ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងរៀបចំកម្មវិធីសម្តែងទស្សនីយភាពល្ខោននិយាយរឿង ផ្កាស្រពោន រយៈពេល ៣ថ្ងៃ នៅសាលសន្និសីទចតុម្មុខ

48

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានប្រកាសពីគម្រោងនៃការរៀបចំកម្មវិធីសម្តែងទស្សនីយភាពល្ខោននិយាយរឿង ផ្កាស្រពោន រយៈពេល ៣ថ្ងៃ នៅសាលសន្និសីទចតុម្មុខ គឺនៅថ្ងៃទី២-៣-៤ ខែកុម្ភៈ ឆ្នាំ២០២៤។
បើយោងតាមការពណ៌នារបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ក្រសួងបានតំឡើងនូវស្នាដៃ រឿង ផ្កាស្រពោន ទៅជាទម្រង់ល្ខោននិយាយ ដែលជាស្នាដៃអក្សរសីល្ប៌ទំនើបដ៏ល្បីល្បាញមួយនៅក្នុង ប្រទេសកម្ពុជា ជាពិសេសក៏មាននៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំផងដែរ ហើយថា ដើម្បីចូលរួមចំណែកក្នុងការថែរក្សា អភិរក្ស អភិវឌ្ឍន៍ លើទម្រង់សិល្បៈល្ខោននិយាយ ក្រសួងនឹងរៀបចំកម្មវិធីសម្តែង ទស្សនីយភាពល្ខោននិយាយរឿង ផ្កាស្រពោននេះ នាថ្ងៃទី២-៣-៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលសន្និសីទ ចតុម្មុខ រាជធានីភ្នំពេញ ដោយមានការលក់សំបុត្រចូលទស្សនាផងដែរ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវដល់មហាជន ជាពិសេសស្រទាប់យុវវ័យ សិស្សានុសិស្ស សូមអញ្ជើញទៅចូលរួមទស្សនាការសម្តែងទស្សនីយភាពល្ខោននិយាយរឿង ផ្កាស្រពោននេះ ឱ្យបានច្រើនកុះករ ដើម្បីជាការគាំទ្រដល់ស្នាដៃសិល្បៈខ្មែរ។
សូមជម្រាបជូនថា៖ រឿងផ្កាស្រពោន គឺជាស្នាដៃនិពន្ធរបស់អ្នកនិពន្ធដ៏ល្បីឈ្មោះម្នាក់គឺ លោក នូ ហាច។ លោក នូ ហាច គឺជាកូនកសិករ កើតនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៩១៦ នៅឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្ត បាត់ដំបង លោកបានសរសេររឿងបែបប្រលោមលោកមួយនេះឡើងកាលពីឆ្នាំ១៩៤៩។ វាជាប្រលោម លោកបែបមនោសញ្ចេតនាស្នេហាយុវវ័យដ៏បរិសុទ្ធមួយគូគឺអ្នកកំលោះ ប៊ុន ធឿន និងនាង វិធាវី ដែលឪពុក ម្តាយបានផ្សំផ្គុំពួកគេតាំងពីតូច តែផ្ទុយទៅវិញពួកគេទាំងពីរគឺ ពុំបានជួបគ្នាជាប្តីប្រពន្ធសមដូចបំណងឡើយ នេះក៏ដោយសារតែការប្រែប្រួលនៃវណ្ណៈសង្គមកើតឡើង ហើយដែលសាច់រឿងមួយនេះត្រូវបានក្លាយទៅជារឿងអក្សរសិល្ប៍ដ៏មានប្រជាប្រិយ និងត្រូវបានក្រសួងអប់រំយកមកដាក់បញ្ចូលនៅក្នុងកម្មវិធី សិក្សារបស់សិស្សជាច្រើនជំនាន់ថែមទៀតផង ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង