ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចៅក្រមឃុំខ្លួនជនសង្ស័យម្នាក់ ពីបទសមគំនិត ក្នុងអំពើឆបោកមានស្ថានទម្ងន់ទោស ដាក់នៅ ព្រៃស

70

 

ភ្នំពេញ ៖កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ចាប់ខ្លួនបានជនសង្ស័យម្នាក់ ជាសហចារីធ្វើការទិញ-លក់ គណនីធនាគារ យកទៅឱ្យបក្សពួក ប្រព្រឹត្តបទល្មើសឆបោកពីជនរងគ្រោះជាច្រើននាក់។ ជនសង្ស័យត្រូវបាននាយកដ្ឋានកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ហើយបច្ចុប្បន្នត្រូវបានចៅក្រមឃុំខ្លួនពីបទសមគំនិតក្នុងអំពើឆបោកមានស្ថានទម្ងន់ទោស ដាក់នៅមណ្ឌលអប់រំកែប្រែ ម១ ព្រៃស។

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ដោយមានការចង្អុលបង្ហាញពី ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ប្រធាននាយកដ្ឋាន បានសហការជាមួយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ បង្ក្រាបលើបទល្មើសឆបោកប្រាក់ក្រោមរូបភាពវិនិយោគ ដែលផ្តល់ផលចំណេញច្រើនត្រលប់មកវិញ ដោយប្រើប្រាស់បណ្តាញសង្គម Telegram ធ្វើជាមធ្យោបាយ និងបង្ហូរប្រាក់តាមរយ:គណនីធនាគារនៅកម្ពុជា។

ការបង្ក្រាបនេះ បានចាប់ខ្លួនបានជនសង្ស័យឈ្មោះ ត.ម.រ ភេទប្រុស ជាសហចារីធ្វើការទិញ-លក់ គណនីធនាគារ យកទៅឱ្យបក្សពួក ប្រព្រឹត្តបទល្មើសឆបោកពីជនរងគ្រោះជាច្រើននាក់ ហើយករណីនេះគឺនៅមានជនសង្ស័យមួយ ចំនួនទៀតដែលសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនផងដែរ។

នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ជនសង្ស័យត្រូវបាននាយកដ្ឋានកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ បច្ចុប្បន្នត្រូវបានចៅក្រមឃុំខ្លួនពីបទសមគំនិតក្នុងអំពើឆបោកមានស្ថានទម្ងន់ទោស ដាក់នៅមណ្ឌលអប់រំកែប្រែ ម១ ព្រៃស។

នាយកដ្ឋានសូមក្រើនរម្លឹកដល់ជនទូទៅ កុំឱ្យចូលរួមសកម្មភាពប្រមូលទិញ-លក់ គណនីធនាគារ យកទៅឱ្យតតិយជន ដែលអំពើនេះគឺជាបទល្មើសធ្វើឱ្យសាមីខ្លួនត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់៕

អត្ថបទដែលជាប់ទាក់ទង