ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការខេត្ត​ព្រះ​សីហ​នុ ផ្ដន្ទាទោស ចិន​៦​នាក់ និង​ខ្មែរ​ម្នាក់ ដាក់គុក​ម្នាក់​ៗ២០​ឆ្នាំ ករណី​ដឹក​ជញ្ជូន​គ្រឿងញៀន​ជិត​៩០០​គីឡូក្រាម

115

ខេត្ត​ព្រះ​សីហ​នុ ៖ សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ បាន​សម្រេច​ដាក់​ពន្ធនាគារ ជនជាតិ​ចិន ៦​នាក់ និង​ខ្មែរ ១​នាក់ ក្នុង​បទល្មើស​គ្រឿងញៀន ដោយ​ក្នុង​ម្នាក់​ៗ​កំណត់​រយៈពេល​២០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់​ៗ​ចំនួន ៤០​លាន​រៀល ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ នៅ​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២៤ ស្តី​ពីការ​ផ្តន្ទាទោស​ជនជាប់ចោទ ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន បាន​លើក​ឡើង​ថា កាលពី​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០២៤ ក្រុមប្រឹក្សា​ជំនុំជម្រះ នៃ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ បាន​បើក​សវនាការ​ជា​សាធារណៈ ដើម្បី​ជំនុំជម្រះ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៨១៦ ចុះ​ថ្ងៃ​ទី​២០ ខែសីហា ឆ្នាំ​២០២២ ពាក់ព័ន្ធ​នឹង​បទល្មើស រក្សា​ទុក និង​ដឹក​ជញ្ជូន​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន (​ទម្ងន់​៨៧១​គីឡូ​២០០​ក្រាម ប្រភេទ​កេ​តា​មីន​) និង​បទល្មើស សម្អាត​ប្រាក់ ទៅ​តាម​នីតិវិធី​ច្បាប់ និង​បាន​កំណត់ពេល​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២៤ ។

អ្នកនាំពាក្យ បាន​លើក​ឡើង​ទៀត​ថា ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ បាន​ប្រកាស​សាលក្រម​លេខ ២៧/០២ ក្រ​១ “​ក​”​ចុះ​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២៤ ដោយ​សម្រេច​ផ្តន្ទាទោស​ដូច​ខាងក្រោម ៖

១-​ឈ្មោះ កូ​ណា (PHOU NA) ហៅ XIAO FU ឬ ម៉ា​ប់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ​។

២-​ឈ្មោះ តុង ពូ​ជី​ន (DONG BU JUN) IN DONG XIAO CHUN ហៅ JUN GE ឬ​ហៅ LAO DONG ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ជនជាតិ ចិន​។

៣-​ឈ្មោះ យ៉ាង ស៊ី​ថុ​ន (YAN XI TONG) ហៅ ឡាវ យៀន (LAO YAN) ភេទ​ប្រុស អាយុ​៥១​ឆ្នាំ​ជនជាតិ​ចិន​។

៤-​ឈ្មោះ តុង ជាំ​ង​ស៊ី​ន (DONG JIAN XIN) Ỉ AH SHU ភេទ​ប្រុស អាយុ​៧០​ឆ្នាំ ជនជាតិ​ចិន​។

៥-​ឈ្មោះ កូវ ជី​ពឹង (GAO ZHI BIN) ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជនជាតិ​ចិន​។

៦-​ឈ្មោះ លី យ៉ុ​ង​ស៊ី​ន (LI YONG XIN) ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ​ចិន​។

៧-​ឈ្មោះ ចុង ជៀន​លី​ន (ZHONG JIAN LIN) ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ចិន​។

អ្នកនាំពាក្យ បាន​បញ្ជាក់​ថា ៖ “​ដាក់​ពន្ធនាគារ ក្នុង​ម្នាក់​ៗ​កំណត់​រយៈពេល ២០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់​ៗ​ចំនួន ៤០​លាន​រៀល ពី​បទ រក្សា​ទុក និង​ដឹក​ជញ្ជូន​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​បទ សម្អាត​ប្រាក់ ប្រព្រឹត្ត​នៅ​ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ កាលពី​អំឡុង​ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២២ បទល្មើស​ព្រហ្មទណ្ឌ ដែល​មាន​ចែង​ឲ្យ​ផ្ដន្ទាទោស​តាម​មាត្រា​៤៨ កថាខណ្ឌ​ទី​៦ ចំណុច​ទី​១ នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន និង​មាត្រា​៣៨ នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន ភេរវកម្ម​” ។

តុលាការ​បាន​សម្រេច​រឹបអូស​វត្ថុ​តាងចាប់​យក​មាន ៖ កប៉ាល់ ១​គ្រឿង​, អូ​ប័​រ ៥​គ្រឿង​, ទូក​ឈើ ១​គ្រឿង​, រថយន្ត ១​គ្រឿង​, ម៉ូតូ ៣​គ្រឿង​, ប្រាក់​ដុល្លា ៩៥,៦៤៤.៨៦ USD (​ប្រាំបួន​ម៉ឺន​ប្រាំ​ពាន់​ប្រាំមួយ​រយ​សែសិប​បួន ក្បៀស​ប៉ែតសិប​ប្រាំមួយ ដុល្លារ​សហរដ្ឋអាមេរិក​) និង​គ្រឿងញៀន​ទាំងអស់ សម្រេច​រឹបអូស​បំផ្លាញ​ចោល​។ ចំពោះ​ជនជាប់ចោទ​ជា​ជនជាតិ​ចិន ទាំង​០៦​នាក់​ខាងលើ នឹង​ត្រូវ​បណ្តេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់​ពី​អនុវត្ត​ទោស​ចប់ ។

សូម​រម្លឹក​ថា អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៥​នាក់ ដែល​សុទ្ធសឹងតែ​ជា​ជនជាតិ​ចិន រួម​ទាំង​រឹបអូស​បាន​សារធាតុ​ញៀន​ចំនួន ៨៨០​កញ្ចប់ ឬ​ស្មើនឹង​៨៧១​គីឡូ​និង​២០០​ក្រាម​។ ប្រតិបត្តិការ​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២២ លើ​ទីតាំង​ចំនួន​៣​កន្លែង ។

មុន​ឈាន​ដល់​ការ​បង្ក្រាប​បាន​បទល្មើស​គ្រឿងញៀន​នេះ អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ស្រាវជ្រាវ និង​ស៊ើបអង្កេត​អស់​រយៈពេល​ជាង​៣​ខែ​មក​ហើយ លុះដល់​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២២ អាជ្ញាធរ​បាន​កំណត់​ច្បាស់​នៅ​ពេលវេលា​មុខសញ្ញា​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​។ ទើប​កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បើក​កិច្ច​ប្រតិបត្តិការ​បង្ក្រាប ដោយ​បាន​ស្នើ​សុំ​អន្តរាគមន៍​ពី​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ និង​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រំ​ដែនទឹក​
(​កោះ​ព្រាប​) ចូលរួម​សហការ​បង្ក្រាប ដោយ​មានការ​សម្របសម្រួល​ពី​លោក ហួត វិចិត្រ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ដោយ​បើក​ប្រតិបត្តិការ​បង្ក្រាប​៣​គោលដៅ​ផ្សេង​ៗ​គ្នា ។

-​ គោលដៅ​ទី​១៖ ស្ថិត​នៅ​ចំណុច ក្រុម​១១ ភូមិ​៣ សង្កាត់​១ ក្រុងព្រះសីហនុ ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​ម្នាក់ ដកហូត​អូ​ប័​រ​១​គ្រឿង ទូក​យន្ត​១​គ្រឿង និង​សារធាតុ​ញៀន​ប្រភេទ​កេ​តា​មីន​ចំនួន​៤៤​កា​រ៉ុ​ង ។
-​ គោលដៅ​ទី​២៖ នៅ​ចំណុច ក្រុម​២ ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់ និង​រឹបអូស​បាន​ម៉ូតូ​ចំនួន​២​គ្រឿង។
-​ គោលដៅ​ទី​៣៖ ស្ថិត​នៅ​ចំណុច​ភូមិ​គគី សង្កាត់​បិត​ត្រាង ស្រុក​ព្រៃ​នប់ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ និង​រឹបអូស​រថយន្ត​១​គ្រឿង ៕

អត្ថបទដែលជាប់ទាក់ទង