ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនជនត្រូវចោទម្នាក់ ទៅតុលាការ ពីបទធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងកាន់កាប់ ឫដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត

38

បន្ទាយមានជ័យ ÷កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនត្រូវចោទម្នាក់ដោយអនុវត្តតាមដីការ ទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ពីបទធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស និងកាន់កាប់ ឫដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត។

កាលពីវេលាម៉ោង២០និង៤០នាទីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រុក ដឹកនាំដោយលោកវរសេនីយ៍ត្រី ឈឹម ប៊ុនឈឿម មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រុក ចុះអនុវត្តតាមដីកាបង្គាប់ឱ្យនាំខ្លួនលេខ ៖ ៣៥ ព្រ.ទI”ឆ”/២៤ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ របស់លោក ឆឹម ឫទ្ធី ចៅក្រមស៊េីបសួរ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី ឈឹម ប៊ុនឈឿម បានឱ្យដឹងថា ជនត្រូវចោទ ឈ្មោះ ណាន ឧត្តម ហៅ ដំ ភេទប្រុស អាយុ១៦ឆ្នាំ អាសយដ្ឋានបច្ចុប្បន្ននៅភូមិប៉ោយស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ពីបទធ្វើឲ្យខូចខាតដោយចេតនាស្ថានទម្ងន់ទោស និងកាន់កាប់ ឫដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ដែលប្រព្រឹត្តកាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ នៅចំណុចភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី ឈឹម ប៊ុនឈឿម បានឱ្យដឹងទៀតថា ជនត្រូវចោទក្រោយពីឃាត់ខ្លួន ត្រូវបានកម្លាំងជំនាញបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ជនត្រូវចោទបច្ចុប្បន្នត្រូវបាន ការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ៕

អត្ថបទដែលជាប់ទាក់ទង