្រព្រឹតិ្តកម្មទឹកស្អាតផងដែរ។

គួរបញ្ជាក់ថា ប្រឡាយព្រែកប្រា នេះមានទទឹងពី៣០ម៉ែត្រទៅ៥០ម៉ែត្រដោយកន្លែង ហើយប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើចេញ ពីនៅប្រឡាយមានប្រវែងជាង១គីឡូម៉ែត្រ៕

អត្ថបទដែលជាប់ទាក់ទង