ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធនានាពិនិត្យមើលឡើងវិញអំពីការផ្សព្វផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹង នៅលើផ្ទាំងប៉ាណូតាមទីសាធារណៈ

90

 

ភ្នំពេញ៖ សម្តេចធិបតី បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធនានាពិនិត្យមើលឡើងវិញអំពីការផ្សព្វផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹង ជាពិសេសការផ្សព្វផ្សាយនៅលើផ្ទាំងប៉ាណូតាមទីសាធារណៈ។

សម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដី ក្រោមអធីបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ដើម្បីពិភាក្សា ឆ្លង និងអនុម័តនូវរបៀបវារៈចំនួន ៥។

ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនោះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងនូវចំណុចមួយចំនួន និងផ្តល់អនុសាសន៍ដូចខាងក្រោម៖ សម្តេចធិបតី បានកត់សម្គាល់ដោយមោទនភាពចំពោះភាពសកម្មរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលសម្រេចបានលទ្ធផលគួរជាទីពេញចិត្ត។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានបំពេញតួនាទីរបស់ខ្លួនយ៉ាងល្អដើម្បីបម្រើ ប្រជាពលរដ្ឋ ធ្វើឱ្យរាជរដ្ឋាភិបាលអាណត្តិថ្មីទទួលបានការគាំទ្រកាន់តែខ្លាំង។

សម្តេចធិបតី បានថ្លែងអំណរគុណដល់អាជ្ញាធរ ពាក់ព័ន្ធដែលបានខិតខំអន្តរាគមន៍ទាន់ពេល
ការដោះស្រាយបញ្ហាដែលពលរដ្ឋក្នុងតំបន់មួយចំនួនខ្វះទឹកធ្វើស្រែប្រាំង ដោយសារឆ្នាំនេះស្រូវឡើងថ្លៃហើយ កសិករសម្រុកធ្វើស្រែប្រាំងលើសផែនការ។ សម្តេច ក៏បានណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈដោះស្រាយបញ្ហាទឹក ពីព្រោះការប្រែប្រួលអាកាសធាតុអាចធ្វើឱ្យរដូវប្រាំងឆ្នាំនេះអូសបន្លាយពេលយូរ។ សម្តេចធិបតី ក៏បានណែនាំ ឱ្យពិនិត្យ និងស្ដារប្រព័ន្ធធារាសាស្ត្រ តាមគ្រប់លទ្ធភាពដែលមាន។

សម្តេចធិបតី បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធនានាពិនិត្យមើលឡើងវិញអំពីការផ្សព្វផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹង ជាពិសេសការផ្សព្វផ្សាយនៅលើផ្ទាំងប៉ាណូតាមទីសាធារណៈ ដោយត្រូវកម្រិតឱ្យបានសមរម្យដើម្បី រួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយសារការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។ សម្តេចធិបតី ក៏បានណែនាំឱ្យក្រសួងព័ត៌មានសហការជាមួយក្រសួងសុខាភិបាល និងក្រសួងពាណិជ្ជកម្ម ដឹកនាំ បង្កើតក្រមប្រតិបត្តិមួយជាក់លាក់ដើម្បីអនុវត្តចំពោះការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។

សម្តេចធិបតី បានណែនាំឱ្យរាជធានី-ខេត្តទូទាំងប្រទេសយកចិត្តទុកដាក់ខ្ពស់លើការងារព័ត៌មាននិង សាធារណៈមតិ ជាពិសេសមន្ទីរព័ត៌មានត្រូវពង្រឹងតួនាទីរបស់ខ្លួនដើម្បីជាសេនាធិការរបស់រដ្ឋបាលរាជធានី-ខេត្តក្នុង គោលបំណងផ្សព្វផ្សាយសមិទ្ធផលការងាររបស់ខ្លួនឱ្យប្រជាពលរដ្ឋបានជ្រាបកាន់តែទូលំទូលាយ៕

អត្ថបទដែលជាប់ទាក់ទង