ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សង្ស័យគំនុំស្នេហាត្រីកោណ, គប់គ្រាប់បែកចូលផ្ទះទាំងកណ្ដាលអធ្រាត្រ

101

ខេត្តបាត់ដំបង ៖ ជនមិនស្គាល់មុខបានគប់គ្រាប់បែកចូលផ្ទះប្រជាពលរដ្ឋបណ្ដាលអោយផ្ទុះរងរបួសក្មេងប្រុសម្នាក់ កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ កុម្ភៈ នៅចំណុចទូលក្រសាំង ស្ថិតក្នុងភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ដែលគេសង្ស័យអាចផ្ដើមចេញពី គំនុំស្នេហាត្រីកោណ រវាងកូនស្រីម្ចាស់ផ្ទះជាមួយម្ចាស់គ្រាប់បែកនោះ។

ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ស៊ុក កុយ អាយុ៤១ឆ្នាំ និងប្រពន្ធឈ្មោះ ស៊ឹម នៅ អាយុ៣៧ឆ្នាំ រស់នៅចំណុចកើតហេតុ។

សមត្ថកិច្ចបានឱ្យដឹងថា គ្រាប់បែកនោះ ត្រូវជនមិនស្គាល់មុខបោះតាមបង្អូច ចូលក្នុងបន្ទប់ដេករបស់កូនស្រីគាត់ ហើយបានផ្ទុះបណ្ដាលអោយត្រូវជើងកូនប្រុសពៅរបស់គាត់ឈ្មោះ ស៊ុក ខាវី អាយុ១២ឆ្នាំ របួសស្រាល ដែលដេកក្រៅបន្ទប់ជាមួយគាត់ ខណៈកូនស្រីគាត់ពីរនាក់មិនបានស្នាក់នៅក្នុងបន្ទប់ទេ នៅយប់កើតហេតុនោះ ទើបរួចផុតពីគ្រោះថ្នាក់។

ម្ចាស់ផ្ទះអ្នកស្រី ស៊ឹម នៅ បានអោយដឹងថា ជនមិនស្គាល់មុខបានគប់គ្រាប់បែកចូលបន្ទប់ដេករបស់កូនស្រីគាត់ តែសំណាងល្អនៅយប់នោះ កូនស្រីទាំងពីរនាក់របស់គាត់ បានចេញទៅដេកនៅផ្ទះបងប្អូនផុត តែគ្រាប់បែកនោះបានផ្ទុះធ្វើឱ្យរបួសជើងកូនប្រុសពៅរបស់គាត់ ដែលដេកជាមួយគាត់នៅក្រៅបន្ទប់។

អ្នកស្រីថា គាត់និងស្វាមី រួមជាមួយកូនប្រុសពៅ ដែលកំពុងដេកលង់លក់នៅវេលារំលងអធ្រាត្រទៅហើយ ស្រាប់តែស្នូរសំឡេងផ្ទះលាន់កក្រើកពេញក្នុងផ្ទះគាត់ ធ្វើឱ្យគាត់វង្វេងវង្វាន់ ព្រោះមិនដឹងរឿងអ្វីដែលកើតឡើង។ លុះពេលបើកភ្លើងមើល ស្រាប់តែឃើញមានបំណែកគ្រាប់ ហើយក្លិនរំសេវនិងផ្សែងពេញផ្ទះ ទើបដឹងថា មានគេគប់គ្រាប់បែកចូលក្នុងបន្ទប់ដេកកូនស្រីគាត់។ អ្នកស្រី ស៊ឹម នៅ បានបញ្ជាក់ដែរថា ជនមិនស្គាល់មុខបានបោះគ្រាប់បែកចូលបន្ទប់កូនស្រី តាមបង្អូចដែលបិទមិនជិត តែសំណាងល្អដែលយប់នោះ កូនស្រីទាំងពីររបស់អ្នកស្រីមិនបានស្នាក់នៅ បើមិនដូច្នេះទេ កូនស្រីគាត់អាចគ្រោះថ្នាក់ទាំងពីរនាក់ហើយ។ អ្នកស្រី ហាក់មិនបាននិយាយពីមូលហេតុដែលនាំឱ្យមានជនមិនស្គាល់មុខចងគំនុំជាមួយគ្រួសារគាត់ រហូតហ៊ានបោះគ្រាប់បែកចូលផ្ទះប៉ុនប៉ងផ្ដាច់ជីវិតកូនស្រីគាត់ដូច្នេះទេ ។

បើតាមប្រភពខាងក្រៅ ដែលបានដឹងខ្លះៗអំពីរឿងនេះ បានបង្ហើបខ្លះៗថា គ្រាប់បែកដៃដែលត្រូវជនអនមិកបោះចូលបន្ទប់ដេកកូនស្រីម្ចាស់ផ្ទះនេះ ទំនងអាចផ្ដើមចេញពីរឿងគំនុំស្នេហាត្រីកោណ រវាងម្ចាស់គ្រាប់បែកជាមួយកូនស្រីម្ចាស់ផ្ទះ។ កូនស្រីច្បងរបស់ម្ចាស់ផ្ទះ ធ្លាប់មានស្នេហាជាមួយយុវជនម្នាក់ តែក្រោយមកបានបែកគ្នាវិញ។ ក្រោយបែកគ្នា បែបទំនងនាងមានទំនាក់ទំនងស្នេហាជាមួយអ្នកថ្មីទៀត ទើបអតីតសង្សារព្យាយាមចងគំនុំប៉ងធ្វើឃាតបែបនេះ។

ប្រភពដដែលបានរំលឹកដែរថា កាលពីលើកមុនក៏ធ្លាប់មានរឿង គេព្រមានចង់សម្លាប់នាងម្ដងដែរ តែបានស្ងប់ស្ងាត់ទៅវិញ រហូតមកពេលនេះស្រាប់តែមានគេគប់គ្រាប់បែកចូលបន្ទប់ដេករបស់នាងតែម្ដង។ ដូច្នេះហើយ ទើបគេសង្ស័យទៅលើរឿងដដែលនេះ គឺរឿងគំនុំស្នេហាត្រីកោណ។ អធិការស្រុកបាណន់ លោក សំ វីរៈ បានផ្ដល់ព័ត៌មានបឋមដែរថា បើតាមការសាកសួរជំហានដំបូងទៅលើម្ចាស់ផ្ទះ និងកូនស្រី លោកក៏ទទួលបានព័ត៌មាន ដូចការលើកឡើងខាងលើនេះដែរ។

លោកអធិការ បានប្រាប់ថា កូនស្រីច្បងម្ចាស់ផ្ទះធ្លាប់មានប្រវត្តិស្នេហាបែបនេះ ពេលនាងបំភ្លឺជូនសមត្ថកិច្ច។ ហើយនាងក៏ធ្លាប់ត្រូវអតីតសង្សារចាស់ព្រមានសម្លាប់ម្ដងដែរ ។ ប៉ុន្តែរឿងជនមិនស្គាល់មុខ គប់គ្រាប់បែកចូលបន្ទប់ដេករបស់នាងពេលនេះ យើងមិនដឹងថា មានជាប់ពាក់ព័ន្ធនឹងរឿងចាស់ដែរ ឬ យ៉ាងណាទេ ព្រោះពេលនេះមន្ត្រីជំនាញកំពុងសួរនាំម្ចាស់ផ្ទះ និង កូនស្រី ហើយកំពុងធ្វើការស្រាវជ្រាវបន្ត៕

អត្ថបទដែលជាប់ទាក់ទង