ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីក្រសួងអប់រំ ផ្សព្វផ្សាយស្ដង់ដាសាលារៀនគំរូ និងការលើកកម្ពស់ស្ដង់ដាសាលារៀនគំរូដោយវិធីបង្រៀនតាមបែបថ្នាក់រៀនត្រឡប់ និងវិធីសាស្ត្របង្រៀនតាមទ្រឹស្ដីអប់រំស្ថាបនានិយម

81

 

រាជធានីភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីការផ្សព្វផ្សាយស្ដង់ដាសាលារៀនគំរូ និងការលើកកម្ពស់ស្ដង់ដាសាលារៀនគំរូដោយវិធីបង្រៀនតាមបែបថ្នាក់រៀនត្រឡប់ និងវិធីសាស្ដ្របង្រៀនតាមទ្រឹស្ដីអប់រំស្ថាបនានិយម ដែលរៀបចំឡើងនៅមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង រួមជាមួយមន្ត្រីអប់រំ លោកនាយក នាយិកា គ្រឹះស្ថាន បឋម និងមធ្យមសិក្សាសាធារណៈ ក្នុងរាជធានីភ្នំពេញទាំងអស់សរុបប្រមាណ ៥០០នាក់។

គួរបញ្ជាក់ផងដែរថា កម្មវិធីការផ្សព្វផ្សាយស្ដង់ដាសាលារៀនគំរូ និងការលើកកម្ពស់ស្ដង់ដាសាលារៀនគំរូដោយវិធីបង្រៀនតាមបែបថ្នាក់រៀនត្រឡប់ និងវិធីសាស្ត្របង្រៀនតាមទ្រឹស្ដីអប់រំស្ថាបនានិយមនឹងអនុវត្តតាមរយៈយុទ្ធនាការគាំទ្រការអប់រំឌីជីថលសម្រាប់សិស្សានុសិស្ស នៅគ្រឹះស្ថានមធ្យមសិក្សានៅរាជធានីភ្នំពេញ ដំណាក់កាលទី២ ជាការបន្តសកម្មភាពពីយុទ្ធនាការដំណាក់កាលទី១ ដោយផ្តោតលើវិសាលភាពសិស្សានុសិស្សពីកម្រិតមធ្យមសិក្សាបឋមភូមិដល់ទុតិយភូមិ គ្រូក្រុមបច្ចេកទេស និងមុខវិជ្ជា និងការរៀបចំ ក្លឹបសិក្សានៅតាមសាលារៀន។

គោលបំណងចម្បងនៃយុទ្ធនាការនេះគឺការជំរុញបរិវត្តកម្មឌីជីថល នៅក្នុង អេកូស៊ីស្តែមនៃការអប់រំ ដើម្បីធានាឱ្យសិស្សានុសិស្សទទួលបានប្រកបដោយសមធម៌ គុណភាព បរិយាប័ន្ន គ្រប់ពេលវេលា និងគ្រប់ទីកន្លែង នូវវេទិកាឌីជីថល តំណភ្ជាប់ សម្ភារៈបច្ចេកវិទ្យា និងធនធានសិក្សា ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ការលើកកម្ពស់លទ្ធផលនៃការសិក្សា។

ថ្លែងក្នុងឱកាសនេះឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងនៅការដាក់ចេញវិធានការគន្លឹះចំនួន ៤ ដោយសម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់មធ្យមសិក្សា រួមមាន៖
ទី១. ការពង្រឹង អភិបាលកិច្ចសាលារៀន
ទី២. ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា, និងសកម្មភាព ក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថ របស់សិស្ស
ទី៣. ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈ កម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន និង ទី៤. ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និង សហគមន៍ ដើម្បីការអប់រំ»។
ការពង្រឹងអភិបាលកិច្ចសាលារៀនមានគោលដៅកែលម្អលទ្ធផលសិក្សារបស់សិស្ស ផ្លាស់ប្ដូរវប្បធម៌សាលារៀន ពង្រឹងវិន័យ សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងឥរិយាបថល្អរបស់បុគ្គលិកអប់រំ និងសិស្សានុសិស្ស។

សាលារៀនមានដំណើរការល្អ ដោយមាន “ការពង្រឹងអភិបាលកិច្ចសាលារៀន” អាស្រ័យ លើការអនុវត្តវិធានការដូចខាងក្រោម៖
១. ការពង្រឹងការគ្រប់គ្រងសាលារៀន៖ ការបង្កើតគណៈកម្មការគ្រប់គ្រង សាលារៀន គណៈកម្មការគ្រប់គ្រងថ្នាក់រៀន
២. ការរៀបចំផែនការអភិវឌ្ឍសាលារៀនសាលារៀនត្រូវកំណត់ចក្ខុវិស័យ បេសកកម្ម យុទ្ធសាស្ត្រ និងសកម្មភាពគន្លឹះ
៣. ការរៀបចំតេស្តស្តង់ដា៖ លទ្ធផលតេស្តស្តង់ដាដើមឆ្នាំ ប្រចាំខែ និងត្រីមាស និងចុងឆ្នាំត្រូវយកមកប្រើប្រាស់ ដើម្បីជួយកែលម្អការរៀន និងបង្រៀន ជាពិសេសជួយ ដល់សិស្សរៀនយឺត ដោយកែលម្អវិធីសាស្ត្របង្រៀន ការអប់រំវិន័យបែបវិជ្ជមាន និងការប្រឹក្សាគរុកោសល្យ។
៤. ការវាយតម្លៃការបំពេញការងាររបស់បុគ្គលិក៖ គណៈគ្រប់គ្រងសាលា និងគ្រូបង្រៀន ត្រូវចុះកិច្ចព្រមព្រៀងលទ្ធផលការងារប្រចាំឆ្នាំ ជាមួយគណៈកម្មការគ្រប់គ្រងសាលារៀន ដើម្បីធានាគណនេយ្យភាពចំពោះសហគមន៍។

ក្រសួងបាននិងកំពុងរៀបចំយន្តការជំរុញអនុវត្តសាលារៀនគំរូ និងយន្តការចុះជួយសាលារៀន តាមរយៈ៖
• ក្រុមនាយកសាលាល្អ គ្រូបង្រៀនល្អ
• ក្រុមអ្នកឯកទេស ដូចជាកម្មវិធីសិក្សា រង្វាយតម្លៃ ហិរញ្ញវត្ថុ និងការគ្រប់គ្រងទូទៅ
• កម្មវិធីអភិវឌ្ឍភាពជាអ្នកដឹកនាំសាលារៀន និងកម្មវិធីអភិវឌ្ឍគ្រូបង្រៀន
• ការបង្ហាត់បង្ហាញអំពី ការបង្រៀនគណិតវិទ្យាថ្នាក់ដំបូង និងអំណានថ្នាក់ដំបូងនៅបឋមសិក្សា និងវិធីសាស្ត្របង្រៀនថ្មីនៅមធ្យមសិក្សា។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការអនុវត្តស្តង់ដាសាលារៀនគំរូ គឺជាកំណែទម្រង់អប់រំកម្រិតសាលារៀនជាកញ្ចប់ដោយផ្លោតជាសំខាន់លើគ្រឹះស្ថានសិក្សាសាធារណៈ ចាប់ពីកម្រិតមត្តេយ្យសិក្សារហូតដល់កម្រិតមធ្យមសិក្សាទុតិយភូមិ ក្នុងគោលបំណងពង្រឹងចំណេះដឹង និងសីលធម៌របស់សិស្សឱ្យបានល្អប្រសើរ ដើម្បីឈានទៅថ្នាក់ឧត្តមសិក្សា។

ទន្ទឹមនេះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវសហការគ្នាបន្តផ្សព្វផ្សាយស្តង់ដាសាលារៀនគំរូឱ្យបានទូលំទូលាយទៅដល់សាលារៀន និងរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តរួមគ្នា ឆ្ពោះទៅសម្រេចឱ្យបានតាមតម្រូវការរបស់ក្រសួង និងរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស៕

អត្ថបទដែលជាប់ទាក់ទង